ជាតិ
សង្គមជាតិ
អង្គការ​ឆាល​ហ្វា​ន ដាក់​ឧបករណ៍​សិក្សា​បែប​ឌីជីថល តាម​សាលា​បឋម​១៥ ដើម្បី​ជំនួយ​ដល់​សិស្ស​គ្មាន​អ៊ីនធឺណិត
11, Jun 2020 , 5:59 pm        
រូបភាព
រូបភាពfront credit នាជំនួប​រវាង​លោកលោក ប្រាស្សាន វើម៉ា(Prashant Verma) នាយកប្រចាំប្រទេសអង្គការឆាលហ្វានកម្ពុជា និង​​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​ និងកីឡា
រូបភាពfront credit នាជំនួប​រវាង​លោកលោក ប្រាស្សាន វើម៉ា(Prashant Verma) នាយកប្រចាំប្រទេសអង្គការឆាលហ្វានកម្ពុជា និង​​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​ និងកីឡា
ដោយ:
​ភ្នំពេញ​៖ អង្គការ​ឆាល​ហ្វា​ន​កម្ពុជា (ChildFund Cambodia) សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង កីឡា សាកល្បង​បំពាក់​ឧបករណ៍​សិក្សា​តាមបែប​ឌីជីថល នៅតាម​សាលាបឋមសិក្សា​ចំនួន​១៥ ក្នុង​ខេត្តស្វាយរៀង ដើម្បី​ឲ្យ​សិស្ស សិក្សា​និង​ទាញយក​ឯកសារ​មេរៀន​ផ្សេងៗ​។ 

 
​អង្គការ​ឆាល​ហ្វា​ន​កម្ពុជា និង​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ បាន​ចុះហត្ថលេខា​ជាមួយគ្នា លើ​កិច្ចព្រមព្រៀង​ស្តីពី​គម្រោង​អប់រំ​ឌីជីថល សម្រាប់​បឋមសិក្សា នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០​។ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ និង លោក ប្រា​ស្សាន វើ​ម៉ា (Prashant Verma) នាយក​អង្គការ​ឆាល​ហ្វា​ន​ប្រចាំ​កម្ពុជា បាន​ចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​។ 
 
​លោក ប្រា​ស្សាន វើ​ម៉ា បានបញ្ជាក់​នៅក្នុង​ជំនួប​ជាមួយ​លោក ហង់ ជួន ណា​រ៉ុ​ន ថា ការបំពាក់​ប្រព័ន្ធ​អប់រំ​តាមបែប​ឌីជីថល នៅតាម​សាលា​បឋម​ទាំង​១៥​នេះ នឹង​ផ្តល់ឱកាស​ឲ្យ​សិស្ស​ជាង​៨​ពាន់​នាក់ ចាប់ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៦ ទទួលបាន​ចំណេះដឹង​ផ្សេងៗ និង​ផ្តល់ឱកាស​ឲ្យ​កុមារ ត្រៀមខ្លួន​សម្រាប់​ប្រកួតប្រជែង​ចំណេះដឹង​ទៅ​ថ្នាក់​តំបន់ និង​ទៅ​ថ្នាក់​អន្តរជាតិ​។ 
 
​លោក បន្តថា ឧបករណ៍​សិក្សា​តាមបែប​ឌីជីថល​នេះ នឹង​ដោះស្រាយ​ដល់​សាលារៀន​ដែល​ពុំមាន​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រើប្រាស់ និង​ជួយ​ពង្រឹងសមត្ថភាព​គ្រូបង្រៀន​ក្នុងការ​តាមដាន និង​វាយតម្លៃ​សមត្ថភាព​របស់​សិស្ស ជាពិសេស​ជាការ​ជួយ​ឲ្យ​សាលា​អាច​ត្រៀមខ្លួន​សម្រាប់​ការវិវឌ្ឍ​នាពេល​អនាគត​។ 
 
​លោក សុក ថា ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ លើកឡើងថា ក្នុង​ឧបករណ៍​សិក្សា​តាមបែប​ឌីជីថល​នោះ មាន​មាតិកា​ឌីជីថល (Content Server) ផ្ទុក​ទៅដោយ​ឯកសារ​មេរៀន​បែប​ឌីជីថល ដែល​ក្រសួង​អប់រំ​បាន​ផលិត ក្នុងអំឡុង​កូ​វីដ​-១៩ ហើយ​សិស្ស អាច​ប្រើប្រាស់​បាន ដោយ​មិនចាំបាច់​ប្រើ​អ៊ីនធឺណិត​។ 


 រូបភាពcredit លោក ប្រាស្សាន វើម៉ា(Prashant Verma) នាយកប្រចាំប្រទេសអង្គការឆាលហ្វានកម្ពុជា និង​លោក សុក ថា​ ប្រធាននាយកដ្ឋាន​បច្ចេកវិទ្យាព័ត៌មាននៃ​ក្រសួងអប់រំ យុវជន និងកីឡា

​លោក មានប្រសាសន៍ថា​៖«​ពួកគាត់​មក [​សាលា​] មិនមែន​មានន័យថា បើក​សាលា​ឡើងវិញ​ទេ​។ ប៉ុន្តែ​គាត់​អាចមក​តាមរយៈ​គ្នា​ក្រោម​១០​នាក់​ទៅ ដែល​អាចមក​ទាញយក​ឯកសារ ទាញយក​មេរៀន ឬក៏​មើល​វីដេអូ ដែល​ក្រសួង​បាន​ផលិត និង​ចាក់ផ្សាយ​។ មេរៀន​ដែល​ក្រសួង​អប់រំ​បាន​ផលិត​ហ្នឹង គឺ​យើង​យកទៅដាក់​នៅក្នុង​ឧបករណ៍​ហ្នឹង​។ តំបន់​ដែលមាន​អ៊ី​ធឺ​ណិ​ត​មិន​ទៅដល់ ក៏​សិស្ស​នៅតែ​អាច​ប្រើ​បាន និង​រៀន​បាន​ដោយ​មធ្យោបាយ​នេះ​។ តំបន់​គាត់ អត់​មាន​អ៊ីនធឺណិត​មែន ប៉ុន្តែ​យើង​មាន Wifi ដើម្បី​ឲ្យ​សិស្ស​រៀន​បាន​»​។ 
 
​ការសាកល្បង​បំពាក់​ប្រព័ន្ធ​អប់រំ​តាមបែប​ឌីជីថល​នៅ​សាលាបឋមសិក្សា​ចំនួន​១៥ សាលា​នៅក្នុង​ខេត្តស្វាយរៀង ចាប់ពី​ខែមិថុនា ដល់​ខែកញ្ញា ឆ្នាំ​២០២០ គឺជា​ជំហាន​ដំបូង​។ បើ​ការសាកល្បង​នេះ​អាច​ផ្តល់​ជា​មធ្យោបាយ​ដល់​សិស្ស​ទទួលបាន​ចំណេះដឹង​ប្រកបដោយ​គុណភាព អង្គការ​ឆាល​ហ្វា​ន​កម្ពុជា នឹង​បន្ត​សហការ​ជាមួយ​ក្រសួង​អប់រំ ក្នុងការ​បំពេញ​ឧបករណ៍ សម្រាប់​សិក្សា​តាមបែប​ឌីជីថល​ទៅគ្រប់​តំបន់​បន្ថែមទៀត​៕ 
 

Tag:
 សិស្ស​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com