ជាតិ
សង្គមជាតិ
ព័ត៌មាន​បឋម​៖ មហាផ្ទៃ​ថា គ្មាន​ឈ្មោះ Wanchalearm រស់នៅខុនដូ មុនពេល​បាត់​ខ្លួន​ទេ​
11, Jun 2020 , 4:03 pm        
រូបភាព
លោក Wanchalearm Satsaksit សកម្មជននយោបាយថៃម្នាក់ ដែលប្រឆាំងរបបដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ
លោក Wanchalearm Satsaksit សកម្មជននយោបាយថៃម្នាក់ ដែលប្រឆាំងរបបដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បានផ្ដល់​ព័ត៌មាន​បឋម​ថា គ្មាន​ឈ្មោះ Wanchalearm Satsaksit រស់នៅ​កម្ពុជា​ទេ​។ សមត្ថកិច្ច បាន​ស្រាវជ្រាវ​ស្វែងរក​លោក Wanchalearm Satsaksit សកម្មជន​នយោបាយ​ថៃ​ម្នាក់ ដែល​ប្រឆាំង​របប​ដឹកនាំ​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ ក្រោយ​មាន​ដំណឹង​ថា មាន​ករណី​ចាប់ជំរិត​សកម្មជន​រូបនេះ​នៅ​កម្ពុជា​។​


​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​ករណី​បាត់​ខ្លួន​សកម្មជន​ថៃ លោក Wanchalearm Satsaksit ហើយ ប៉ុន្តែ​គ្មាន​ព័ត៌មាន​អ្វី​ពី​បុគ្គល​រូបនេះ​ឡើយ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​បញ្ជាក់ថា​៖«​យើង​បាន​ចុះ​ទៅខាង​សណ្ឋាគារ​ហ្នឹង ដែលថា​គាត់ (​លោក Wanchalearm)​ស្នាក់នៅ​ហ្នឹង គឺ​ដូចជា​គ្មាន​ឈ្មោះ​(Wanchalearm)​ហ្នឹង ស្នាក់​នៅទេ​។ ក្រុម​ជំនាញ​បានធ្វើការ​ស៊ើបអង្កេត​នៅ​កន្លែង​ហ្នឹងហើយ គ្មាន​ឈ្មោះ​ហ្នឹង រស់នៅ​កន្លែង​ហ្នឹង​ទេ តាំងពី​ប៉ុន្មាន​ឆ្នាំ​ហើយ គេ​មិនឃើញ​ទេ​។ ហើយ​មាន​(​លោក Wanchalearm) ស្នាក់នៅ គឺ​ខាង​ម្ចាស់​ខុនដូត្រូវ​រាយការណ៍​មក​(​សមត្ថកិច្ច​)​ហើយ ហើយ​ខាង​អ្នកគ្រប់គ្រង​ទិដ្ឋាការ​ខុសច្បាប់​នោះ ក៏​គ្មាន​ព័ត៌មាន​ពី​គាត់​ដែរ​»​។​
 
​ដ្បិត​លោក ខៀវ សុភ័គ អះអាង​បែបនេះ​មែន ប៉ុន្តែ​គេ​បានឃើញ​ក្រុម​ប្រដាប់អាវុធ​មួយក្រុម បាន​ចាប់​លោក Wanchalearm បញ្ចូល​ក្នុង​ឡាន​ខ្មៅ​មួយគ្រឿង កាលពី​ល្ងាច​ថ្ងៃទី​៤ មិថុនា នៅពេលដែល​សកម្មជន​នយោបាយ​ថៃ​រូបនេះ បាន​ដើរ​នៅតាម​ផ្លូវ ដើម្បី​ទិញ​ម្ហូប​នៅ​ពីមុខ​កន្លែង​ស្នាក់នៅ​ខ្លួន​។ សកម្មភាព​ចាប់ជំរិត​នេះ គឺ​បានឃើញ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​មួយ​។ នេះ​បើតាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​ទទួលបាន​ព័ត៌មាន​នេះ​។​
 
​ប៉ុន្តែ​លោក ខៀវ សុភ័គ ច្រានចោល​រូបភាព​តាម​កាមេរ៉ា​សុវត្ថិភាព​នេះ​។ «​វីដេអូ អ្នកណា​ក៏​អាចធ្វើ​បានដែរ នៅ​សម័យនេះ​។ វីដេអូ​(​កាមេរ៉ា​សុវត្ថិភាព​)​មាន​គ្រប់​តែ​ផ្ទះ ផ្ទះ​ពូ​ក៏មាន ផ្ទះ​ក្មួយ​ក៏មាន អ៊ីចឹង​គេ​អាចធ្វើ​បាន​(​កាត់ត​)​បាន​ហ្នឹង ហើយ​វា​មិនដឹង​យក​អ្វី​ជាការ​បាន​។ ហើយ​យើង​រីករាយ​ទទួលយក​ព័ត៌មាន​ទាំង​អស់ពី​ការចាប់​ជំរិត​ជន​ហ្នឹង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ខៀវ សុភ័គ​។​
 
