សង្គមអន្តរជាតិ​
អន្តរជាតិ
ប្អូនប្រុស Floyd៖ តើ​ជីវិត​របស់​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​មានតម្លៃ​ត្រឹមតែ​លុយ ២០​ដុល្លារ​ទេ​ឬ​?
11, Jun 2020 , 2:43 pm        
រូបភាព
លោក Philonise Floyd ដែលត្រូវជាប្អូនប្រុសរបស់ George Floyd។ រូបភាព៖ AFP
លោក Philonise Floyd ដែលត្រូវជាប្អូនប្រុសរបស់ George Floyd។ រូបភាព៖ AFP
​លោក Philonise Floyd ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​រប​ស់ George Floyd បានបង្ហាញ​វត្តមាន​ចំពោះមុខ​គណៈកម្មាធិការ​នីតិកម្ម​សភា​អាមេរិក និង​បាន​សំណូមពរ​ឲ្យ​គណៈកម្មាធិការ​នៃ​សភាតំណាងរាស្ត្រ ជួយ​ជំរុញ​ឲ្យ​មានការ​កាត់បន្ថយ​ភាព​ហិង្សា​របស់​ប៉ូលិស​ក្នុងការ​អនុវត្ត​ច្បាប់ សំដៅ​ដោះស្រាយ​បញ្ហា​រើសអើង​ក្នុងចំណោម​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​។ បុរស​រូបនេះ​លើក​ជា​សំណួរ​ថា តើ​ជីវិត​ប្អូនប្រុស​របស់ខ្លួន មានតម្លៃ​ត្រឹមតែ​២០​ដុល្លារ​ទេ​?

 
​ថ្លែង​នៅ​ចំពោះមុខ​គណៈកម្មាធិការ​នីតិកម្ម​នៃ​សភាតំណាងរាស្ត្រ​អាមេរិក លោក Philonise Floyd ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត George Floyd បាន​សំណូមពរ​យ៉ាង​ដូច្នេះ​ថា​៖ « ខ្ញុំ​នៅទីនេះ​ដើម្បី​ស្នើ​ឲ្យ​អ្នក​ជួយ​បញ្ឈប់​វា (​ការរើសអើង​ពូជសាសន៍​)​។ បញ្ឈប់​ការឈឺចាប់​។ បញ្ឈប់​ពួកយើង​ពី​ភាព​ធុញទ្រាន់​នៃ​ការប្រកាន់​ពូជសាសន៍​»​។ 
 
​និយាយ​បណ្ដើរ​ទប់ទឹក​ភ្នែក​បណ្ដើ​រ លោក Philonise បាន​បន្តថា លោក​មិនអាច​បង្ហាញ​ពី​អារម្មណ៍​ខ្លួនឯង​បានឡើយ​ថា ឈឺចាប់​ប៉ុនណា នៅពេល​មើល​វី​ឌី​អូ​ដែល​ប្អូន​របស់ខ្លួន​ត្រូវ​ប៉ូលិស​សង្កត់ក​។ ចំពោះមុខ​សមាជិក​គណៈកម្មាធិការ​ទាំងអស់ ប្អូនប្រុស​របស់ Floyd លើកឡើងថា តើ​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​មានតម្លៃ​ត្រឹមតែ​លុយ ២០​ដុល្លារ​? ក្នុងន័យនេះ Philonise ជឿថា ជីវិត​បងប្រុស​របស់លោក មិន​សម​នឹង​ស្លាប់​ព្រោះ​លុយ​ក្លែងក្លាយ​២០​ដុល្លារ​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ក្រៅពី​រៀបរាប់​ពី​ការស្លាប់​របស់​បងប្រុស លោក Philonise បាន​ទទូច​ឲ្យ​គណៈកម្មាធិការ​នីតិកម្ម​ស្តាប់​នូវ​សំណូមពរ​របស់លោក សមាជិកគ្រួសារ​របស់ Floyd និង​បាតុកម្ម​របស់​ប្រជាជន​ទាំងអស់​នៅលើ​ពិភពលោក ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​បញ្ឈប់​ការរើសអើង​ពូជសាសន៍​។ 
 
​វត្តមាន​របស់​ប្អូនប្រុស​Floyd នៅ​គណៈកម្មាធិការ​នីតិ​កម្មនេះ មាន​រយៈពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​សមាជិកសភា​បក្ស​ប្រជា​ធិ​តេ​យ្យ​អាមេរិក បាន​បញ្ចេញ​គម្រោង​ធ្វើកំណែទម្រង់​នៅក្នុង​ប្រព័ន្ធ​ច្បាប់​អាមេរិក ដើម្បី​កាត់បន្ថយ​ការរើសអើង​ពូជសាសន៍​។ កំណែទម្រង់​នេះ បានលើកឡើង​ពី​ការលុបបំបាត់ចោល​សក​ម្ម​ភាព​បង្ក្រាប​ដ៏​សាហាវ​ពី​សំណាក់​ប៉ូលិស ការហ្វឹកហាត់​ដើម្បី​លុបបំបាត់​ការរើសអើង​ពូជសាសន៍ និង​បញ្ហា​មួយចំនួនទៀត​។ 
 
​ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​នៃ​សភាតំណាងរាស្ត្រ​អាមេរិក បាន​ទទួលស្គាល់ថា ប្រព័ន្ធ​អនុវត្ត​ច្បាប់​នៅ​អាមេរិក គួរតែ​ត្រូវបាន​គេ​ពិនិត្យ​ពី​បញ្ហា​ជា​ប្រព័ន្ធ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដ៏​សំខាន់​មួយ​។ 
 
​សូមបញ្ជាក់ថា George Floyd បានទទួល​មរណភាព បន្ទាប់ពី​ប៉ូលិស​ស្បែក​ស​សង្កត់ក​។ បញ្ហា​នេះ បាន​បង្ក​ឲ្យ​មាន​បាតុកម្ម និង​កុបកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​អាមេរិក និង​នៅ​បណ្តា​ប្រទេស​អឺរ៉ុប ដើម្បី​ទាមទារ​ឲ្យ​មានការ​លុបបំបាត់ចោល​ការរើសអើង​ពូជសាសន៍​។ ប៉ូលិស ដែល​សង្កត់ក Floyd ត្រូវ​ចោទប្រកាន់​ពី​ឃាតកម្ម​កម្រិត​ពីរ និង​ប៉ូលិស​៣​នាក់​ទៀត ត្រូវ​ចោទប្រកាន់​ពីបទ​ផ្តល់ជំនួយ និង​លើកទឹកចិត្ត​ឲ្យ​ប្រព្រឹត្ត​បទ​ឃាតកម្ម​កម្រិត​ពីរ​៕ 

Tag:
 ​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com