COVID-19
ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
ONE Championship ត្រៀម​ត្រឡប់​ទៅកាន់​សង្វៀន​ប្រកួត​វិញ​
12, Jun 2020 , 9:29 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​លោក Chatri Sityodtong  ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់ ONE Championship បាន​សរសើរ​លោក Dana White ប្រធាន UFC ដែល​អាច​ចាប់ផ្ដើម​រៀបចំ​ការប្រកួត​កាល​ខែ​មុន បើ​ទោះ​ជំងឺ Covid-19 កំពុង​វាយលុក​ក្តី​។  ONE Championship ក៏​កំពុង​ត្រៀមខ្លួន​ត្រឡប់​ទៅ​រៀបចំ​ព្រឹត្តិការណ៍​របស់ខ្លួន​វិញ​ដែរ​។


​លោក Sityodtong កំពុង​គិត​លើ​វិធានការ​ផ្ទាល់ខ្លួន​ដើម្បី​ឲ្យ ONE Championship ត្រឡប់​ទៅរក​ការប្រកួត​ជាថ្មី​ក្នុង​វិបត្តិ​សុខភាព​សាធារណៈ​មិន​ធ្លាប់មាន​ពីមុនមក​។ យ៉ាងណាក្ដី លោក Sityodtong បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP នាពេល​ថ្មីៗ​នេះ​ថា កម្មវិធី​ប្រកួត​របស់ ONE Championship ត្រូវតែ​ចាប់ផ្ដើម​នា​រដូវក្ដៅ​នេះ​។ ប៉ុន្តែ​ការវិល​ត្រឡ​បើ​នៅ​មិនទាន់​កំណត់​ថ្ងៃ​ប្រកួត ឬ ទីតាំង​ច្បាស់លាស់​សម្រាប់​ការប្រកួត​ដំបូង​អំឡុងពេល Covid-19 រាតត្បាត​នៅឡើយ​ទេ​។ 
 
​លោក Sityodtong កំពុងធ្វើការ​ជាមួយ​រដ្ឋាភិបាល​នានា និង​អ្នកជំនាញ​សុខភាព​មកពី​ចិន ថៃ និង សិង្ហ​បុរី​ជាដើម​ដើម្បី​ធ្វើ​ឲ្យ​ការប្រកួត​ដំណើរការ​វិញ​ឆាប់ៗ​នេះ​។ នៅពេល​អ្វីៗ​រួចរាល់ លោក​រៀបចំ​ឲ្យ​ការប្រកួត​កើតឡើង​នៅ​ឆ្នាំ​២០២០ នេះ​។  ព្រឹត្តិការណ៍​ចុងក្រោយ​របស់ ONE Championship រៀបចំឡើង​កាល​ថ្ងៃទី ២៨ កុម្ភៈ កន្លងទៅ​នៅ​សិង្ហ​បុរី​មុនពេល​មេរោគ​ផ្ទុះ​ខ្លាំង​រហូតដល់​បិទ​ប្រទេស​រៀងៗ​ខ្លួន​។ 
 
​លោក​គូស​បញ្ជាក់ប្រាប់ AP បែបនេះ​៖«​ការពិត​ណាស់ ខ្ញុំ​សម្ដែង​ការគោរព​ដល់ Dana White ប្រធាន UFC ដែល​លើកទឹកចិត្ត និង រៀបចំ​ព្រឹត្តិការណ៍​ឡើងវិញ​បាន​ក្នុងពេល​ដ៏​លំបាក​នេះ​។  ONE Championship របស់​យើង​មាន​កម្រិត​ប្រហែល​គ្នា ប៉ុន្តែ​ខ្ញុំ​អាច​និយាយថា​យើង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្តិច ព្រោះ​សុវត្ថិភាព គឺជា​អាទិភាព​ខ្ពស់​របស់​យើង​។ យើង​មិន​រហ័ស​ពេក​ដើម្បី​វិល​វិញ និង​ដើម្បី​គ្រាន់តែ​ផ្សាយ​អំពី​ម៉ាក​យីហោ​របស់​យើង​នោះទេ​ប៉ុន្តែ យើង​ត្រលប់​មកវិញ​អមដោយ​បរិយាកាស​ដែលមាន​សុវត្ថិភាព​ទាំងអស់គ្នា​ពី​គ្រប់ផ្នែក​ដែល​ពាក់ព័ន្ធ​»​។ 
 
Sityodtong ប្រឈម​នឹង​បញ្ហា​សុខភាព​សាធារណៈ​ខុសគ្នា​ជាង UFC ដែលមាន​ការបន្ធូរបន្ថយ​ខ្លាំង​សម្រាប់​អត្ត​ព​លិ​កនៅ​រដ្ឋ​ផ្លរីដា និង Nevada​។ ONE Championship មាន​អត្ត​ពលិកម​ក​ពី​ជុំវិញ​អាស៊ី​- ប៉ាស៊ីហ្វិក និង​រៀបចំ​រហូតដល់​៩​ប្រទេស​នៅ​ឆ្នាំ​២០១៩​។ ដូច្នេះ​ប្រទេស​នីមួយៗ​មាន​កង្វល់​សុខភាព​ផ្សេងគ្នា បញ្ហា​ទិដ្ឋាការ​របស់​អត្ត​ព​លិ​ក និង មានច្បាប់​តឹងរ៉ឹង​ពី​សំណាក់​ប្រទេស​ទាំងនោះ មិន​ដូច​ការរៀបចំ​កម្មវិធី​នៅ​កន្លែង​ដែល​សម្បូរ​ដោយ​កីឡាករ​នោះទេ​។​
 
