កូរ៉េខាងជើង ថាមេ UN ធ្វើពុតជាស្រវឹង ក្រោយរិះគន់រឿងកាត់ខ្សែទូរសព្ទជាមួយកូរ៉េខាងត្បូង
អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
កូរ៉េខាងជើង ថាមេ UN ធ្វើពុតជាស្រវឹង ក្រោយរិះគន់រឿងកាត់ខ្សែទូរសព្ទជាមួយកូរ៉េខាងត្បូង
12, Jun 2020 , 12:50 pm        
រូបភាព
អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស  (AFP)
អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (AFP)
ទីក្រុងព្យុងយ៉ាង នៅថ្ងៃទី១១ ខែមិថុនា វាយបកចំពោះការរិះគន់របស់ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស លើការសម្រេចចិត្តរបស់ខ្លួនកាត់ផ្ដាច់ខ្សែទូរសព្ទជាមួយក្រុងសេអ៊ូល។ កូរ៉េខាងជើង បានហៅមេដឹកនាំអង្គការអន្តរជាតិនេះថាធ្វើពុតជាស្រវឹង។



ប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងម្នាក់ ភ្ញាក់ផ្អើលនិងសោកស្តាយចំពោះការលើកឡើងដោយខ្វះការវិនិច្ឆយត្រឹមត្រូវ និងគ្មានចំណេះដឹងជាមូលដ្ឋានពាក់ព័ន្ធទំនាក់ទំនងអន្តរកូរ៉េ។

«វាមានតែអគ្គលេខាធិការ UN ខ្លួនឯងទេដែលនឹងដឹងថា តើលោកកំពុងធ្វើពុតជាមើលមិនឃើញមាត្រានៃកិច្ចព្រមព្រៀងអន្តរកូរ៉េស្តីពីបទឈប់បាញ់ ឬធ្វើពុតជាស្រវឹង»។ អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់បែបនេះ ចុះផ្សាយលើ KCNA ។

អ្នកនាំពាក្យរូបនេះ បន្តទៀតថា សម្តីរបស់លោក ហ្គូតេរ៉េស ពុំអាចមើលរំលងបានឡើយ  ហើយថែមទាំងបានចោទប្រមុខ UN រូបនេះថា កាន់ជើងសហរដ្ឋអាមេរិក ដោយបង្ហាញការយល់ឃើញលម្អៀងនិងមិនសមរម្យ។ មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង សង្កត់ធ្ងន់ថា៖«យើងមិនអត់ឱននរណាម្នាក់ដែលហ៊ានព្រហើនចង្អុលមុខដល់មេដឹកនាំកំពូលរបស់យើង»។

កាលពីថ្ងៃទី១០ ខែមិថុនា អគ្គលេខាធិការ UN បានបង្ហាញការសោកស្ដាយការប្រកាសកូរ៉េខាងជើងកាច់ផ្ដាច់ខ្សែទូរសព្ទទាន់ហេតុការណ៍ ដោយព្រមានថា ប្រព័ន្ធទាក់ទងនេះ គឺចាំាបាច់ដើម្បីចៀសវាងការយល់ច្រលំ ឬគណនាខុសស្ថានការណ៍។

ការសម្រេចចិត្តរបស់របបក្រុងព្យុងយ៉ាងនេះ ដែលប្រកាសកាលពីដើមសប្តាហ៍នេះ រុញច្រានកិច្ចប្រឹងប្រែងបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរត្រលប់ទៅក្រោយវិញ។ ម្យ៉ាងវិញទៀត ប៉ុន្មានថ្ងៃចុងក្រោយ រដ្ឋាភិបាលកូរ៉េខាងជើង បានរិះគន់ខ្លាំងៗលើរដ្ឋាភិបាលក្រុងសេអ៊ូល ព្រោះតែខ្លួនមិនព្រមបញ្ឈប់អ្នករត់ភៀសខ្លួនកុំឲ្យបង្ហោះខិតបណ្ណ និងសម្ភារដទៃចូលទៅក្នុងទឹកដីកូរ៉េខាងជើង។

សហរដ្ឋអាមេរិក ក៏បានប្រកាសថា ខ្លួនខកចិត្តចំពោះការសម្រេចចិត្តរបស់កូរ៉េខាងជើងកាត់ផ្ដាច់ខ្សែទូរសព្ទបន្ទាន់ជាមួយក្រុងសេអ៊ូល។ ជាការឆ្លើយតប កូរ៉េខាងជើង បានអះអាងនៅថ្ងៃទី១១ ខែមិថុនាថា ក្រុងវ៉ាស៊ីនតោន គ្មានសិទ្ធិអ្វីមករិះគន់លើកិច្ចការអន្តរកូរ៉េ ហើយផលប្រយោជន៍អាមេរិកគឺនៅស្ងៀម បើចង់ឲ្យការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខដំណើរការទៅដោយរលូន។

កូរ៉េខាងជើងជាប់ទណ្ឌកម្ម UN តាំងពីឆ្នាំ២០០៦ ហើយទណ្ឌកម្មទាំងនេះបន្តរឹតបន្តឹងដោយសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ទាំង១៥ប្រទេសជាច្រើនឆ្នាំ ក្នុងគោលដៅកាត់ផ្ដាច់ដង្ហើមហិរញ្ញវត្ថុសម្រាប់កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែរក្រុងព្យុងយ៉ាង៕

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  អាន់តូនីញ៉ូ ហ្គូតេរ៉េស
  UN
© រក្សាសិទ្ធិដោយ thmeythmey.com