COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA អនុញ្ញាត​ឲ្យ​ដោះដូរ​កីឡាករ​មុន​ចប់​រដូវ​កាល​នេះ តែ​អង់គ្លេស​ចង់​បើក​នៅ​ខែសីហា​
12, Jun 2020 , 11:09 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នឹង​អនុញ្ញាត​ឲ្យ​លី​គ​បើកទ្វារ​ទីផ្សារ​ដោះដូរ​កីឡាករ​មុនពេល​បញ្ចប់​រដូវ​កាល​នេះ បន្ទាប់ពី​មានការ​ពន្យារពេល​ប្រកួត​លី​គ​ដោយសារ​វិបត្តិ COVID-19​។ FIFA ប្រកាស​ដូច្នេះ​នៅ​ថ្ងៃទី​១១ ខែមិថុនា ដោយ​បន្ថែមថា គោលការណ៍​បណ្តោះអាសន្ន​ថ្មី​នឹង​ឲ្យ​កីឡាករ​អាច​លេង​ឲ្យ​ក្លិប​៣​ក្នុង​រដូវ​កាល​តែមួយ​បាន ខណៈ​ធម្មតា​បានតែ​ក្លិប​ពីរ​ប៉ុណ្ណោះ​។​


​បទបញ្ញត្តិ​ថ្មី​របស់ FIFA នេះ​អនុញ្ញាត​ឲ្យ​សហព័ន្ធ​បាល់ទាត់​ជា​សមាជិក​ដំណើរការ​ទិញដូរ​កីឡាករ​ភ្លាមៗ ប្រសិនបើ​ពួកគេ​ចង់ ប៉ុន្តែ​សម្រាប់​ក្លិប​នៅ​អង់គ្លេស​នៅ​មិនទាន់​ដឹងថា នឹង​អនុវត្តតាម​គោលការណ៍​ទិញ​លក់​នៅមុន​ចប់​រដូវ​កាល​នេះ ឬ​យ៉ាងណា​នោះទេ​។​
 
​លោក Richard Masters នាយក​ប្រតិបត្តិ​ក្របខណ្ឌ Premier League បាន​និយាយ​រួចហើយ​ថា ក្លិប​ក្នុង​លី​គ​កំពូល​អង់គ្លេស​នឹងមិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចុះកិច្ចសន្យា​លើ​កីឡាករ​មុន​ថ្ងៃទី​២៥ ខែកក្កដា​នោះទេ បន្ទាប់ពី​ការពន្យារពេល​ប្រកួត​ក្នុង​រដូវ​កាល ២០១៩-២០ ត្រូវបាន​បញ្ចប់​។​
 
​ដោយសារ​ជំងឺឆ្លង​រា​ត្បា​ត COVID-19 បាន​បង្ខំ​ឲ្យ​លី​គ​បាល់ទាត់​នៅ​អឺរ៉ុប​ផ្អាក​ការប្រកួត​បណ្តោះអាសន្ន​ចាប់តាំងពី​ពាក់​កណ្តាលខែ​មិនា​មក​ម្លេះ​។​
 
​កាសែត​កីឡា Sky Sports បាន​ឲ្យ​ដឹង​នៅ​ដើម​សប្តាហ៍​នេះ​ថា សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) កំពុង​ពិភាក្សា​ផ្លាស់ប្តូរ​ការទិញ​ដូរ​កីឡាករ​ក្នុងស្រុក​ចាប់ពី​ខែសីហា​ដល់​ខែតុលា ដោយ​បង្កើត​ការមូល​មតិ​គ្នា​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ដើម្បី​ធានាថា​វា​សមស្រប​នឹង​លី​គ​នៅ​អឺរ៉ុប​ដទៃទៀត​។​
 
​សហព័ន្ធ​កីឡាបាល់ទាត់​បារាំង (FFF) បាន​បើកទ្វារ​ទិញដូរ​កីឡាករ​ក្នុងស្រុក​របស់ខ្លួន​នៅ​ថ្ងៃទី​៨ ខែមិថុនា ខណៈ​លី​គ​របស់​ពួកគេ​បាន​រំសាយ​ចោល​រួចហើយ​ដោយសារ​ជំងឺ COVID-19​។ យ៉ាងណាក៏ដោយ ក៏មាន​ការលើកឡើង​ដែរ​ថា FFF កំពុង​ចង់​បើកទ្វារ​ដោះដូរ​កីឡាករ​ចាប់ពី​ខែសីហា​ដល់​ខែតុលា​សម្រាប់​ការផ្ទេរ​ជា​អន្តរជាតិ​។​
 
​ទន្ទឹមនឹង​នេះដែរ សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីតាលី (FIGC) បានបញ្ជាក់​រួចហើយ​ថា ទីផ្សារ​ដោះដូរ​កីឡាករ​របស់​ពួកគេ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​៥ ខែតុលា ស្របពេល​រដូវ​កាល​នៅ Serie A នឹង​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នៅ​ចុងខែ​មិថុនា​នេះ​៕
 
 

Tag:
 FIFA
  ដោះដូរ​កីឡាករ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com