អន្តរជាតិ
ការ​ងើប​រើ​ឡើងវិញ​នៃ​សេដ្ឋកិច្ច​វៀតណាម​ពី​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​ត្រូវបាន​កោតសរសើរ​
12, Jun 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ អ្នកលក់ដូរម្នាក់អង្គុយនៅផ្ទាំងបដាផ្សាយ ពាណិជ្ជកម្មពីផ្សារទំនើបមួយ នៅក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥។
រូបឯកសារ៖ អ្នកលក់ដូរម្នាក់អង្គុយនៅផ្ទាំងបដាផ្សាយ ពាណិជ្ជកម្មពីផ្សារទំនើបមួយ នៅក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥។
ដោយ: VOA
​នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc ញញឹម​ស្រស់ស្រាយ ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់ឧស្សាហកម្ម​មួយ កាលពី​ចុងខែ​ឧសភា​កន្លងទៅនេះ ដែល​នៅ​ទីនោះ លោកនាយក​រដ្ឋមន្ត្រី បាន​សួរនាំ​អំពី​សុខភាព​របស់​កម្មករ និង​យកដៃ​ទះ​ក្មេងៗ​លេង​ថើ​រៗ​ពេល​ចុះទៅ​ពិនិត្យមើល​កម្មករ​នៅតាម​ផ្ទះ​របស់​ពួកគេ ក៏ដូចជា​ថ្លែង​សរសើរ​ពី​ផលិតផល​បាស​បំពង​សំឡេង ដែល​កំពុង​ត្រូវបាន​ផលិត​នៅ​រោងចក្រ​ក្នុង​តំបន់ឧស្សាហកម្ម​នោះ​។​

 
​ដំណើរ​ទស្សនកិច្ច​នេះ​ជា​ផ្នែក​មួយ​នៃ​ការបើក​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​មានការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីដ​១៩​នេះ នៅ​ទូទាំងប្រទេស​វៀតណាម ទី​ដែល​មិនមាន​សញ្ញា​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ខ្លាំងក្លា ដូច​នៅ​ប្រទេស​ជាច្រើន​ទៀត​ក្នុង​ពិភពលោក​។​
 
​ដំណឹង​អាក្រក់​អំពី​ជំងឺ​កូ​វីដ​១៩​នៅ​ប្រទេស​ផ្សេងទៀត បាន​ក្លាយជា​ដំណឹង​ល្អ​ទៅវិញ​នៅក្នុង​ករណីខ្លះ​សម្រាប់​ប្រទេស​វៀតណាម​។ ដោយ​មិនមាន​ករណី​អ្នក​ឆ្លង​ថ្មី​នៅក្នុង​ប្រទេស​ក្នុង​រយៈពេល ៤៦​ថ្ងៃ បានអនុញ្ញាត​ឲ្យ​ប្រទេស​នេះ អាច​បើក​សេដ្ឋកិច្ច​ឡើងវិញ និង​មានឱកាស​ទទួលផល​ចំណេញ​ជាង​បណ្តា​ប្រទេស​ដទៃទៀត​។​
 
​ធនាគារ HSBC បាន​ហៅ​ការ​រើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​វៀតណាម​នេះ​ថា «Pho'nomenal Vietnam» ដែលជា​បន្សំ​ពាក្យ​ចេញពី​ពាក្យ​ថា «Pho» (​ហ្វឺ​) ដោយ​សំដៅ​ទៅលើ​គុយទាវ​ហ្វឺ​នៅ​វៀតណាម និង​ពាក្យ​ថា «Phenomenal» មានន័យថា «​អស្ចារ្យ​» នៅក្នុង​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ខែឧសភា និង​បាន​អះអាងថា វៀតណាម​ជា​ប្រទេស​តែមួយគត់​នៅក្នុង​តំបន់​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ក្នុង​ឆ្នាំ​២០២០​។​
 
​លោក Devendra Joshi និង​លោក Herald van der Linde អ្នក​យុទ្ធសាស្ត្រ​ផ្នែក​ទ្រព្យ​សមតុល្យ​នៅ​ធនាគារ HSBC បាន​រៀបរាប់​នៅក្នុង​របាយការណ៍​ខាងលើ​ថា «​យើង​គិតថា ភាពចលាចល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩ និង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម ដែល​កំពុងតែ​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេសមួយ​ចំនួន មិនមែនជា​បញ្ហា​សម្រាប់​វៀតណាម​នោះទេ​»​។​
 
​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​នៃ​ដំណឹង​អាក្រក់​សម្រាប់​ប្រទេស​មួយចំនួន ដូចជា អតិថិជន​ត្រូវ​ចំណាយ​ច្រើនជាង​មុន ដោយសារតែ​ការ​តម្លើង​ពន្ធ ប៉ុន្តែ​មិនបាន​បង្ក​ជា​ផលប៉ះពាល់​ដល់​វៀតណាម​នោះទេ​។ ផ្ទុយទៅវិញ វៀតណាម​ត្រូវបាន​គេ​ហៅថា ជា​អ្នកទទួល​ផលចំណេញ​នៅក្នុង​សង្គ្រាម​ពាណិជ្ជ​កម្មនេះ ដោយសារតែ​ក្រុមហ៊ុន​នានា បាន​ផ្លាស់​ចេញពី​ប្រទេស​ចិន​ទៅ​បោះ​ទីតាំងនៅ​ក្នុងប្រទេស​នេះ​។​
 
