COVID-19
អន្តរជាតិ
EU កំពុងកៀគរថវិកាជិត៥០០លានដុល្លារ ដើម្បីយកមកជួយកម្ពុជា ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
× ក្រុមអឺរ៉ុប (Team Europe) កំពុងកៀគរថវិកាចំនួន ៤៤៣ លានអឺរ៉ូ (ប្រមាណ៤៨៣លានដុល្លារ) ដើម្បីយកមកជួយកម្ពុជា ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានសហភាពអឺរ៉ុប។
សហភាពអឺរ៉ុប បានបញ្ជាក់ថា ទឹកប្រាក់ដែលកៀគរមកទាំងនេះ គឺជាជំនួយឥតសំណង និង ប្រាក់កម្ចី ដើម្បីយកមកអនុវត្តការងារជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក៏ដូចជា កាត់បន្ថយផលប៉ះពាល់សង្គម សេដ្ឋកិច្ច ដែលបង្កឡើងដោយសារជំងឺនេះ។ ក្រុមអឺរ៉ុប នឹងផ្ដល់ទាំងជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស ដើម្បីជួយកម្ពុជា ឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ និងការពារក្រុមដែលងាយរងគ្រោះជាងគេនៅក្នុងបរិបទជំងឺកូវីដ-១៩។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា លោកស្រី Carmen Moreno បានបញ្ជាក់ថា ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩នេះ គឺទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពគ្នា។ លោកស្រី Carmen Moreno មានប្រសាសន៍ថា៖ « ក្រុមអឺរ៉ុបរួមគ្នាឈរជាមួយកម្ពុជាក្នុងពេលវេលាដ៏សែនពិបាកនេះ។ យើងត្រូវធ្វើការងាររួមគ្នា ដើម្បីធានាឱ្យមានការស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងរឹងមាំ ក៏ដូចជា ជួយកាត់បន្ថយផលប៉ះពាល់ដែលការរាតត្បាតជាសកលនេះបង្កលើជីវិតមនុស្ស ការងារ និងជីវភាពរស់នៅរបស់ពួកគេ។ ដើម្បីសម្រេចគោលដៅនេះ យើងប្រើប្រាស់ធនធានរបស់យើងរួមគ្នា និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនានា ជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមជាសកលនេះ»។
ជំនួយគាំទ្ររបស់ដៃគូអឺរ៉ុប ដែលផ្ដល់ដល់ប្រទេសកម្ពុជា គឺផ្ដោតលើអាទិភាពសំខាន់ៗចំនួនបី ស្របតាមផែនការគោលស្ដីពីការឆ្លើយតបចំពោះជំងឺកូវីដ-១៩ របស់កម្ពុជា រួមមាន វិស័យសុខាភិបាល,មុខរបរចិញ្ចឹមជីវិត និងសន្តិសុខស្បៀង និងការស្ដារខឿនសេដ្ឋកិច្ច និងការបង្កើតការងារ។
បើតាមសហភាពអឺរ៉ុប ទឹកប្រាក់ចំនួន ៤៤៣ លានអឺរ៉ូ (ស្មើនឹង ៤៨៣ លានដុល្លារ ឬ ១.៩៩០ ប៊ីលានរៀល)នេះ នឹងអាចឱ្យកម្ពុជា ដោះស្រាយបញ្ហាពលរដ្ឋ សេដ្ឋកិច្ច និងសង្គម ទាំងក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ និងក្រោយវិបត្តិនេះរលត់ទៅ។
គិតត្រឹមថ្ងៃទី១០ មិថុនានេះ កម្ពុជាបានរកឃើញករណី កូវីដ-១៩ សរុប ១២៦នាក់ និងបានព្យាបាលជាសះស្បើយអស់១២៥នាក់ហើយ។ នៅសល់អ្នកជំងឺតែម្នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ អ្នកជំងឺចុងក្រោយនេះ គឺជាបុរសខ្មែរដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន៕
© រក្សាសិទ្ធិដោយ thmeythmey.com