ជាតិ
សង្គមជាតិ
អាជ្ញាធរ នឹង​កាប់​ដើមឈើ​២៥០​ដើម ដែល​ពុកផុយ ហើយ​ដាំ​ដើមឈើ​ថ្មី​ជំនួស​វិញ​
12, Jun 2020 , 11:59 am        
រូបភាព
រូបពីក្រសួងព័ត៌មាន
រូបពីក្រសួងព័ត៌មាន
​ចាប់ពី​សប្តាហ៍​ក្រោយ​ទៅ អាជ្ញាធរ នឹង​ចេញ​ប្រតិបត្តិ​ការកាប់​ដើមឈើ​២៥០​ដើម នៅតាម​បណ្តោយ​ផ្លូវ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​ជាការ​អះអាង​របស់លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​។


​លោក សំ សាមុត ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ ថា ដើមឈើ ដែល​ត្រូវ​កាប់​ចោល​ទាំងនោះ គឺ​ភាគច្រើន មាន​អាយុកាល​យូរ និង មាន​សភាព​ពុកផុយ​។ លោក លើក​មូល​ហេតុថា ការកាប់​ដើមឈើ​ទាំងនោះ គឺ​ដើម្បី​បញ្ចៀស​ការបាក់​ឬ​ការដួលរលំ ហើយ​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​។ 
 
​លោក លើក​ពី​មូលហេតុ​ទៀត គល់​នៃ​ដើមឈើ​ទាំងនោះ គឺ​ពុកផុយ​អស់ហើយ ដូច្នេះ គ្មាន​ការលូតលាស់​ទៀត​ទេ ហើយក៏​គ្មាន​សោភ័ណភាព​ដែរ​។ លោក បន្តថា ដើមឈើរ​ទាំងនោះ មាន​ខ្លះ​ធំ ដែល​មនុស្ស​ឱប​មួយ​ជុំ ហើយ​មាន​ខ្លះ​តូច​។ លោក បន្ថែមថា មិនមែន​តែ​ដើមឈើ​ធំ​នោះទេ ដែល​ត្រូវ​ពុកផុយ ដើមឈើ​តូចៗ ក៏​អាច​ពុកផុយ​ដែរ​។   
 
​លោក អះអាងថា ក្រោយ​កាប់​រួចហើយ អាជ្ញាធរ នឹង​ដើមឈើ​ថ្មី​ជំនួស​វិញ​។ លោក បញ្ជាក់ថា​៖«​យើង កាប់​ដើម​អី យើង​ដាំ​ដើម​នុ៎ង​ជំនួស​វិញ​។ ឧទាហរណ៍​ថា បើ​យើង​កាប់​ដើម​ក្ងោក យើង​ដាំ​ដើម​ក្ងោក​ជំនួស ហើយ​បើ​កាប់​ដើម​តាសេក យើង​ដាំ​ដើម​តាសេក​ជំនួស​»​។ 
 
​ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ មិនបាន​ប្រាប់​ឲ្យ​ច្បាស់​ឡើយ ដើមឈើ​ដែល​ត្រូវ​កាប់​ទាំងនោះ មាន​អាយុកាល​ប៉ុន្មាន​ឆ្នាំ​។ 
 
​យ៉ាងណា ក្រសួង​ព័ត៌មាន បាន​ផ្សាយ​ថា ដើមឈើ​ទាំងនោះ មាន​សភាព​ពុកផុយ និង​មាន​អាយុ​ចាប់ពី​១០០​ឆ្នាំ​ឡើងទៅ​។  
 
​ក្រសួង​ព័ត៌មាន បាន​ស្រង់​សម្តី​របស់​ប្រធាន​អង្គ​ភា​សួនច្បារ​និង​រុក្ខជាតិ ទៅ​ចុះផ្សាយ​ថា ដើមឈើ ក្នុង​រាជធានី​ភ្នំពេញ មាន​ជាង​៥​ម៉ឺន​ដើម  ដោយ​ក្នុងនោះ ដើមឈើ​ធំៗ ដែលមាន​អាយុកាល​ចាប់ពី​១០០​ឆ្នាំ​ឡើង មាន​ជាង​៤០​ភាគរយ​។ ក្រសួង​ព័ត៌មាន សរសេរ​ពី​ប្រសាសន៍​របស់លោក ទៀតថា ក្នុងចំណោម​ដើមឈើ​ជាង​៥​ម៉ឺន​ដើម ដើមឈើ​២៥០​ដើម មាន​សភាព​ពុកផុយ និង​ប្រហោង​គល់ ដែល​អាច​ប្រឈម​នឹង​ការបាក់​រលំ​។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ លើកឡើងថា ដើមឈើ​២៥០​ដើម ដែល​ត្រូវ​កាប់​នោះ គឺ​នៅតាម​បណ្តោយ​វិថី​នានា ដូចជា វិថី​ព្រះមុនីវង្ស វិថី​ម៉ៅ សេទុង វិថី​សុធារស វិថី​ព្រះស៊ីសុវត្ថិ ផ្លូវ​កម្ពុជា​ក្រោម ផ្លូវ​ត្រសក់ផ្អែម និង ផ្លូវ​ប៉ាស្ទ័រ ជាដើម​។ 
 
​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ដែរនោះ និយាយ​យ៉ាងខ្លី​ថា​៖«​យើង​កាប់​ហ្នឹង គឺ​ដើមឈើ ដែល​ចាស់​ពុកផុយ និង​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​»៕
 
 

Tag:
 សំ សាមុត​
  ដើមឈើ​នៅ​ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com