សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រមុខ UN សោកស្តាយ​ដែល​កូរ៉េខាងជើង​ផ្តាច់​ខ្សែ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​
11, Jun 2020 , 7:39 pm        
រូបភាព
លោកអង់តូនីញ៉ូ ហ្គូតែរ៉េស ប្រមុខអង្គការសហប្រជាជាតិ។រូបភាព-AFP
លោកអង់តូនីញ៉ូ ហ្គូតែរ៉េស ប្រមុខអង្គការសហប្រជាជាតិ។រូបភាព-AFP
ដោយ:
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បានបង្ហាញ​ការសោកស្តាយ​ចំពោះ​ការសម្រេចចិត្ត​របស់​កូរ៉េខាងជើង​ក្នុងការ​កាត់ផ្តាច់​ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់​ជាមួយ​កូរ៉េខាងត្បូង​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ UN នៅ​ថ្ងៃទី​១០ ខែមិថុនា​។ លោក ហ្គូ​តេ​រ៉េ​ស ព្រមាន​ថា បណ្តាញ​ទំនាក់ទំនង​ទាំងនោះ​មាន​ភាពចាំបាច់​ក្នុងការ​បំបាត់​ការយល់ច្រឡំ ឬ​ការពិចារណា​ខុស​ណាមួយ​។

 
«​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ សង្ឃឹមថា គ្រប់ភាគី​នឹង​ប្រើប្រាស់​ខែមិថុនា​ដ៏​មាន​និម្មិត​រូបនេះ ដើម្បី​បង្កើន​កិច្ច​ខំប្រឹងប្រែង​ទ្វេដង ដើម្បី​បន្ត​កិច្ចសន្ទនា ដើម្បី​ទទួលបាន​សន្តិសុខ​ដោយ​ចេរភាព និង​ការបំបាត់​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​»​។ លោក Stephane Dujarric អ្នកនាំពាក្យ UN លើកឡើង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១០ ខែមិថុនា​។ 
 
​មិថុនា ជា​ខែ​ដែល​ប្រកបដោយ​និម្មិត​រូប​ព្រោះ​ខែ​នេះ​ជា​គម្រប់​ខួប​២​ឆ្នាំ នៃ​ការជួបគ្នា​ដំបូង​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់​ត្រាំ និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ជា​ខួប​ទី​២០​ឆ្នាំ​នៃ​ការចាប់ផ្តើម​ការជួបគ្នា​ចរចា​រវាង​ថ្នាក់ដឹកនាំ​បងប្អូន​គូសត្រូវ​កូរ៉េ​ទាំងពីរ​ផងដែរ​។​
 
​សូមបញ្ជាក់ថា កូរ៉េខាងជើង បាន​កាត់ផ្តាច់​បណ្តាញ​ទំនាក់ទំនង​ទាំងអស់​ជាមួយ​កូរ៉េខាងត្បូង​នៅ​រសៀល​ថ្ងៃទី​៩ ខែមិថុនា ដោយ​ចោទ​កូរ៉េខាងត្បូង​ថា មិនបាន​បញ្ឈប់​ការ​បង្ហោះ​ខិត្តប័ណ្ណ​ប្រឆាំង​ទីក្រុង​ព្យុងយ៉ាង​ពី​អ្នករត់​ចេញពី​កូរ៉េខាងជើង​។ ខ្សែ​ទំនាក់ទំនង​ដែល​កូរ៉េខាងជើង​នឹង​កាត់ផ្តាច់​នេះ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៨ ក្រោយ​ជំនួប​ចំនួន​៣​ដង រវាង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​លោក គីម ជុង​អ៊ុន​ដែល​បង្កើត​ឲ្យ​មាន​បរិយាកាស​សន្តិភាព​រវាង​កូរ៉េ​ទាំងពីរ​។​
 
​ភ្លាមៗ​ក្រោយ​ការ​កូរ៉េខាងជើង​ផ្តាច់ការ​ទំនាក់ទំនង កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១០ ខែមិថុនា​បាន​និយាយថា​ខ្លួន​នឹង​បានចេញ​សកម្មភាព​ផ្លូវច្បាប់​ប្រឆាំង​អង្គការ​ចំនួន​ពីរ ដែល​បង្កើតឡើង​ដោយ​អ្នករត់​គេច​ពី​កូរ៉េខាងត្បូង និង​ជា​អ្នករៀបចំ​បង្ហោះ​ខិត្តប័ណ្ណ​នោះ​។ 
 
​មកដល់ពេលនេះ មាន​ជនជាតិ​កូរ៉េខាងជើង​៣៣,០០០​នាក់​ដែល​រត់​គេ​ចេញពី​កូរ៉េខាងជើង មក​រស់នៅ​កូរ៉េខាងត្បូង​៕
 
 

Tag:
 ​កូរ៉េខាងជើង​
 ​អង្គការសហប្រជាជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com