សង្គមអន្តរជាតិ​
អន្តរជាតិ
ខួប​ពីរ​ឆ្នាំ​ជំនួប​ត្រាំ​-​គីម​, កូរ៉េខាងជើង​រិះគន់​អាមេរិក និង​គំរាម​បង្កើន​សមត្ថភាព​ដើម្បី​ទប់ទល់​ការ​គំរាម
12, Jun 2020 , 3:41 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (ខាងឆ្វេង) ជាមួយនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាជំនួបនៅសិង្ហបុរី ក្នុងឆ្នាំ២០១៨។ រូបភាព៖ AFP
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (ខាងឆ្វេង) ជាមួយនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាជំនួបនៅសិង្ហបុរី ក្នុងឆ្នាំ២០១៨។ រូបភាព៖ AFP
​កូរ៉េខាងជើង មានលទ្ធភាព​តិចតួច​ណាស់ ក្នុងការ​រក្សា​ចំណងមិត្តភាព​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន បើសិន​បើ​អាមេរិក នៅតែ​បន្ត​គោលនយោបាយ​បង្ក​សត្រូវ​តទៅទៀត​។ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង Ri Son Gwon ព្រមាន​បែបនេះ​នៅ​ថ្ងៃទី​១២ ខែមិថុនា ចំពេល​ខួប​ពីរ​ឆ្នាំ​នៃ​ជំនួប​រវាង​ត្រាំ​-​គីម នៅ​សិង្ហ​បុរី​។

 
​ពីរ​ឆ្នាំមុន ក្នុង​ថ្ងៃទី​១២ ខែមិថុនា ជំនួប​ប្រវត្តិសាស្ត្រ​លើក​ទី​១ រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង​បានកើត​ឡើង​។ ប៉ុន្តែ​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន គឺ​ទទួលបាន​លទ្ធផល​ផ្កែ​ផ្កា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ជំនួប​ប្រវត្តិសាស្ត្រ​នេះ ក៏​ជា​ចំណុច​ផ្តើម ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទីក្រុង​ព្យុងយ៉ាង និង​វ៉ាស៊ីនតោន​ល្អ​ជាង​មុន​ខ្លះ​ដែរ​។ 
 
​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA លោក Ri Son Gwon រដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​លើកឡើងថា ក្នុងពេល​ប្រជាជន​ប្រទេស​ទាំងពីរ​ចង់បាន​សន្តិភាព អាមេរិក​បែរជា​ចង់​ឲ្យ​ស្ថានភាព​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​អាក្រក់​ជាង​មុន​។ បើតាម​ប្រមុខ​ការទូត​រូបនេះ ក្តីសង្ឃឹម​ក្នុងការ​កែលម្អ​ទំនាក់ទំនង​កូរ៉េខាងជើង​និង​អាមេរិក បាន​ផ្លាស់ប្តូរ​ទៅ​ស្ថានការណ៍​ដ៏​អាក្រក់ ដោយសារតែ​ការបំផ្លាញ​របស់​អាមេរិក​។ ចំណែក​ភាព​វិជ្ជមាន​បន្តិចបន្តួច​នៃ​សន្តិភាព និង​វិបុលភាព​នៅ​ឧបទ្វីប​កូរ៉េ​ក៏​បាត់​បង់អស់​ដែរ​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​នេះ រដ្ឋមន្ត្រី​កូរ៉េខាងជើង ក៏​អះអាង​ទៀតថា អាមេរិក ចង់​ឲ្យ​មានការ​កែលម្អ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង ប៉ុន្តែ​ផ្ទុយទៅវិញ​អាមេរិក​បែរជា​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​។ ជាការ​ព្រមាន កូរ៉េខាងជើង បាន​អះអាងថា ពេលនេះ ឧបទ្វីប​កូរ៉េ បាន​ក្លាយជា​តំបន់​ដ៏​គ្រោះថ្នាក់​ខ្លាំង​បំផុត  ដែល​ត្រូវ​លងបន្លាច​ដោយ​ស្រមោល​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​។  
 
​ក្រៅពី​លើកឡើង​ពី​គ្រោះថ្នាក់​នៅលើ​ឧបទ្វីប​កូរ៉េ លោក​រដ្ឋមន្ត្រី​កូរ៉េខាងជើង ក៏បាន​ចោទ​អាមេរិក ចង់យក​ការកែលម្អ​ទំនាក់ទំនង ដើម្បី​បិទបាំង​ការផ្លាស់ប្តូរ​របប​ដែរ ព្រោះ​កន្លងមក អាមេរិក​មិនបាន​ធ្វើ​សម្បទាន​អ្វី​ឡើយ​ជាមួយ​កូរ៉េខាងជើង​។ ទាក់ទិន​នឹង​បញ្ហា​នេះ លោក Ri បាន​អះអាងថា កូរ៉េខាងជើង នឹង​ឈប់​ផ្តល់​អ្វី​ដល់​អាមេរិក​ទៀតហើយ ព្រោះ​ទីក្រុង​ព្យុងយ៉ាង មិនបាន​ទទួល​អ្វី​តប​វិញ​។ 
 
​ដោយ​ប្រើពាក្យ​ព្រមាន​ចំៗ​ទៅ​អាមេរិក លោក​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​ដែល​ទើប​កាន់តំណែង​រូបនេះ បាន​លើកឡើងថា ទីក្រុង​ព្យុងយ៉ាង បានសម្រេច​ពង្រឹងកម្លាំង​ការពារ​ខ្លួន​បន្ថែមទៀត ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន​។ 
 
​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០១៨ មក លោក ត្រាំ ជួប​លោក គីម ៣​លើក ដើម្បី​ជជែក​ពី​កិច្ចព្រមព្រៀង​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​។ លើក​ទី​១ នៅលើ​ទឹកដី​សិង្ហ​បុរី​, លើក​ទី​ពីរ នៅ​ប្រទេស​វៀតណាម និង​លើក​ទី​៣ នៅ​តំបន់​គ្មាន​យោធា ក្នុង​ឧបទ្វីប​កូរ៉េ​។ យ៉ាងណាក៏ដោយ ជំនួប​ទាំងបី​លើក​នេះ មិន​ទទួលបាន​ជោគជ័យ​ដែល​ឈានដល់​ការរំសាយ​នុយក្លេអ៊ែរ​ឡើយ​៕

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com