COVID-19
ជាតិ
កម្ពុជា​-​ឥណ្ឌា សហការគ្នា បញ្ជូន​ពលរដ្ឋ​វិលត្រឡប់​រៀងខ្លួន​
11, Jun 2020 , 8:19 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិន្រ្ទា ម៉ូឌី (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេចហ៊ុន សែន)
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិន្រ្ទា ម៉ូឌី (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេចហ៊ុន សែន)
​យន្តហោះ​មួយគ្រឿង នឹង​ដឹក​ពលរដ្ឋ​និង​សិស្ស​ខ្មែរ​៦០​នាក់ ពី​ឥណ្ឌា មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​១២ ខែមិថុនាស្អែក ហើយ​ពលរដ្ឋ​ឥណ្ឌា​២៨០​នាក់ នឹង​បាន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ តាម​ជើងហោះហើរ​ពីរលើក គឺ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនានេះ និង​នៅ​ថ្ងៃទី​១៩ ខែមិថុនា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ស្តីពី​លទ្ធផល​នៃ​កិច្ចសន្ទនា​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក ណារិន​ដ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា តាម​ទូរស័ព្ទ កាលពី​ថ្ងៃទី​១០ ខែមិថុនា​។



​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែមិថុនា​នេះ បាន​ឲ្យ​ដឹងថា កិច្ចសន្ទនា​រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ពីរ គឺ​ផ្តោតលើ​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំ​ងឹ​កូ​វីដ​-១៩ រួមទាំង​ទំនាក់ទំនង​ទ្វេភាគី​និង​ក្នុង​តំបន់​។ មេដឹកនាំ​ទាំងពីរ បាន​អរគុណ​គ្នា​ទៅវិញទៅមក ចំពោះ​ការយកចិត្តទុកដាក់​និង​ការសម្របសម្រួល​ដល់​ព​ល​រដ្ឋ​នៃ​ប្រទេស​ទាំងពីរ ដែល​ជាប់​នៅ​ប្រទេស​ផ្សេង ឲ្យ​បាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។ 
 
​ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ឯកភាព​ថា ដើម្បី​ស្តារ​ស្ថានភាព​សេដ្ឋកិច្ចសង្គម នៅក្រោយ​ចប់​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ គឺ​ទាមទារ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​និង​ការសម្របសម្រួល​ជា​អន្តរជាតិ កាន់តែខ្លាំង​ជាង​មុន​។ 
 
​មកដល់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ១២៦​នាក់ ជាសះស្បើយ​១២៥​នាក់ ដោយ​មិនមាន​អ្នកស្លាប់ ចំណែក​ឥណ្ឌា មាន​អ្នក​ឆ្លង​ជាង​២៨​ម៉ឺ​នាក់ ជាសះស្បើយ​ជាង​១៤​ម៉ឺន​នាក់ ស្លាប់​ជាង​៨​ពាន់​នាក់​។ 
 
​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ចំពោះ​អ្នក​បាត់បង់​ជីវិត ដោយសារ​ជំងឺ​កូ​វីដ​-១៩៕ 

Tag:
 កម្ពុជា​-​ឥណ្ឌា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com