កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួបគីឡូធ្ងន់រវាង Joshua-Fury នឹងក្លាយជាប្រកួតធំបំផុតក្នុងប្រវត្តិសាស្ត្រប្រដាល់អង់គ្លេស
× ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក Anthony Joshua និង Tyson Fury បានយល់ព្រមឡើងសង្វៀនប្រកួតគ្នាហើយនៅឆ្នាំក្រោយ។ ការប៉ះគ្នារវាងអ្នកប្រដាល់អង់គ្លេសទាំងពីរ នឹងក្លាយជាជំនួបធំបំផុតក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់សកលរបស់អង់គ្លេស។
Joshua វ័យ ៣០ ឆ្នាំកំពុងគ្រប់គ្រងខ្សែក្រវាត់ពិភពលោកចំនួន៣ ដែលរួមមាន WBA, IBF និង WBO ខណៈ Fury ដែលមានអាយុបងមួយឆ្នាំជាម្ចាស់ជើងឯកខ្សែក្រវាត WBC។ ការប៉ះគ្នារវាងអ្នកទាំងពីរនឹងធ្វើឲ្យកក្រើកសង្វៀនមិនខាន។
លោក Eddie Hearn ដែលជាភា្នក់ងាររបស់ Joshua បានប្រាប់ទូរទស្សន៍ Sky Sports ថា៖«ការជួបគ្នារវាង Joshua- Fury ជារឿងសមហេតុផល ហើយអ្នកទាំងពីរបានព្រមព្រៀងគ្នារួចហើយ រួមទាំងលក្ខខណ្ឌថ្លៃខ្លួនផង។ យើងស្ថិតនៅទីតាំងល្អ។ ហើយយើងអាចនិយាយនេះជាការប៉ះគ្នាដ៏អស្ចារ្យរវាងកំពូលអ្នកប្រដាល់អង់គ្លេសទាំងពីរ»។
Fury បានបង្ហាញក្តីរីករាយចំពោះព័ត៌មាននេះនៅក្នុងការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់គេ។ អ្នកប្រដាល់ដែលមានប្រវត្តិប្រកួត៣១ដង ឈ្នះ៣០ ស្មើ១ មិនស្គាល់ចាញ់អះអាងថានឹងប្រយុទ្ធជាមួយ Joshua នៅឆ្នាំ២០២១។ យ៉ាងណាក៏ដោយ Fury ថាមុននឹងប៉ះកីឡាកររួមជាតិ រូបគេនឹងត្រូវឡើងសង្វៀនក្នុងជំនួបលើកទី៣ជាមួយកីឡាករអាមេរិក Deontay Wilder សិន។
ដោយឡែក Joshua មានប្រវត្តិប្រកួត២៤លើក ឈ្នះ២៣ ចាញ់១ វិញដែលបានឈ្នះជើងឯកពិភពលោករបស់ខ្លួនកាលពីខែធ្នូ ក៏នឹងត្រូវតទល់ជាមួយអ្នកប្រដាល់ប៊ុលហ្គារី Kubrat Pulev ផងដែរ មុនទៅជួប Fury នៅឆ្នាំក្រោយ៕
Tag:
Boxing
Anthony Joshua
Tyson Fury
© រក្សាសិទ្ធិដោយ thmeythmey.com