​ជំងឺ​កូ​វីដ​១៩ គឺជា ឧទាហរណ៍​មួយទៀត​បញ្ជាក់​ពី​ភាពរឹងមាំ​របស់​វៀតណាម​។ វៀតណាម​ធ្លាប់​ទទួលរង​ឥទ្ធិពល​នៃ​វីរុស​កូ​រ៉ូ​ណា ដែល​បាន​បង្ខំ​ឲ្យ​សាលារៀន និង​ក្រុមហ៊ុន​នានា​បិទទ្វារ​អស់​រយៈពេល​រាប់​សប្តាហ៍ ឬ រាប់​ខែ និង​បាន​កាត់បន្ថយ​កំណើនសេដ្ឋកិច្ច​វៀតណាម​មក​ត្រឹម ៣ កន្តក់សញ្ញា ៨ ភាគរយ​នៅក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំនេះ ដែលជា​អត្រាកំណើន​សេដ្ឋកិច្ច​ទាប​ជាងគេ​បំផុត​សម្រាប់​វៀតណាម ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ​។​
 
​អ្នកវិភាគ​និយាយថា ទោះបីជា​យ៉ាងនេះ​ក៏ដោយ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​ជា​សាកល​ជាហេតុ​ផល​មួយ​ដែល​ក្រុមហ៊ុន​ផ្សេងៗ រើ​ទៅ​វៀតណាម​។ ភាពអាសន្ន​បង្កឡើង​ដោយ​ជំងឺ​នេះ បាន​នាំ​ឲ្យ​មានការ​លុបចោល​ការហោះ​ហើរ និង​ការបិទ​ព្រំដែន ដែល​បាន​បង្អាក់​សង្វាក់​ផ្គត់ផ្គង់​លើ​សាកលលោក​។ ការណ៍​នេះ​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​នានា​បារម្ភ​ថា ពួកគេ​កំពុងតែ​ពឹងផ្អែក​ខ្លាំង​លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដែលមាន​តែ​ក្នុង​ប្រទេសមួយ ដូច្នេះ​ការជំរុញ​ឲ្យ​មានការ​ផ្គត់ផ្គង់​ពី​ច្រើន​ប្រភព មានន័យថា ក្រុមហ៊ុន​បរទេស​កាន់​តែ​ច្រើន​ឡើងទៅ​វិនិយោគ​នៅក្នុង​ប្រទេស​វៀតណាម​។​
 
ការរក្សា​គម្លាត​ពីគ្នា​នៅក្នុង​សង្គម​
 
​លោក Joshi និង​លោក van der Linde បាន​និយាយ​ក្នុង​សម្តី​ដើម​ថា​៖ «​ជំងឺ​កូ​វីដ​១៩ និង​កំណើន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន កំពុងតែ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផ្សេងៗ​ផ្លាស់ប្តូរ​សង្វាក់​ផ្គត់ផ្គង់​របស់ខ្លួន​»​។​
 
​សេដ្ឋកិច្ច​វៀតណាម​បានចាប់ផ្តើម​រើប​ឡើងវិញ​ដោយ​សន្សឹមៗ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ដក​វិធាន​ការបិទ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តំបន់​ភាគច្រើន​ក្នុងប្រទេស​កាលពី​ពាក់កណ្តាល​ខែមេសា​។ ពលរដ្ឋ​បាន​វិលត្រឡប់​ទៅធ្វើ​ការ​វិញ សិស្សានុសិស្ស បាន​ចូលរៀន​តាម​សាលារៀន​វិញ ដោយ​អនុវត្តតាម​វិធានការ​ដើម្បី​ការពារ​មិន​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដែលមាន​ដូចជា ហាង​កាហ្វេ​បានរៀបចំ​កន្លែង​អង្គុយ​ឃ្លាត​ពីគ្នា ហើយ​ហាង​លក់​ម្ហូបអាហារ​បិទ​ស្កុ​ត​ជាស​ញ្ញា​នៅលើ​ឥដ្ឋ ដើម្បី​ឲ្យ​មនុស្ស​នៅ​ដាច់ពីគ្នា​ពេល​តម្រង់​ជួរ​ជាដើម​។​
 