​លោក Sityodtong សង្កត់ធ្ងន់​បែបនេះ ៖«​រដ្ឋាភិបាល​ខុសគ្នា​មាន​គោលការណ៍​ផ្សេងគ្នា​ក្នុង​កម្រិត​របស់គេ ដូចជា​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ដែរ​។ ដូច្នេះ​វា​លំបាក​បន្តិច​ដើម្បី​រៀបចំ​ឲ្យ​បាន​ឆាប់ និង ដំណើរការ​កម្មវិធី​។ ប៉ុន្តែ​ខ្ញុំ​បានធ្វើ​ការមិន​ឈប់ឈរ​ទេ និង មាន​អារម្មណ៍​កាន់តែ​ល្អ​ឡើង​»​។ 


 
​ងាក​មកកាន់​សិង្ហ​បុរី​ដែលជា​ទីស្នាក់ការ​ធំ​របស់ ONE Championship គឺថា​គ្រប់​កម្មវិធី​កីឡា​ត្រូវ​ផ្អាក​ប្រហែលជា ៣ ខែ​មកហើយ​ដោយសារ COVID-19​។ ព្រឹត្តិការណ៍​ពីរលើក​ចុងក្រោយ​របស់ ONE Championship គឺ​រៀបចំ​នៅ​សិង្ហ​បុរី​កាល​ខែ កុម្ភៈ ហើយ​លោក Sityodtong កំពុងធ្វើការ​ងារ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​នេះ​ដើម្បី​ឈានទៅរក​ការ​ចូលមក​ប្រកួត​ក្នុងប្រទេស​ប្រកបដោយ​សុវត្ថិភាព​។ 
 
Sityodtong មិន​បារម្ភ​អំពី UFC ដែល​រៀបចំ​ព្រឹត្តិការណ៍​មុន ONE  និង កម្មវិធី​ប្រកួត MMA ផ្សេង​នោះទេ​។ UFC នឹង​រៀបចំ​ព្រឹត្តិការណ៍​ទី​៦ ក្នុងអំឡុង​វិបត្តិ Covid-19 នា​សប្ដាហ៍​នេះ​នៅ​រដ្ឋ Las Vegas និង​បន្ត​រៀបចំ​ពីរលើក​ទៀត​មុនពេល​ទៅ​រៀបចំ​នៅ​ក្រុង​អា​ប៊ុ​យ​ដា​ប៊ី នៅលើ​កោះ Yas Island សម្រាប់​ការប្រកួត ៤ លើក​ពី​ប្រទេស អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ 
 
Sityodtong គិតថា​ការ​ត្រលប់​របស់ ONE យឹត​បន្តិច​ប៉ុន្តែ​លៃលក​យ៉ាង​ឲ្យ​សមស្រប​ទៅ​ហ្នឹង​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​។ ក្រោយ​ស្ងប់ស្ងាត់​មួយរយៈ​នេះ Sityodtong ក៏​តាមដាន​រឿង​ប្រទូសរ៉ាយ​កើតឡើង​ពី​សំណាក់​កីឡាករ​កម្រិត​ពិភពលោក​របស់ UFC ដែល​លោក​ប្រធាន White មាន​បញ្ហា​ជាមួយ​ដូចជា Jon Jones និង Jorge Masvidal មុនពេល​ម្ចាស់​ខ្សែក្រវាត់​លំដាប់​ពិភពលោក​ពីរ​ប្រភេទ​ទម្ងន់ Conor McGregor ប្រកាស​ចូលនិវត្តន៍​ដ៏​ភ្ញាក់ផ្អើល​។ 
 
​គួរ​ដឹងថា ONE Championship បាន​ចុះ​កុងត្រា​អតីត​ម្ចាស់​ខ្សែក្រវាត់​របស់ UFC ជាច្រើន​ដូចជា​អតីត​ម្ចាស់​ខ្សែក្រវាត់ UFC Champions កីឡាករ Demetrious Johnson និង Eddie Alvarez ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ Sityodtong មិន​ទាញយក​កីឡាករ​ជាប់កិច្ចសន្យា​នៅ UFC ទេ ប៉ុន្តែ​លោក​តែងតែ​ផ្ដោតអារម្មណ៍​ខ្ពស់​។ នាយក​ប្រតិបត្តិ​ខាងលើ​ពិពណ៌នា​ថា​៖«​យើង​តែងតែ​ជជែក​អំពី​កីឡាករ​កំពូល​ដែល​ផុត​កិច្ចសន្យា​នៅ​ជុំវិញ​ពិភពលោក​។  អ្នកចាត់ការ​ជាច្រើន​បាន​ទាក់ទង​មក​យើង ហើយ​យើង​ក៏​ចាប់អារម្មណ៍​ដើម្បី​ឲ្យ​ប្រកួតប្រជែង​ខ្លាំង​នៅ​សង្វៀន​របស់​យើង​។ ខ្ញុំ​ជា​អ្នកគាំទ្រ​ម្នាក់​របស់ Jorge Masvidal​។ ហើយ​មាន​តារា​ល្បីៗ​ច្រើន​នៅ​ទីនោះ​។ ប៉ុន្តែ​យើង​មិន​ធ្វើ​អ្វីដែល​រំលោភ​កិច្ចសន្យា​ជាមួយ UFC ទេ​»៕

© រក្សាសិទ្ធិដោយ thmeythmey.com