បញ្ហារមាស់អញ្ចាញធ្មេញមិនពិបាកនឹងដោះស្រាយឡើយ! គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីដោះស្រាយបំបាត់អាការៈនេះ ៖
១. ខ្ពុរសម្អាតមាត់ទឹកត្រជាក់
គ្រាន់តែទទួលទាន ឬខ្ពុរសម្អាតមាត់ជាមួយទឹកត្រជាក់ក៏ជួយឱ្យអ្នកធូរស្បើយពីអាការៈរមាស់បានយ៉ាងប្រសើរផងដែរ។ ទោះជាយ៉ាងណាចូរជ្រើសរើសទទួលទានទឹកស្អាតដែលដាំពុះឆ្អិន ឬទឹកសុទ្ធ។
២. ជញ្ជក់ដុំទឹកកក
អ្នកអាចដាក់ដុំទឹកកកតូចៗក្នុងមាត់រហូតដល់រលាយ ឬជញ្ជក់នៅពេលអញ្ចាញចាប់ផ្ដើមរមាស់។ ភាពត្រជាក់ជួយឱ្យសសៃប្រសាទក្នុងអញ្ចាញប្រែជាស្ពឹក ហើយអ្នកនឹងលែងសូវរមាស់។ ដើម្បីជាការប្រសើរចូរជ្រើសរើសប្រើប្រាស់ដុំទឹកកកដែលបានបង្កកចេញពីទឹកស្អាត។
៣. ខ្ពុរសម្អាតមាត់ជាមួយទឹកអំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាបាយក្នុងទឹកមួយកែវ។ កូរឱ្យសព្វ សឹមខ្ពុរសម្អាតមាត់ជាមួយទឹកល្បាយនេះសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី រួចខ្ជាក់ចេញជាការស្រេច។
៤. លាបជែលប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើផ្ទាល់លើអញ្ចាញដែលរមាស់។ ចៀសវាងទទួលទានទឹក ឬខ្ពុរសម្អាតមាត់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។
៥. លាបម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ ស្លាបព្រាកាហ្វេជាមួយទឹកស្អាត ឬទឹកសុទ្ធប៉ុន្មានដំណក់ឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើអញ្ចាញធ្មេញកន្លែងដែលរមាស់។
៦. ចៀសវាងអាហារមួយចំនួន
នៅពេលដែលអញ្ចាញអ្នកកំពុងរមាស់ ការប្រុងប្រយ័ត្នចំពោះការទទួលទានអាហារ គឺសំខាន់បំផុត។ អាហារមួយចំនួនជះឥទ្ធិពលគួរឱ្យបារម្ភលើសុខភាពមាត់ធ្មេញ រួមទាំងអញ្ចាញ។ ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងទទួលទានអាហារមានផ្ទុកជាតិអាស៊ីត និងអាហារហឹរ៕
ត្រួតពិនិត្យដោយ www.health.com.kh