សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​ថា បរិមាណ​នុយក្លេអ៊ែរ​ខ្លួន​មិនទាន់​ដល់​កម្រិត​ដែល​ត្រូវ​ចូល​តុ​ចរចា​ជាមួយ​អាមេរិក​និង​រុស្ស៊ី​ឡើយ​
12, Jun 2020 , 10:29 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន​ Hua Chunying ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១១ ខែមិថុនា។ រូបភាពពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន​ Hua Chunying ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១១ ខែមិថុនា។ រូបភាពពីក្រសួងការបរទេសចិន
​ជាថ្មី​ម្ដងទៀត ចិន​ប្រកាស​ជំហរ​មិន​ចូលរួម​ក្នុង​ការចរចា​ស្ដីពី​សន្ធិ​ស​ញ្ញ​គ្រប់គ្រង​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក និង​រុស្ស៊ី​ឡើយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying អះអាង​នៅ​ថ្ងៃទី​១១ ខែមិថុនា ថា បរិមាណ​នុយក្លេអ៊ែរ​បស់​ចិន មិនទាន់​ដល់​កម្រិត​ដែល​ត្រូវ​ចូល​រូ​ម​ចរចា​ជាមួយ​ប្រទេស​ពីរ​ទៀត​ដែលមាន​នុយក្លេអ៊ែរ​ធំជាងគេ​លើ​ពិភពលោក​ឡើយ​។ ប៉ុន្តែ​ចិន​នៅតែ​ប្រកាន់​ជំហរ​កាត់បន្ថយ​អាវុធ​ប្រល័យ​លោក​នេះ​ដដែល​។​

 
​អាមេរិក និង​រុស្ស៊ី នឹង​បើក​ការចរចា​លើ​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​យុទ្ធសាស្ត្រ​ថ្មី (New START) ដែល​នឹង​អស់​សុពលភាព​នៅ​ខែកុម្ភៈ ឆ្នាំ​២០២១ ។ សន្ធិសញ្ញា​នេះ​មាន​គោលដៅ​កាត់បន្ថយ​បរិមាណ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ឃ្លាំង​របស់​មហាអំណាច​ទាំងពីរ​នេះ​។ មុន​ការចរចា​មកដល់ អាមេរិក​ចង់​ឲ្យ​ចិន​ដែលមាន​នុយក្លេអ៊ែរ​ដែរនោះ ចូលរួម​ការចរចា​ជា​ត្រីភាគី​។ ម្ដង​ជា​ពីរដង ចិន​បាន​បដិសេធ​មិន​ចូលរួម​ការចរចា​នេះឡើយ​។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying និយាយថា ចិន​បានបញ្ជាក់​ជំហរ​របស់ខ្លួន​ច្រើនដង​មកហើយ​។ ពោល គឺ​ចិន​គ្មាន​បំណង​ចូលរួម​ក្នុងជំនួប​ដែល​ត្រីភាគី​អាមេរិក​-​រុស្ស៊ី​-​ចិន​ស្ដីពី​ការគ្រប់គ្រង​នុយក្លេអ៊ែរ​ឡើយ​។ អ្នកស្រី Hua និយាយ​បែបនេះ​ជាការ​ឆ្លើយតប​នឹង​ការលើកឡើង​របស់​ប្រេសិត​អាមេរិក​ទទួលបន្ទុក​ការគ្រប់គ្រង​អាវុធ Marshall Billingslea ដែល​ស្នើ​ឲ្យ​ចិន​គិតគូរ​ពី​ជំហរ​របស់ខ្លួន​ម្ដងទៀត​។​
 
​នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១១ ខែមិថុនា លោកស្រី Hua បញ្ជាក់ថា អំណាច​នុយក្លេអ៊ែរ​របស់​ចិន​មិនទាន់​ស្មើ​អាមេរិក និង​រុស្ស៊ី​ឡើយ ហើយ​វា​ក៏​មិនទាន់​ដល់ពេល​ដែល​ចិន​ត្រូវ​ចូល​តុ​ចរចា​ដើម្បី​កាត់បន្ថយ​នុយក្លេអ៊ែរ​របស់ខ្លួន​ដែរ​។ បើតាម​មន្ត្រី​រូបនេះ ប្រទេស​មាន​នុយក្លេអ៊ែរ​ច្រើន ត្រូវតែមាន​ការទទួល​ខុសត្រូវ​ចម្បង និង​ពិសេស​ជាងគេ​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ​។​
 
«​គិត​តាម​កាលៈទេសៈ​សព្វថ្ងៃ អាមេរិក​គួរតែ​ឆ្លើយ​ជា​វិជ្ជមាន​ទៅនឹង​សំណើ​របស់​រុស្ស៊ី​ក្នុង​ការបន្ត​សុពលភាព New START ហើយ​កាត់បន្ថយ​នុយក្លេអ៊ែរ​ក្នុង​ឃ្លាំង​របស់ខ្លួន ក៏ដូចជា​បង្កើត​លក្ខខណ្ឌ​សម្រាប់​ប្រទេស​នុយក្លេអ៊ែរ​ឯទៀត​ចូលរួម​ក្នុង​ការចរចា​ពហុភាគី​សំដៅ​កាត់បន្ថយ​អាវុធ​មួយ​នេះ​។​» លោកស្រី Hua និយាយ​បែបនេះ​មុននឹង​បន្ថែមថា អាមេរិក​កំពុង​ប្រើល្បិច​ចាស់​ដើម្បី​គេចវេស​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ប៉ុណ្ណោះ​។​
 
​បើទោះជា​មិន​ចូលរួម​ក្នុង​ការចរចា​ជាមួយ​រុស្ស៊ី និង​អាមេរិក​ក្ដី អ្នកនាំពាក្យ​ខាងលើ​ប្រកាសថា ចិន​នៅតែ​រក្សា​ជំហរ​ច​ចូលរួម​ក្នុងការ​ប្រឹងប្រែង​របស់​ពិភពលោក​ក្នុងការ​កាត់បន្ថយ​នុយក្លេអ៊ែរ​ដដែល​។ អ្នកស្រី​បន្តថា ចិន​តែង​ស្នើ​ឲ្យ​មានការ​រៀបចំ​សន្និសីទ​ស្ដីពី​ការរំសាយ​នុយក្លេអ៊ែរ និង​យន្តការ​របស់​មហាអំណាច​ទាំង​ប្រាំ​ដើម្បី​ឈានទៅ​កាន់ការ​កាត់បន្ថយ​ហានិភ័យ​ដែល​ពិភពលោក​អាច​ធ្លាក់ចូល​សង្គ្រាម​នុយក្លេអ៊ែ​រ​៕

Tag:
 ចិន​
  អាមេរិក​
  រុស្ស៊ី​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com