អត្ថបទពាណិជ្ជកម្ម
ក្រសួងបរិស្ថាន ក្រសួង​អប់រំ និង​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា បាន​សហការ​រៀបចំ​ពិធី​ប្រគល់​ធុង​បែងចែក​សំរាម​ជូន​សាលារៀន​នៅ​ខេត្ត​ព្រះសីហនុ​
12, Jun 2020 , 3:23 pm        
រូបភាព
​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ  ក្រសួងបរិស្ថាន  ក្រសួង​អប់រំ យុវជន និង​កីឡា  និង​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា  បាន​សហការ​រៀបចំ​ពិធី​ប្រគល់​ធុង​បែងចែក​សំរាម​ចំនួន ៥០​ធុង មាន​ចំនួន​សរុប ១៣០ ប្រឡោះ  ជូន​ដល់​សាលារៀន​ចំនួន​១០ នៅក្នុង​ខេត្ត​ព្រះសីហនុ  ដែល​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ជួប ប៉ារីស៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន តំណាង​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​
​កិច្ចសហការ​នេះ ធ្វើឡើង​ដើម្បី​បញ្ជ្រាប​ការយល់ដឹង ពី​ការគ្រប់គ្រង​សំណល់​រឹង​នៅតាម​សាលារៀន  ជាពិសេស​ផ្តោត​សំខាន់​លើ​ការបែងចែក​សំណល់​កែច្នៃ  មិនអាច​កែច្នៃ និង​សំណល់​សរីរាង្គ  ក៏ដូចជា​ការ​បំផុសស្មារតី ស្រលាញ់​បរិស្ថាន​នៅ​ជុំវិញខ្លួន ទៅដល់​សិស្សានុសិស្ស ដែលជា​ទំពាំង​ស្នង​ឫស្សី​ផងដែរ​។ ការ​មាន​ទម្លាប់​ល្អ​នៅ​សាលា​ល​រៀន សិស្សានុសិស្ស​អាច​យកទៅ​ផ្សព្វផ្សាយ​និង​អនុវត្ត​ល្អ​នៅ​គេហដ្ឋាន​របស់​ពួកគេ​។​
 



​លោក មាស វុត្ថា នាយក​ផ្នែក​លក់​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា បាន​មានប្រសាសន៍​ក្នុង​ពិធី​ថា​៖«​កិច្ចសហការ​នា​ថ្ងៃនេះ គឺជា​ផ្នែក​មួយ​នៃ​ការជួយ​គាំទ្រ​គម្រោង​ជាស​កល របស់​កូ​កា​-​កូ​ឡា ដែលមាន​ឈ្មោះថា «​ពិភពលោក​គ្មាន​សំរាម​»  ដែល​អនុវត្តតាម​សរសរ​ស្តម្ភ ៣ គឺ «​រចនា​» «​ប្រមូល​កែច្នៃ​» និង «​ចាប់​ដៃគូ​សហការ​» ។  លោក​បាន​បន្តទៀតថា  ក្រុមហ៊ុន​កំពុង​ព្យាយាម​គ្រប់​សកម្មភាព ដើម្បី​សម្រេច​ឱ្យបាន​ក្នុង​ឆ្នាំ​២០៣០ នូវ​គោលដៅ «​ប្រមូល​» ឱ្យបាន ៥០% នៃ​ចំនួន​សំបក​វេច​ខ្ចប់​សរុប ដែល​យើង​បាន​ប្រើប្រាស់​យកទៅ​កែច្នៃ​ឡើងវិញ​។  ជា​សក្ខីភាព​នៃ​ការសម្រេចបាន​មួយ​ជំហាន​ទៀត របស់​ក្រុមហ៊ុន ចំពោះ​គោលដៅ​ជា​សាកល​របស់​យើង  ក្នុង​ឆ្នាំ​២០២០​នេះ  ។ យើង នឹង​ចេញលក់​ទឹក​ពិសា​ដា​សានី​ចំណុះ ៣៥០ មី​លី​លីត្រ ដែលជា​សំបក​វេច​ខ្ចប់  ផលិត​ពី​ប្លា​ស្ទិ​ក​កែច្នៃ​រួច ១០០% ឬ​ហៅថា «RPET» ដោយ​អនុលោម​តាម​ស្តង់ដារ​អូស្ត្រាលី និង​កាណាដា​»​។​
 



​លោក ជួប ប៉ារីស៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួងបរិស្ថាន  ក៏បាន​ថ្លែង​ចំពោះ​កិច្ចសហការ​នេះ​ថា​៖ «​ការគ្រប់គ្រង​សំណល់ និង​បរិស្ថាន ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល  គឺជា​កាតព្វកិច្ច​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់  រួមទាំង​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​គ្រប់រូប​ផងដែរ​។  ក្នុងន័យនេះ  ការចូលរួម​របស់​វិស័យ​ឯកជន ក្នុង​កិច្ច​គាំពារ​បរិស្ថាន គឺជា​ទង្វើ​ដ៏​ប្រពៃ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​សាមគ្គី​របស់​វិស័យ​ឯកជន ចំពោះ​បរិស្ថាន​កម្ពុជា​។  ខ្ញុំ​ជឿជាក់ថា  កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល  ដោយមាន​ការចូលរួម​ពី​វិស័យ​ឯកជន   ជាពិសេស​ការយល់ដឹង​ពី​ការគ្រប់គ្រង​សំណល់​រឹង របស់​សិស្សានុសិស្ស ប្រជាពលរដ្ឋ នឹងធ្វើ​ឱ្យ​បរិស្ថាន​កម្ពុជា​មាន​ភាព​ប្រសើរឡើង​»​។​
 



​ក្រោម​គម្រោង​ជាស​កល «​ពិភពលោក​គ្មាន​សំរាម​» គិត​ចាប់ពី​ចុងឆ្នាំ​២០១៨ រហូតមកដល់​ត្រឹម​ថ្ងៃនេះ  ក្រុមហ៊ុន​កូ​កា​-​កូ​ឡា និង​ដៃគូ​សហការ​ទាំងអស់ បានរួម​គ្នា​ផ្តល់​ធុង​បែក​ចែក​សំរាម​ជាង​៨០០​ធុង និង​សារ​បំផុសស្មារតី​ស្រលាញ់​បរិស្ថាន​រាប់រយ​ផ្ទាំង ជូន​ដល់​សាលារៀន និង​សហគមន៍​នៅ​ទូទាំងប្រទេស​។  បន្ទាប់ពី​កម្មវិធី​ថ្ងៃនេះ  នៅមាន​ធុងសំរាម​ចំនួន​ជាង ២០០ ទៀត  កំពុងតែ​ផលិត​ទុក​សម្រាប់​ផ្តល់ជូន​សាលារៀន និង​សហគមន៍ ក្នុង​ឆ្នាំ​២០២០ នេះ ៕
 





(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com