ជាតិ
កម្ពុជា​នៅសល់​សត្វ​«​ត្មាត​» ១១៩​ក្បាល ដែលជា​មរតក​ធម្មជាតិ​ដ៏​កម្រ​និង​ជិត​ផុត​ពូជ ក្នុង​ពិភពលោក
13, Jun 2020 , 9:29 am        
រូបភាព
សត្វ​ត្មាត កំពុង​ចឹក​ហែក​ស៊ី​សាកសព​គោមួយ​ក្បាល នៅ​សហគមន៍​ដង​ផ្លិត​-​អាហា​រដ្ឋា​ន​ត្មាត​នៃ​ដែនជម្រកសត្វព្រៃ​ឆែប ក្នុង​ខេត្តព្រះវិហារ  នា​ព្រឹក​ថ្ងៃទី​១០​មិថុនា ឆ្នាំ​២០២០​។​
សត្វ​ត្មាត កំពុង​ចឹក​ហែក​ស៊ី​សាកសព​គោមួយ​ក្បាល នៅ​សហគមន៍​ដង​ផ្លិត​-​អាហា​រដ្ឋា​ន​ត្មាត​នៃ​ដែនជម្រកសត្វព្រៃ​ឆែប ក្នុង​ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃទី​១០​មិថុនា ឆ្នាំ​២០២០​។​
​ភ្នំពេញ​៖ កម្ពុ​ជាមាន​សត្វ​ត្មាត​សរុប​១១៩​ក្បាល ក្នុងនោះ មាន​ត្មាតផេះ​៧១​ក្បាល​, ត្មាត​ត្នោត ៣៧​ក្បាល និង​ត្មាតភ្លើង ១១​ក្បាល​។ សត្វ​ត្មាត ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា​នេះ គឺជា​មរតក​ធម្មជាតិ​ដ៏​កម្រ និង​ជិត​ផុត​ពូជ​នៅក្នុង​ពិភពលោក​។ នេះ​ជាការ​លើកឡើង​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដោយ​អះអាងថា ត្មាត​ជាស​ត្វ​ស្លូត និង​ជា​ប្រភេទ​សត្វ​សម្អាត​បរិស្ថាន តាមរយៈ​ការ​ស៊ី​គំរង់​សាកសព​សត្វ​នានា​ជា​អាហារ ដែល​ត្រូវ​រួមគ្នា​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ការពារ និង​អភិរក្ស​សត្វ​នេះ​ឱ្យបាន​គង់វង្ស​។


 
 

​ទិន្នន័យ​ជំនឿ​សត្វ​ត្មាត​ប្រចាំឆ្នាំ​២០២០ ដែល​ផ្តល់​ដោយ​លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា សត្វ​ត្មាត​ទាំងបី​ប្រភេទ​ដែលមាន​ជាង​១០០​នៅ​កម្ពុជា​នោះ មាន​៨១​ក្បាល រស់នៅក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​, ៣៤​ក្បាល​រស់នៅ ដែនជម្រកសត្វព្រៃ​ឆែប ខេត្តព្រះវិហារ និង​៤​ក្បាល​ទៀត រស់នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្តមណ្ឌលគិរី​។ បើតាម​លោក នេត្រ ភក្ត្រា ចំនួន​សត្វ​ត្មាត​នៅ​ឆ្នាំ​២០២០ គឺ​បាន​ថយចុះ​ចំនួន​១៨​ក្បាល បើ​ធៀប​នឹង​លទ្ធផល​នៃ​ការ​ជំរឿន​នៅ​ឆ្នាំ​២០១៩​។ 
 
​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ បាន​និយាយ​ដូច្នេះ​៖« ត្មាត​ជា​ប្រភេទ​សត្វ​កម្រ​និង​កំពុង​ស្ថិតក្នុង​ហានិភ័យ​ខ្ពស់​ក្នុងការ​បាត់​ពូជ​នៅលើ​សកលលោក ខណៈ​ចំនួន សត្វ​នេះ​នៅតែ​បន្ត​មានការ​ធ្លាក់ចុះ​ជា​រៀងរាល់ឆ្នាំ និង​ក្នុង​កម្រិត​មួយ​គួរ​ព្រួយបារម្ភ ទោះបីជា​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងបរិស្ថាន​ដោយ សហការ​ជាមួយ​អង្គការ​ដៃគូ​នានា​ខិតខំ​ប្រឹងប្រែង​ការពារ​និង​អភិរក្ស​ក៏ដោយ​»​។​
 

​សត្វ​ត្មាត​ជាង​៣០​ក្បាល នៅ​ដែនជម្រកសត្វព្រៃ​ឆែក​កំពុង​រោម​គ្នា​ស៊ី​សព​គោមួយ​ក្បាល នៅ​សហគមន៍​ដង​ផ្លិត​-​អាហា​រដ្ឋា​ន​ត្មាត ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃទី​១០​មិថុនា ឆ្នាំ​២០២០​។​


