ជាតិ
សង្គមជាតិ
វៀតណាមបានបោះតង់តាមព្រំដែន២៥៦កន្លែង ប៉ុន្តែត្រូវបានកម្ពុជាតវ៉ាឱ្យរុះរើចេញវិញហើយ កម្លាំងនគរបាលខេត្តកណ្តាល ចុះពិនិត្យតាមបណ្តោយព្រំដែន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ហើយឃើញតង់យោធាវៀតណាម(រូបពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល)
× ភ្នំពេញ៖ វៀតណាមបានបោះតង់ឯកតោភាគី ចំនួន២៥៦កន្លែង នៅតាមបណ្ដោយព្រំដែនជាប់កម្ពុជា នាពេលកន្លងមក។ ប៉ុន្តែបញ្ហានេះ ត្រូវបានអាជ្ញាធរកម្ពុជា តវ៉ាទាមទារឱ្យវៀតណាមរុះរើចេញវិញហើយ។
លោក ហ៊ូ សាគុណ អគ្គស្នងការរងនគបាលជាតិ បានបញ្ជាក់ថា ចាប់តាំងពីករណីមេរោគកូវីដ-១៩ មកភាគីវៀតណាមបានបោះតង់ដោយឯកតោនៅតាមខេត្តមួយចំនួន ដែលជាប់ព្រំប្រទល់កម្ពុជា ហើយទីតាំងដែលវៀតណាមបោះតង់នោះ សុទ្ធតែជាតំបន់ដែលមិនទាន់បានឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែននៅឡើយ។ ប៉ុន្តែដោយសារមានការតវ៉ាពីសំណាក់រដ្ឋបាលកម្ពុជានោះ ទើបភាគីវៀតណាម បានសម្រេចរើចេញ និងថកថយ ការបោះតង់ជាច្រើនកន្លែងវិញ។
ថ្លែងនៅក្នុងការអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១០ មិថុនា លោក ហ៊ូ សាគុណ បានបញ្ជាក់ថា៖«យើងឃើញថានៅព្រំដែនជាមួយនឹងប្រទេសវៀតណាម យើងមើលឃើញថា មានចំនួនបោះតង់ប្រាំបីត្រូវបានរើចេញ ហើយបានដកថយទៅក្រោយវិញ។
ប៉ុន្តែពីមុនពួកគេបានមកបោះគៀកនឹងព្រំដែន ហើយការគេបោះនោះយើងមិនអាចនិយាយថាជាតំបន់សនោះទេ ពីព្រោះថា វាមិនទាន់បានឯកភាពគ្នាក្នុងការវាស់វែង។ ដូច្នេះហើយក្នុងរយៈពេលកន្លងទៅនេះឃើញមានសាធារណមតិមួយចំនួនគាត់បានលើកឡើងថា ជាតំបន់ស តែតាមពិតទៅវាមិនមែនជាតំបន់សទេ វាគឺជាតំបន់ដែលមិនទាន់មានការឯកភាពគ្នាក្នុងការវាសវែងខណ្ឌសីមា និងការបោះបង្គោលព្រំដែន»។
បើតាមអគ្គស្នងការរងនគរបាលជាតិរូបនេះ ទោះមានការរើចេញខ្លះក្តី ប៉ុន្តែវៀតណាមនៅតែបន្តបោះតង់នៅកន្លែងផ្សេងទៀតដែរ។«តែទោះជាយ៉ាងនេះក្តីនៅរយៈពេលថ្មីៗនេះពួកគេក៏បានសង់ឡើងចំនួនពីរកន្លែងផងដែរ ដូច្នេះយើងត្រូវជូនដំណឹងទៅតាមរដ្ឋបាលដែនដីខេត្តនីមួយៗ ដើម្បីធ្វើយ៉ាងណាប្រាប់ដល់ពួកគេ(វៀតណាម)កុំឲ្យមានផលប៉ះពាលនៃទំនាក់ទំនង និងផលប្រយោជន៍រវាងគ្នា និងគ្នា ដោយសារតែបញ្ហាព្រំដែននោះ»។ នេះជាការបញ្ជាក់របស់លោក ហូ សាគុណ។
កន្លងមកយោធាវៀតណាមបានបោះតង់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាលចំនួន៣១កន្លែង និងជាប់ខេត្តតាកែវ ៨៣កន្លែងជាដើម។ ដោយសារបញ្ហានេះ ទើបក្រសួងការបរទេសកម្ពុជា ក៏បានផ្ញើកំណត់ទូតទៅកាន់ភាគីវៀតណាមឱ្យរុះរើតង់ចេញពីតំបន់ដែលមិនទានឯកភាពគ្នានេះ។ មិនតែប៉ុណ្ណោះក្រសួងការបរទេស ក៏បានកោះហៅទូតវៀតណាមប្រចាំកម្ពុជា មកពិភាក្សាគ្នាពីបញ្ហាបោះតង់នៅតាមព្រំដែននេះ ។កម្ពុជា បានប្រាប់ឲ្យវៀតណាមរុះរើតង់ ដែលខ្លួនបានបោះនៅលើតំបន់ព្រំដែនមិនទាន់ឯកភាពគ្នាចេញទាំងអស់ទៀតផង។
កាលពីថ្ងៃទី៥ តុលា ឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជា និងវៀតណាម បានខុះហត្ថលេខាលើច្បាប់ស្តីពីសន្ធិសញ្ញាបំពេញបន្ថែម១៩៨៥ និង២០០៥ ដោយមានភ្ជាប់ទាំងខ្លឹមសារច្បាប់ក្នុងអត្ថបទទាំងស្រុង។ សន្ធិសញ្ញាបំពេញបន្ថែម ដែលរដ្ឋាភិបាលកម្ពុជា-វៀតណាម ចុះហត្ថលេខានៅឆ្នាំ២០១៩នេះ គឺទទួលស្គាល់បង្គោលព្រំដែនដែលភាគីទាំងពីរ បានបោះរួចរាល់ចំនួន ៨៤ភាគរយ។ ចំណែកសល់១៦ភាគរយទៀត ភាគីទាំងពីរបន្តពិភាក្សា និងដោះស្រាយបន្តទៀត។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាទាំងពីរនេះ កាលខែធ្នូ ឆ្នាំ២០១៩ទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com