ពុល​ស្រា តាំង គួ​យ​៖ អ្នកស្លាប់​កើនឡើង​៧​នាក់ ហើយ​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ កើន​ដល់​៣៤​នាក់​
ជាតិ
ពុល​ស្រា តាំង គួ​យ​៖ អ្នកស្លាប់​កើនឡើង​៧​នាក់ ហើយ​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ កើន​ដល់​៣៤​នាក់​
12, Jun 2020 , 4:35 pm        
រូបភាព
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំនាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់លោក អ៊ុំ រាត្រី)
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំនាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់លោក អ៊ុំ រាត្រី)
​ភ្នំពេញ​៖ អ្នក​ពិសា​ស្រាថ្នាំ​ប៉ូវ​កម្លាំង​ឈ្មោះ តាំង គួ​យ បាន​ពុល​ជា​បន្តបន្ទាប់ បណ្ដាល​ឲ្យ​អ្នកស្លាប់​កើន​ដល់​៧​នាក់ និង អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កើន​ដល់​៣៤​នាក់ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ​។ 


​លោក ចាន់ សុ​វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃនេះ​ថា​៖«​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ​ទាំងអស់​មាន​៣៤​នាក់ ហើយ​ក្នុងចំណោម​៣៤​នាក់​នេះ មាន​៣​នាក់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​សៀមរាប ប៉ុន្តែ​មកដល់ពេលនេះ មាន​ស្ថានភាព​ល្អប្រសើរ​ហើយ​»​។ 
 
​អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី អះអាងថា លោក បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចុះ​ប្រមូល​ស្រាថ្នាំ តាំង គួ​យ និង​ចាត់វិធានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ស្រា​មាន​ជាតិពុល​នេះ ឲ្យ​ពលរដ្ឋ​បានដឹង​ផងដែរ​។ 
 
​លោក អ៊ុំ រាត្រី ដែល​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ដែរនោះ មានប្រសាសន៍ថា​៖«​ទីតាំង​ធំ ដែល​ចែកចាយ​ស្រា តាំង គួ​យ គឺ​នៅ​ភ្នំពេញ​។ សមត្ថកិច្ច នឹង​បន្ត​តាមដាន​លើ​រឿងនេះ​»​។ 
 
​ករណី​ពុល​ស្រា​នេះ បានកើត​ឡើង​តាំង​ថ្ងៃទី​៧ ខែមិថុនា​មក នៅ​ស្រុក​ម៉ាឡៃ ស្រុក​មង្គល​បូរី និង ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ នៅ​ថ្ងៃ​ម្សិលមិញ (១១​មិថុនា​) អាជ្ញាធរ ផ្តល់ព័ត៌មាន​ថា មាន​ពលរដ្ឋ​៤​នាក់​ស្លាប់ និង​២៧​នាក់ ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​។​
 
​ក្រោយ​មាន​ករណីនេះ លោក អ៊ុំ រាត្រី ក៏​ប្រញាប់​ចេញ​ជូនដំណឹង ដោយ​ប្រាប់​ឲ្យ​អាជីវករ​ទាំងអស់​ក្នុង​ខេត្តបន្ទាយមានជ័យ ផ្អាក​លក់​ស្រាថ្នាំ តាំង គួ​យ​។ លោក លើកឡើង ក្នុង​សេចក្តីជូនដំណឹង​ថា មន្ទីរជំនាញ កំពុង​យក​វត្ថុតាង​ទៅធ្វើ​តេស្ត​រកសារ​ធាតុ​ផ្សំ​។ 
 
​មកដល់​ថ្ងៃទី​១២ ថិ​មុ​នា​នេះ មន្ត្រី​ពាក់ព័ន្ធ ដើរ​ប្រមូល​ស្រាថ្នាំ តាំង គួ​យ បាន​ជាង​១,៣ម៉ឺនដប នៅតាម​ទីតាំង​នានា ក្នុង​ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​៕
 

Tag:
 ស្រាថ្នាំ តាំង កួយ​
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com