អន្តរជាតិ
លោក ត្រាំ គ្រោងចេញបញ្ជាឲ្យកំណត់ការប្រើកម្លាំរបស់ប៉ូលិស ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ រូបភាព៖ AFP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១១ ខែមិថុនា បានប្រកាសពីគម្រោងមួយចំនួនដែលត្រូវបញ្ចូលក្នុងបទបញ្ជាប្រតិបត្តិសម្រាប់ការអនុវត្តពីសំណាក់នាយកដ្ឋានប៉ូលិសដែលរងការចោទប្រកាន់ថា មានអំណាចខ្លាំងជ្រុល និងសាហាវពេលអនុវត្តច្បាប់។ ការប្រកាសរបស់ប្រធានាធិបតីអាមេរិកបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមបាតុករបានទាមទារឲ្យកាត់បន្ថយហិរញ្ញវត្ថុ និងធ្វើកំណែទម្រង់នៅក្នុងស្ថាប័នអនុវត្តច្បាប់មួយនេះ។
ថ្លែងនៅព្រះវិហារមួយ ក្នុងក្រុង Dallas រដ្ឋតិចសាស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាងថា បទបញ្ជាប្រតិបត្តិរបស់លោក អាចណែនាំឲ្យនាយកដ្ឋានប៉ូលិសអាមេរិកអនុវត្តស្តង់ដារជាតិក្នុងការប្រើប្រាស់កម្លាំងពេលបំពេញភារកិច្ច។ យ៉ាងណាក៏ដោយ លោកប្រធានាធិបតី មិនបានសម្រាយឲ្យលម្អិតជុំវិញបទបញ្ជាថ្មីនេះឡើយ។
ជាមួយគ្នានេះ លោក ត្រាំ បានបន្ថែមថា រដ្ឋាភិបាលអាមេរិក នឹងគាំទ្រឲ្យមានការហ្វឹកហាត់សម្រាប់ប៉ូលិស និងកម្មវិធីសាកល្បងដែលអនុញ្ញាតឲ្យបុគ្គលិកសង្គមសហការជាមួយមន្ត្រីអនុវត្តច្បាប់ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រៅពីនេះ លោកប្រធានាធិបតីអាមេរិករូបនេះ ក៏បានទាត់ចោលការទាមទាររបស់ក្រុមបាតុករផងដែរ ដែលទាមទារឲ្យរដ្ឋាភិបាលអាមេរិក កាត់បន្ថយថវិកាសម្រាប់ប៉ូលិស ដោយបង្វែរលុយទាំងនោះសម្រាប់កម្មវិធីអប់រំ, សុខមាលភាពសង្គម, ផ្ទះសម្បែង និងតម្រូវការសង្គមផ្សេងទៀត។ បើតាមលោកត្រាំ ការកាត់បន្ថយហិរញ្ញវត្ថុ ការរំសាយ ឬលុបចោលនាយកដ្ឋានប៉ូលិស គឺមានតែបង្កឲ្យមានភាពក្រីក្រ មានឧក្រិដ្ឋកម្មកាន់តែច្រើន និងអត្រារងគ្រោះកាន់តែច្រើនជាងមុនតែប៉ុណ្ណោះ។
កន្លងមក សមាជិកសភាបក្សប្រជាធិតេយ្យ បានបញ្ចេញគម្រោងធ្វើកំណែទម្រង់នៅក្នុងប្រព័ន្ធច្បាប់អាមេរិក ដើម្បីកាត់បន្ថយការរើសអើងពូជសាសន៍ហើយ។ កំណែទម្រង់នេះ បានលើកឡើងពីការលុបបំបាត់ចោលសកម្មភាពបង្ក្រាបដ៏សាហាវពីសំណាក់ប៉ូលិស ការហ្វឹកហាត់ដើម្បីលុបបំបាត់ការរើសអើងពូជសាសន៍ ការហាមឃាត់វិធានការសង្កត់កជនសង្ស័យ និងបញ្ហាមួយចំនួនទៀត។ គេរំពឹងថា សេចក្តីស្នើនេះ នឹងត្រូវសភាតំណាងរាស្ត្របោះឆ្នោត នៅថ្ងៃទី៤ ខែសីហាខាងមុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com