អន្តរជាតិ
លោក ត្រាំ គ្រោង​ចេញ​បញ្ជា​ឲ្យ​កំណត់​ការប្រើ​ក​ម្លាំ​របស់​ប៉ូលិស​
12, Jun 2020 , 7:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ រូបភាព៖ AFP
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ រូបភាព៖ AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១១ ខែមិថុនា បានប្រកាស​ពី​គម្រោង​មួយចំនួន​ដែល​ត្រូវ​បញ្ចូល​ក្នុង​បទបញ្ជា​ប្រតិបត្តិ​សម្រាប់​ការអនុវត្ត​ពី​សំណាក់​នាយកដ្ឋាន​ប៉ូលិស​ដែល​រង​ការចោទប្រកាន់ថា មានអំណាច​ខ្លាំង​ជ្រុល និង​សាហាវ​ពេល​អនុវត្ត​ច្បាប់​។ ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមបាតុករ​បានទាមទារ​ឲ្យ​កាត់បន្ថយ​ហិរញ្ញវត្ថុ និង​ធ្វើកំណែទម្រង់​នៅក្នុង​ស្ថាប័ន​អនុវត្ត​ច្បាប់​មួយ​នេះ​។

 
​ថ្លែង​នៅ​ព្រះវិហារ​មួយ ក្នុង​ក្រុង Dallas រដ្ឋ​តិច​សាស់ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​អះអាងថា បទបញ្ជា​ប្រតិបត្តិ​របស់លោក អាច​ណែនាំ​ឲ្យ​នាយកដ្ឋាន​ប៉ូលិស​អាមេរិក​អនុវត្ត​ស្តង់ដារ​ជាតិ​ក្នុងការ​ប្រើប្រាស់​កម្លាំង​ពេល​បំពេញភារកិច្ច​។ យ៉ាងណាក៏ដោយ លោក​ប្រធានាធិបតី មិនបាន​សម្រាយ​ឲ្យ​លម្អិត​ជុំវិញ​បទបញ្ជា​ថ្មី​នេះឡើយ​។ 
 
​ជាមួយគ្នានេះ លោក ត្រាំ បាន​បន្ថែមថា រដ្ឋាភិបាល​អាមេរិក នឹង​គាំទ្រ​ឲ្យ​មានការ​ហ្វឹកហាត់​សម្រាប់​ប៉ូលិស និង​កម្មវិធី​សាកល្បង​ដែល​អនុញ្ញាត​ឲ្យ​បុគ្គលិក​សង្គម​សហការ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ក្រៅពីនេះ លោក​ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏បាន​ទាត់ចោល​ការទាមទារ​រ​បស់​ក្រុមបាតុករ​ផងដែរ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក កាត់បន្ថយ​ថវិកា​សម្រាប់​ប៉ូលិស ដោយ​បង្វែរ​លុយ​ទាំងនោះ​សម្រាប់​កម្មវិធី​អប់រំ​, សុខមាលភាព​សង្គម​, ផ្ទះសម្បែង និង​តម្រូវការ​សង្គម​ផ្សេងទៀត​។ បើតាម​លោក​ត្រាំ ការកាត់បន្ថយ​ហិរញ្ញវត្ថុ ការរំសាយ ឬ​លុបចោល​នាយកដ្ឋាន​ប៉ូលិស គឺ​មានតែ​បង្ក​ឲ្យ​មាន​ភាពក្រីក្រ មាន​ឧក្រិដ្ឋកម្ម​កាន់តែច្រើន និង​អត្រា​រងគ្រោះ​កាន់តែ​ច្រើនជាង​មុន​តែប៉ុណ្ណោះ​។ 
 
​កន្លងមក សមាជិកសភា​បក្ស​ប្រជា​ធិ​តេ​យ្យ បាន​បញ្ចេញ​គម្រោង​ធ្វើកំណែទម្រង់​នៅក្នុង​ប្រព័ន្ធ​ច្បាប់​អាមេរិក ដើម្បី​កាត់បន្ថយ​ការរើសអើង​ពូជសាសន៍​ហើយ​។ កំណែទម្រង់​នេះ បានលើកឡើង​ពី​ការលុបបំបាត់ចោល​សក​ម្ម​ភាព​បង្ក្រាប​ដ៏​សាហាវ​ពី​សំណាក់​ប៉ូលិស ការហ្វឹកហាត់​ដើម្បី​លុបបំបាត់​ការរើសអើង​ពូជសាសន៍ ការហាមឃាត់​វិធានការ​សង្កត់ក​ជនសង្ស័យ និង​បញ្ហា​មួយចំនួនទៀត​។ គេ​រំពឹងថា សេចក្តីស្នើ​នេះ នឹងត្រូវ​សភាតំណាងរាស្ត្រ​បោះឆ្នោត នៅ​ថ្ងៃទី​៤ ខែសីហា​ខាងមុខ​៕ 

Tag:
 អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com