កម្ពុ​ជាមាន​សត្វ​ជិត​ផុត​ពូជ «​ត្រយង​យក្ស​» ៣០០​ក្បាល និង «​ត្រយង​ចង្កំ​កស​» ៦០០​ក្បាល​
ជាតិ
កម្ពុ​ជាមាន​សត្វ​ជិត​ផុត​ពូជ «​ត្រយង​យក្ស​» ៣០០​ក្បាល និង «​ត្រយង​ចង្កំ​កស​» ៦០០​ក្បាល​
12, Jun 2020 , 7:39 pm        
រូបភាព
​ព្រះវិហារ​៖ សត្វ​«​ត្រយង​» ដែលជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​ក្នុង​ពិភពលោក​នោះ មាន​វត្ត​មាននៅ​កម្ពុជា​ប្រមាណ​៩០០​ក្បាល ដែល​កំពុង​រស់នៅ​តាម​ដែន​ជ​ម្រ​សត្វព្រៃ​នានា​។ នេះ​បើ​យោងតាម​របាយ​ការ​ជំនឿ​សត្វ​ត្រយង ដែល​ផ្តល់​ដោយ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដោយ​បញ្ជាក់ថា ក្នុងចំណោម​សត្វ​ត្រយង​ទាំងនោះ មាន​ជិត​៦០០​ក្បាល ជា​ប្រភេទ​សត្វ​ត្រយង​ចង្កំ​កស និង​៣០០​ក្បាល​ទៀត ជា​ប្រភេទ​សត្វ​ត្រយង​យក្ស​។

 
​ទិន្នន័យ​ជំរឿន​សត្វ​ត្រយង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ បាន​អះអាងថា កម្ពុជា គឺជា​ដែន​ជម្រក​តែមួយគត់​ក្នុង​ពិភពលោក​សម្រាប់​សត្វ​ត្រយង​ដែល​កំពុងមាន​ជីវិតរ​ស់​នៅ​សព្វថ្ងៃ ព្រោះ​ចំនួន​សត្វ​ត្រយង​យក្ស​២០០​ក្បាល ដែល​កំពុង​រស់នៅ​កម្ពុជា គឺ​ស្មើ​៩៩​ភាគរយ​នៃ​សត្វ​ត្រយង​យក្ស​របស់​ពិភពលោក​។ ចំណែកឯ​សត្វ​ត្រយង​ចង្កំ​កស​ជិត​៦០០​ក្បាល​នោះ​វិញ គឺ​ស្មើ​៩៥​ភាគរយ​នៃ​សត្វ​ត្រយង​ចង្កំ​កស​នៅលើ​ពិភពលោក​។​


ព័ត៌មាន និងសកម្មភាពនានាអំពីគម្រោងស្រូវសត្វត្រយង ក្នុងខេត្តព្រះវិហារ

​សត្វ​ត្រយង​យក្ស បាន​ក្លាយជា​សត្វ​ស្លាប​ដែល​តំណាងឱ្យ​និមិត្តសញ្ញា​ជាតិ​កម្ពុជា ដែល​អនុម័ត​ដោយ​ព្រះរាជក្រឹត្យ​កាលពី​ឆ្នាំ​២០០៥  ដែល​ទទួលបាន​ការពា​រ​និង​អភិរក្ស​ខ្ពស់បំផុត​ដោយ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ 
 
​ដើម្បី​អនុវត្ត​ការអភិរក្ស​សត្វ​ត្រយង​ឱ្យបាន​ប្រសិទ្ធភាព​ខ្ពស់​នោះ ក្រសួងបរិស្ថាន​ដែលជា​អ្នកទទួលបន្ទុក​បា​នស​ហ​ការ​ជាមួយ​អង្គការ​ជាច្រើន​ក្នុងនោះ​មាន​អង្គការ​សមាគម​សង្គ្រោះ​សត្វព្រៃ ( WCS) បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចការពារ​និង អភិរក្ស​សត្វ​ត្រយង​យក្ស​និង​សត្វ​ត្រយង​ចង្កំ​កស​នេះ តាមរយៈ​ការអនុវត្ត​គម្រោង​ស្រូវ​សត្វ​ត្រយង​។ នេះ​ជាការ​លើកឡើង​របស់លោក នេត្រ ភក្ត្រា ដោយបាន​បន្តថា ការអនុវត្ត​គម្រោង​នេះ ដែល​មិន​ត្រឹមតែ​ធានា​ដល់​ការផលិត​ស្រូវ​សម្រាប់​ប្រើប្រាស់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ធានាបាន​នូវ​និរន្តរភាព​សម្រាប់​ការប្រើប្រាស​ខ្សែសង្វាក់​ផ្គត់ផ្គង់​ដើម្បី​គាំទ្រ​ការអភិរក្ស​,​ការពារ​សត្វព្រៃ​, ព្រៃ​
​ឈើ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ 
 


 លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន

​ជាមួយគ្នានេះ លោក កែន សេរី​រដ្ឋា ប្រធាន​អង្គការ​WCS  បាន​បញ្ជាក់ថា គម្រោង​ស្រូវ​សត្វ​ត្រយង បាន​អនុវត្ត​ឡើង ដោយ​ធ្វើ​ការងារ​ជាមួយ​សហគមន៍​មូលដ្ឋាន​នៅក្នុង​តំបន់​ការពារ​អស់​រយៈពេល​១០​ឆ្នាំ​មកហើយ​។ លោក​បាន​បន្តថា ការអនុវត្ត​គម្រោង​នេះ គឺ​ដើម្បី​អភិរក្ស​សត្វ​ត្រយង​ផង និង លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ក្នុង​តំបន់​ផង តាមរយៈ​ការផ្សាភ្ជាប់​ជាមួយ​


លោក កែន សេរីរដ្ឋា ប្រធានអង្គការWCS  ធ្វើបទបង្ហាញពីគម្រោងស្រូវសត្វត្រយង នៅខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី៩មិថុនា ឆ្នាំ២០២០។

​ការអភិរក្ស​សត្វ​ត្រយង​ដែល​ផលប្រយោជន៍​ជា​សាច់ប្រាក់​បាន​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ 
បើតាម​ប្រធាន​អង្គការ WCS រូបនេះ  គម្រោង​ស្រូវ​សង្គ្រោះ​សត្វ​
​ព្រៃ​នេះ  ពលរដ្ឋ​ពិសេស​ប្រជាកសិករ  ដែល​ស្ថិតនៅក្នុង​គម្រោង​នេះ បាន​អនុវត្ត​សកម្មភាព ដោយ​មិន​កាប់​ទន្ទ្រាន​ឬ​ពង្រីក​ដី​ខុសច្បាប់​, គោរព​គោលការណ៍​មិន​បរបាញ់ មិន​បរិភោគ​
​មិន​ជួញដូរ​សត្វព្រៃ និង​អនុវត្ត​ផលិតកម្ម​ស្រូវ​តាម​ស្តង់ដារ​សរីរាង្គ​។ 
 

​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​គម្រោង​ស្រូវ​សត្វ​ត្រយង​នេះ​កំពុងតែ​អនុវត្ត នៅ​ភូមិ​ចំនួន​២២​នៅក្នុង​តំបន់ការពារទេសភាព​ភាគ​ខាងជើង​កម្ពុជា​។ ក្នុងនោះ​មាន ១១​ភូមិ ស្ថិតនៅ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដែន​ជម្រក​ស្វ​ព្រៃ​ឆែប និង​ដែនជម្រកសត្វព្រៃ​ព្រះ​រការ  ខេត្តព្រះវិហារ​។ មាន​៥​ភូមិ ជាប់​ព្រំប្រទល់​តំបន់​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ភាគ​ខាងលិច​, មាន​៣​ភូមិ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង ៣ ភូមិ​ទៀត​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​។​


កសិករនៅក្នុងគម្រោងស្រូវសត្វត្រយង ខេត្តព្រះវិហារ កំពុងប្រមូលស្រូវរំដួល។

​ក្នុង​ឆ្នាំ​២០២០ គម្រោង​ស្រូវ​សត្វ​ត្រយង មាន​កសិករ​ចំ​នួ​៧៥០​គ្រួសារ ដែល​រំពឹង អាច​ផលិត​ស្រូវ​សរីរាង្គ​បាន​២០០០​តោន ប្រសិនបើ​មាន​ភ្លៀង​គ្រប់គ្រាន់​។ នេះ​បើតាម​លោក កែន សេរី​រដ្ឋា ដែល​បញ្ជាក់ថា ផលិតផល​ស្រូវ​ត្រ​យ៉ង​បានទទួល​វិញ្ញាបនបត្រ​បញ្ជាក់ថា​«​ជា​ផលិតផល​សរីរាង្គ និង​មិត្តភាព​សត្វព្រៃ​»​។  សព្វថ្ងៃនេះ អង្ករ​សរីរាង្គ​របស់​គម្រោង​ស្រូវ​សត្វ​ត្រយង បាន​នាំ​ចេញទៅ ប្រទេស​សិង្ហ​បុរី អាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក និង​ទីក្រុង ហុងកុង​។  ឆ្នាំ ២០២១ គ​នឹង​ពង្រីក​ការនាំ​ចេញទៅ​ប្រទេស​អង់គ្លេស និង​អូស្ត្រាលី​ទៀត​៕ 
 

កសិករកំពុងរៀបចំសម្រាប់ដាំស្រូវ ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃ៩ មិថុនា ឆ្នាំ២០២០។

Tag:
 សត្វ​ត្រយង​
  ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com