COVID-19
អន្តរជាតិ
ទូតចិន ហៅអាមេរិកជាមេបង្កបញ្ហាក្នុងទំនាក់ទំនងចិន-កាណាដា អគ្គរដ្ឋទូតចិនប្រចាំកាណាដា លោក Cong Peiwu (AFP)
× សហរដ្ឋអាមេរិក កំពុងប្រើប្រាស់ករណីមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនទូរគមនាគមន៍ចិនម្នាក់ដែលត្រូវបានចាប់ឃាត់ខ្លួនក្នុងទីក្រុង Vancouver តាមដីកាអាមេរិកកាលពី១៨ខែមុន ដើម្បីបង្កើតភាពល្អក់កករក្នុងទំនាក់ទំនងរវាងចិននិងកាណាដា។ ប្រេសិតចិនប្រចាំកាណាដា និយាយបែបនេះ នៅថ្ងៃទី១១ខែមិថុនា។
«សហរដ្ឋអាមេរិក កំពុងកេងចំណេញពីកាណាដា ហើយសហរដ្ឋអាមេរិក គឺជា មេបង្ករឿងក្នុងទំនាក់ទំនងចិន-កាណាដា»។ អគ្គរដ្ឋទូតចិនប្រចាំក្រុង អូតាវ៉ា លោក Cong Peiwu ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងបទសម្ភាសតាមទូរសព្ទបែបនេះ ។
អ្នកគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចិន Huawei Technologies Co អ្នកស្រី Meng Wanzhou ត្រូវបានចាប់ឃាត់ខ្លួនក្រោមដីកាបោកប្រាស់ធនាគារ ដែលចេញដោយអាជ្ញាធរអាមេរិក។ ជាជនជាតិចិន និងកូនស្រីរបស់លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុន Huawei អ្នកស្រី Meng អះអាងថា អ្នកស្រីស្អាតស្អំ។
ក្រោយសាកសួរពាក់ព័ន្ធឯករាជ្យភាពនៃប្រព័ន្ធតុលាការកាណាដា លោកអគ្គរដ្ឋទូត Cong បានលើកឡើងពីសម្តីលោក ដូណាល់ ត្រាំ កាលពីខែធ្នូ ឆ្នាំ២០១៨ ដែលលោកបាននិយាយថា ករណីចាប់ខ្លួនអ្នកស្រី Meng គឺជាឧបទ្ទវហេតុនយោបាយច្រើនជាងករណីតុលាការធម្មតា។ កាលនោះ លោក ត្រាំ ធ្លាប់អះអាងថា លោកនឹងលូកដៃចូលក្រសួងយុត្តិធម៌អាមេរិកក្នុងករណី Meng បើវានឹងជួយឲ្យក្រុងវ៉ាស៊ីនតោនសម្រេចកិច្ចព្រមព្រៀងជាមួយប៉េកាំង។
«យើងជឿជាក់ថា នេះគឺពិតជាឧបទ្ទវហេតុនយោបាយធ្ងន់ធ្ងរមួយ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ខ្ពស់ចិន»។ អគ្គរដ្ឋទូតចិនប្រចាំកាណាដា លើកឡើងបែបនេះ។ ទោះជាបែបនេះក្តី លោក Cong ពុំបញ្ជាក់ថា តើចិននឹងវាយបកប្រឆាំងការសម្រេចរបស់តុលាការកាណាដាកាលពីខែមុន ឬយ៉ាងណា ដែលនឹងអូសបន្លាយសវនាការរបស់អ្នកស្រី Meng ។
ភ្លាមៗក្រោយការចាប់ឃាត់ខ្លួនរបស់អ្នកស្រី Meng ក្រុងប៉េកាំងបានសម្រេចចាប់ឃុំខ្លួនជនជាតិកាណាដា២នាក់លើបទចោទសន្តិសុខជាតិ ហើយថែមទាំងផ្អាកការនាំចេញផលិតផលកសិកម្មកាណាដាផងដែរ។
កន្លងទៅ នៅពេលសាកសួរពាក់ព័ន្ធករណីអ្នកស្រី Meng នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានសង្កត់ធ្ងន់ថា ប្រព័ន្ធតុលាការប្រទេសលោក គឺមានភាពឯករាជ្យ ហើយលោកក៏បានទទូចឲ្យមានការដោះលែងជនជាតិកាណាដាពីរនាក់ដែលចិនចាប់ឃុំឃាំងរួមមាន អ្នកជំនួញ Michael Spavor និងអតីតមន្ត្រីទូត Michael Kovrig ។
ជាការឆ្លើយតប ប្រេសិតចិន បានអះអាងថា ជនជាតិកាណាដា២នាក់នេះ មានសុខភាពល្អ តែការសុំចូលសួរសុខទុក្ខពីស្ថានកុងស៊ុល នៅតែត្រូវផ្អាក ព្រោះការរឹតត្បិត COVID-19 ហើយនឹងដំណើរការឡងវិញនាពេលឆាប់ៗ៕
Tag:
ចិន
កាណាដា
សហរដ្ឋអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com