​សាក្សី​៣​នាក់​ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​ប្រាប់ថា ពួកគេ​បានឃើញ​លោក Wanchalearm ដើរ​ចេញពី​អគារ​ខុន​ដូ​មក​ទិញ​ស្រា​បៀរ បារី និង​ទឹកដោះគោ​ដាក់​ស្បោង​ផ្លា​ស្ទិ​ក​មុននឹង​ចូលទៅ​អង្គុយ​នៅលើ​គ្រែ​តូច​មួយ​ក្បែរ​ចិញ្ចើមផ្លូវ​។ គ្រានោះ​លោក Wanchalearm ក៏​បន្ត​ទិញ​ប្រហិត​ដែល​គេ​លក់​តាម​រទេះ​ទៀត ស្រាប់​តែមាន​រថយន្ត​ពណ៌​ខ្មៅ​មួយគ្រឿង​មកដល់ ហើយ​មាន​បុរស​៣​នាក់​ស្លៀកពាក់​ស៊ីវិល ពាក់​ម៉ាស​បិទមុខ​ចេញពី​រថយន្ត បាន​វាយ​ត្រង់​កញ្ចឹងក ហើយ​ក្រៀក​ក្បាល​ពី​ខាងក្រោយ ដោយ​ព្យាយាម​អូស​សកម្មជន​នយោបាយ​ថៃ​រូបនោះ​ចូល​រថយន្ត ដែល​មិនមាន​អ្នកណា​ចាប់ភ្លឹក​មើល​ចាំ​ផ្លាកលេខ​នោះទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​VOA​។​
 
​ប្រភព​ដែល​នៅក្បែរ​កន្លែង​ជនជាតិ​ថៃ​នោះ បាន​ប្រាប់ VOA ទៀតថា កាមេរ៉ា​សុវត្ថិភាព​នៅ​សាខា​ធនាគារ​កាណាឌីយ៉ា​និង​ស្ថានីយ​ចាក់​ប្រេង PTT តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អាច​បញ្ជាក់​ពី​ទិស​រថយន្ត​នោះ ធ្វើដំណើរ​ពី​កន្លែងកើតហេតុ​។ ប្រភព​ឲ្យ​ដឹងថា រថយន្ត​របស់​ជន​មិន​ស្គាល់មុខ​បាន​ដឹក​ជនជាតិ​ថៃ​នោះ​ចេញមក​ផ្លូវជាតិ​លេខ​៦ ប៉ុន្តែ​ពួកគេ​មិនអាច​បញ្ជាក់ថា តើ​រថយន្ត​នោះ​ឆ្ពោះទៅ​ភ្នំពេញ​វិញ ឬក៏​ឆ្ពោះទៅ​ខេត្តកំពង់ចាម កំពង់ធំ ឬ​សៀមរាប​នោះទេ​។​
 
​តែ​យ៉ាងណា​លោក ខៀវ សុភ័គ ស្នើឱ្យ​អ្នក​ដែល​ឃើញ​ព្រឹត្តិការណ៍​នោះ សហការ​ជាមួយ​សមត្ថកិច្ច តាមរយៈ​ការផ្ដល់​ព័ត៌មាន​ពី​រឿងរ៉ាវ​កើតហេតុ​ទាំងនោះ ដើម្បី​ងាយស្រួល​ក្នុង​ការកំណត់​មុខសញ្ញា​។ «​យើង​បាន​សាកល្បង​ស្រាវជ្រាវ​លើ​បញ្ហា (​ករណី​បាត់​ខ្លួន​លោក Wanchalearm )​ហ្នឹង ហើយ​យើង​ក៏បាន​អំពាវនាវ​អ្នក​ដែលមាន​ព័ត៌មាន​ហ្នឹង ដែលថា​មានការ​ចាប់ជំរិត​បែប​ហ្នឹង​មែន សូមឱ្យ​កុំ​រួញរា យកមក​បង្ហាញ​សមត្ថកិច្ច ដើម្បី​ជួយ​ស៊ើបអង្កេត​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​។​
 
​ពាក់ព័ន្ធ​ករណីនេះ លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដាក់​ជា​ចម្ងល់​វិញ​ថា តើ​អាជ្ញាធរ​នឹង​បើក​ការស្រាវជ្រាវ​លើ​ករណីនេះ​ក្នុង​កម្រិតណា ដើម្បី​ឈានទៅដល់​ការកំណត់​មុខសញ្ញា​នោះ​។ បើតាម​លោក ស៊ឹង សែន​ករុណា សមត្ថភាព​ស៊ើបអង្កេត​របស់​អាជ្ញាធរ​កម្ពុជា​គឺ​ខ្លាំងណាស់ បើសិនជា​បើក​ការស្រាវជ្រាវ​លើ​ករណី​ចាប់ជំរិត​សកម្មជន​ថៃ​លោក Wanchalearm ដោយ​ភាព​គត់មត់​។​
 