​ការបំពុល​របស់​មនុស្ស ការបាត់បង់​ជម្រក ការខ្វះខាត​ចំណីអាហារ ការ​បរបាញ់​តាមរយៈ​ការដាក់​អន្ទាក់ និង​ការបំពុល  គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​សត្វ​ត្មាត​នៅ​កម្ពុជា​ធ្លាក់ចុះ​ខ្លាំង​។ លោក នេត្រ ភក្ត្រា បាន​ពន្យល់ថា​ការគំរាមកំហែង​ខ្លាំង​បំផុត ដែល​ធ្វើឱ្យ​សត្វ​ត្មាត​កម្ពុជា​ធ្លាក់ចុះ គឺមាន​ប្រជា​សហគមន៍​នៅតាម​តំបន់​មួយចំនួន​ប្រើប្រាស់​ថ្នាំពុល​ដាក់​ទៅក្នុង ឬ​ជុំវិញ​ត្រពាំង​ដើម្បី ចាប់​សត្វ​ស្លាប និង​ថនិកសត្វ​ផ្សេងៗ ហើយ​ការបំពុល​សត្វ​ទាំងនោះ ក៏បាន​បណ្ដាលឱ្យ​សត្វ​ត្មាត​ងាប់​ផងដែរ​។ ព្រោះ ត្មាត ជា​ប្រភេទ​ស៊ី​គំរង់ និង​សាកសព​សត្វ​ដែល​ងាប់​ដោយសារតែ​ថ្នាំពុល​នោះ​។ 
 
​ដើម្បី​អភិរក្ស​សត្វ​ដែល​ជិត​ផុត​ពូជ​នេះ នៅ​កម្ពុជា​ក៏​ដូច​នៅក្នុង​ពិភពលោក​នោះ   ក្រសួងបរិស្ថាន​បាន​សហ​ប្រ​ត្ត​ប​ត្តិ​ការ​ជាមួយ​អង្គការ​WCS ដែល​ទទួលបាន​ការគាំទ្រ​ថវិកា​ពី​គម្រោង​ព្រៃ​ឡង់​បៃតង បាន​អនុវត្ត​សកម្មភាព​ការពារ​សត្វ​ត្មាត​នៅតាម​តំបន់ការពារធម្មជាតិ​នានា​ក្នុង​ទឹកដី​កម្ពុជា ដោយមាន​ការផ្តល់​ចំណី​បន្ថែម​(​សាក​សព្វ​គោ​យ៉ាង​២​ក្បាល​ក្នុង​មួយខែ ទៅតាម​អាហារ​សត្វ​ត្មាត​នីមួយៗ​) ការការពារ​សំបុក​ពង​កូន និង​បង្កើន​ការយល់ដឹង​ឱ្យ​កាន់​ត​ស៊ីជម្រៅ ដល់​ប្រជា​សហគមន៍​នៅតាម​តំបន់​នីមួយៗ​។ 


 សត្វ​ត្មាត​កំពុង​ទំ​នៅលើ​មែកឈើ​មួយ​ដើម នៅក្នុង​ដែនជម្រកសត្វព្រៃ​ឆែប ក្នុង​ខេត្តព្រះវិហារ  នា​ព្រឹក​ថ្ងៃទី​១០​មិថុនា ឆ្នាំ​២០២០​។​

​លោក នេត្រ ភក្ត្រា  បាន​សង្កត់ធ្ងន់ថា ការថែរក្សា​បាន​នូវ​សត្វ​ត្មាត​ទាំងនេះ គឺជា​តម្លៃ​ដ៏​មហាសាល​សម្រាប់​កម្ពុជា សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​កម្រ​ក្នុង​ពិភពលោក  ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ និង​បង្កើត​មុខរបរ ផ្តល់​ចំណូល​ជូន​ប្រជាពលរដ្ឋ​ជាប្រចាំ​៕
 


​ត្មាត​មួយ​ក្បាល​ដែលមាន​ក្បាល​ពណ៌​ក្រហម​ចំពុះ​ខ្មៅ​កំពុង​ស​ម្លឹ​ក​មើល​ក្រោយ ដែល​ស្ថិត​ក្នុងចំណោម​ត្មាត​ដែល​កំពុងស៊ី​សព​គោ នៅ​សហគមន៍​ដង​ផ្លិត​-​អាហា​រដ្ឋា​ន​ត្មាត​នៃ​ដែនជម្រកសត្វព្រៃ​ឆែប ក្នុង​ខេត្តព្រះវិហារ  នា​ព្រឹក​ថ្ងៃទី​១០​មិថុនា ឆ្នាំ​២០២០ គឺជា​«​ត្មាតភ្លើង​»​។  
 
 

Tag:
 ត្មាត​
  នេត្រ ភក្ត្រា​
  ស្ទឹងត្រែង​
  ព្រះវិហារ​
  មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com