​ក្រុមហ៊ុន​ដែល​បាន​ចាត់វិធានការ​ពារ​ដូចខាងលើ​នេះ រួមមាន​ក្រុមហ៊ុន​រថយន្ត Ford Vietnam ផងដែរ​។ ក្រុមហ៊ុន​នេះ បាន​ចាត់វិធានការ​ផ្សេងៗ​ដូចជា ការលាង​សម្អាត​មេរោគ​ចេញពី​រថយន្ត​នៅពេល​ដាក់លក់​ឬ​ជួសជុល ការផ្លាស់ប្តូរ​មក​ប្រើ​មធ្យោបាយ​បង់ប្រាក់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់ និង​ការពិគ្រោះ​យោបល់​ផ្នែក​លក់​ដោយ​មិន​ជួប​មុខ​គ្នា​ផ្ទាល់​។​
 
​លោក Pham Van Dung នាយក​ក្រុមហ៊ុន Ford Vietnam បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា​៖
 
«​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩ បាន​បង្ក​ការលំបាក​សម្រាប់​មនុស្ស​ទូទៅ អាជីវកម្ម​និង​បណ្តា​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក​។ លោក​បាន​បន្ថែមថា ក្រុមហ៊ុន Ford Vietnam មានការ​ប្តេជ្ញា​ក្នុងការ​រក្សា​សុវត្ថិ​ភាពជា​អាទិភាព​ចម្បង​ជូ​នន​យោ​ជិ​ក ទីភ្នាក់ងារ អតិថិជន និង​ដៃគូ​របស់ខ្លួន​»​។​
 
​ឱកាស​សម្រាប់​ក្រុមហ៊ុន​បង្កើត​ថ្មី​
 
​ស្រប​ពេលដែល​ជំងឺ​កូ​វីដ​១៩ ផ្តល់ឱកាស​រីកចម្រើន​ក្នុងការ​បង្កើត​កម្មវិធី App ផ្សេងៗ ដែលមាន​ដូចជា ការប្រជុំ​ជា​វីដេអូ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការលក់​ឧបករណ៍​ហាត់​កីឡា​នៅផ្ទះ​ជាដើម​នោះ ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​មួយចំនួន​នៅ​វៀតណាម ក៏​មើលឃើញ​ឱកាស​ផងដែរ​។​
 
​ក្រុមហ៊ុន Vibeji ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ គឺជា​កន្លែង​ដែល​មនុស្ស​ទូទៅ​អាច​រកចំណូលបាន តាមរយៈ​ការផ្តល់​សេវាកម្ម​ផ្សេងៗ​តាម​វីដេអូ ដូចជា ទាយ​តាម​សន្លឹក​បៀរ​មើល​ជោគ​ជាតា​រាសី និង​ការបង្រៀន​ធ្វើ​ក្របសៀវភៅ​ជាដើម​។ ក្រុមហ៊ុន Vibeji និយាយថា នេះ​ជា​ពេលវេលា​ដ៏​ប្រសើរ​មួយ​នៅក្នុង​ការរក្សា​គម្លាត​ពីគ្នា និង​ធ្វើការ​ពី​ផ្ទះ​។​
 
​លោក Tri Lecao នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Vibeji បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា​៖
 
«​យើងទាំងអស់គ្នា​គួរតែ​ចូលរួមចំណែក​ក្នុងអំឡុងពេល​ដ៏​លំបាក​មួយ​នេះ​។ ការងា​កមក​ធ្វើការ និង​ផ្តល់​សេវាកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​»​។​
 
​ក្រុមហ៊ុន​នានា​នៅ​វៀតណាម កំពុងតែ​ប្រយ័ត្នប្រយែង​ចំពោះ​លទ្ធភាព​ដែល​វីរុស​កូ​រ៉ូ​ណា អាច​ផ្ទុះឡើង​វិញទៀត​។​
 
​លោក Herbert Laubicher-Pichler នាយក​រមណីយដ្ឋាន Alma Resort បាន​និយាយថា ជា​ឧទាហរណ៍ នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច ក្រុមហ៊ុន​មិនអាច​ត្រឹមតែ​ដាក់​ទឹក​អាកុល​លាងដៃ​ឲ្យ​អតិថិជន​ហើយ​គ្រប់គ្រាន់​នោះទេ​។ លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជាមួយនឹង​សកម្មភាព​ដែល​អាច​បង្ក​គ្រោះថ្នាក់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដូចជា ការបរិភោគ​នៅ​កន្លែង​បរិភោគ​អាហារ​ដែលមាន​ដាក់​កំប៉ុង​គ្រឿងទេស​នៅលើ​តុ​សម្រាប់​ភ្ញៀវ ជាដើម​។​
 
​លោក Laubicher-Pichler បាន​និយាយថា​៖
 
«​យើង​មិន​អាចធ្វើ​អ្វីៗ​តាម​ទម្លាប់​ដែល​យើង​ធ្លាប់ធ្វើ​ពីមុន ដោយ​ធ្វើជា​ថា មិនមាន​អ្វី​កើតឡើង​នោះទេ​។ យើង​មិន​ចង់​បាត់បង់​នូវ​សមិទ្ធផល​ការងារ​ល្អ ដែល​សម្រេចបាន​នៅ​វៀតណាម​មកទល់នឹង​ពេលនេះ នោះទេ​»៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com