​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​រូប​នេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុង​រឿងនេះ បើសិនជា​សមត្ថកិច្ច​ក​ម្ពុ​ជា​យើង​អះអាងថា រក​អត់​ឃើញ តើ​សមត្ថកិច្ច​កម្ពុជា​យើង​បានធ្វើ​យ៉ាងម៉េច​ខ្លះ​? បាន​ទៅ​ស្រាវជ្រាវ​ដោយ​វិធី​ណាខ្លះ​? ដើម្បី​បង្ហាញ​ដល់​សាធារណជន​ថា ខ្លួន​បានធ្វើ​ការងារ​ហ្នឹង ដោយ​យកចិត្តទុកដាក់ ហើយ​បាន​ស្វះ​ស្វែងរក​អ្នក​បាត់​ខ្លួន​ហ្នឹង​ទៅតាម​តួនាទី និង​នីតិវិធី​របស់ខ្លួន ហើយ​មិនគួរណា​ឆាប់​ឆ្លើយ​ភ្លាម​នៅពេល​ហ្នឹង​ទេ ព្រោះ​ករណី​បាត់​ខ្លួន​ជាធម្មតា ក្នុងប្រទេស​ណា​ក៏​ពិបាក​ស្រាវជ្រាវ​ដែរ ដោយ​ត្រូវ​ប្រើពេល​វេលា និង​រៀបចំ​តាម​នីតិវិធី​ច្បាប់​…​។​
 
​លោក ស៊ឹង សែន​កុរ​ណា ជឿជាក់ថា អាជ្ញាធរ​នឹង​អាច​ស្វែងរក និង​ដោះស្រាយ​ករណី​បាត់​ខ្លួន​សកម្មជន​ថៃ​នេះ​បាន បើសិនជា​សមត្ថកិច្ច​ក​ម្ពុ​ជា​និង​ថៃ ប្រតិបត្តិការ​រួមគ្នា​នោះ​។​
 
​កាលពីដើម​សប្ដាហ៍ ស្ដា​ន​ទូត​ថៃ​ប្រចាំ​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​មួយ​មក​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត​លោក Wanchalearm Satsaksit សកម្មជន​នយោបាយ​ថៃ​ម្នាក់ ដែល​ប្រឆាំង​របប​ដឹកនាំ​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃទី​៤ មិថុនា​កន្លងមកនេះ​។ កំណត់​ទូត​ថៃ គឺ​សុំឱ្យ​ភាគី​កម្ពុជា ពិនិត្យ និង​ផ្ទៀងផ្ទាត់​មើល​ករណី​ចាប់ជំរិត​សកម្មជន​ថៃ​នេះ ដើម្បី​ចង់ដឹងថា វា​ពិត​ជាមាន​ករណីបែបនេះ ដូចជា​ការចុះផ្សាយ​ដែរ​ទេ​?
 
​មុន​មាន​ករណី​ចាប់ខ្លួន​នេះ លោក Wanchalearm មិនដែលមកបំពេញ​ឯកសារ​ច្បាប់ សុំសិទ្ធិស្នាក់នៅ​កម្ពុជា ឱ្យបានត្រឹមត្រូវតាមច្បាប់ឡើយ ចាប់តាំងពី​ឆ្នាំ​២០១៧​មក​។ នេះ​បើតាម​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​។​
 
​លោក Wanchalearm គឺជា​សកម្មជន​នយោបាយ​ថៃ​ម្នាក់ ដែល​តែងតែ​ចេញមុខ​រិះគន់​របប​ដឹកនាំ​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ​។ លោក Wanchalearm ត្រូវបាន​គេ​ស្គាល់​ថា ជា​សកម្មជន​នយោបាយ​ក្រុម​អាវ​ក្រហម ដែល​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ាត​ត្រា​។ លោក Wanchalearm បាន​រត់គេចខ្លួន​មក​សម្ងំ​រស់នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៤ ក្រោយពី​យោធា​ថៃ តាម​ចាប់ខ្លួន​។ ដោយឡែក​អាជ្ញាធរ​ថៃ ក៏​ធ្លាប់បាន​ប្រកាស​កាលពី​ឆ្នាំ​២០១៨​ថា ពួកគេ​នឹង​តាម​ចាប់ខ្លួន​លោក Wanchalearm ត្រឡប់​យកទៅ​ប្រទេស​ថៃ​វិញ​ផងដែរ​៕

Tag:
 សិទ្ធិមនុស្ស​
 ​សកម្មជន​ថៃ​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com