COVID-19
អន្តរជាតិ
កម្ពុជាទិញ​រថយន្តយោធា​ជិត​៣០០​គ្រឿង​ពី​ចិន តែ​NGO ថា រដ្ឋ​គួរប្រើ​ថវិកា​ឱ្យចំ​គោលដៅ​នៃ​វិបត្តិ​កូ​វីដ​-១៩
12, Jun 2020 , 8:39 pm        
រូបភាព
ចិនផ្ដល់រថយន្តយោធាមកកម្ពុជា កាលពីឆ្នាំ២០១៤ (រូប Xinhua)
ចិនផ្ដល់រថយន្តយោធាមកកម្ពុជា កាលពីឆ្នាំ២០១៤ (រូប Xinhua)
​ភ្នំពេញ​៖ ​កម្ពុជា តាម​រយៈការអំពាវនាវរបស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រមូលថវិការបស់សប្បុរសជនក្នុងស្រុក ដើម្បីបញ្ជា​ទិញ​រថយន្ត​ធុន​ធំ ២៩០​គ្រឿង​ពី​ចិន សម្រាប់​យកមកប្រើ​ប្រាស់​ក្នុង​វិស័យ​យោធា​។ អ្នកតាមដាន​ស្ថានការណ៍​សង្គម យល់ឃើញថា កម្ពុជា​មិនគួរ​ទិញ​រថយន្តយោធា​នោះទេ ខណៈដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​រាតត្បាត និង​គំរាមកំហែង​ទូទាំង​ពិភពលោក​។​

 
​នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា (ANSA) លោក សន ជ័យ យល់ថា កម្ពុជា មិនទាន់មាន​ភាពចាំបាច់​អ្វី ក្នុង​ការទិញ​រថយន្ត​យោធា​នៅពេលនេះ​ទេ​។ សម្រាប់​លោក សន ជ័យ រដ្ឋាភិបាល​គួរតែ​ប្រើប្រាស់​ថវិកា​ឱ្យបាន​ត្រឹមត្រូវ ក្នុងអំឡុងពេល​នៃ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​នេះ​។ 
 
​លោក សន ជ័យ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​បណ្ដា​អង្គការ​ផ្នែក​សេដ្ឋកិច្ច ដូចជា​ធនាគារពិភពលោក​ជាដើម គេ​បាន​ព្យាករ​អំពី​ហានិភ័យ​ខ្ពស​នៃ​សេដ្ឋកិច្ចកម្ពុជា​។ អ៊ីចឹង​ការទិញ​ដូរ​(​រថយន្តយោធា​)​នៅពេលនេះ ដែល​ខ្ញុំ​យល់ថា វា​មិនទាន់មាន​ភាពចាំបាច់​ខ្លាំង ឬក៏​អាទិភាព​អ្វី​នៅក្នុង​ការប្រើប្រាស់​រថយន្ត​យោធា​នោះទេ ព្រោះ​កម្ពុជា​មានការ​អះអាងថា មាន​ប្រាក់​បដិភាគ​គ្រប់គ្រាន់​ហើយ ដូច្នេះ​វា​ជា​រឿង​មួយ​គួរតែ​គិតគូ ការប្រើប្រាស់​ថវិកា​ពី​រឿង​ទប់ស្កាត់ ឬ​ដោះស្រាយ​បញ្ហា​កូ​វីដ​-១៩»​។​
 
ការទិញរថយន្តយោធាទាំងនេះ មិនត្រូវបាន​ប្រើប្រាស់ថវិការបស់រដ្ឋឡើយ។ ​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវដល់សប្បុរសជនក្នុងស្រុកនានាដើម្បីប្រមូលថវិកា​ទិញ​រថយន្ត​ធុន​ធំ ២៩០​គ្រឿង​ពី​ចិន សម្រាប់​យកមកប្រើ​ប្រាស់​ក្នុង​វិស័យ​យោធា​។
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​កងទ័ពជើងគោក​ លោក ម៉ៅ ផល្លា បាន​បញ្ជាក់ថា​៖«​ថវិកានេះ គឺជាថវិកាសប្បុរសជនដែលបានផ្តល់ជូនសម្តេច ដើម្បី​ឧបត្ថម្ភដល់​កងយោធពល​ខេមរភូមិន្ទ និងនគរបាលជាតិ​»​។​
 
​តែ​យ៉ាងណា​លោក ម៉ៅ ផល្លារ មិនអាច​បញ្ជាក់ថា កម្ពុជា​បាន​ចំណាយ​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​នៃ​មូលនិធិ សម្រាប់​ទិញ​រថយន្តយោធា​២៩០​គ្រឿង​នេះឡើយ​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ គ្រាន់តែ​បញ្ជាក់ថា ការទិញ​រថយន្ត​នេះ ដើម្បី​យកមកប្រើ​ប្រាស់​ក្នុង​វិស័យ​យោធា សម្រាប់​ដឹកជញ្ជូន​កងកម្លាំង និង​ពលរដ្ឋ​ពេល​មាន​គ្រោះអាសន្ន​ជាដើម ពោលគឺ​មិនមែន​សម្រាប់​យកមក​គំរាមកំហែង​ពលរដ្ឋ​ទេ​។  
 
«​សម្រាប់​រថយន្ត​នេះ គឺ​យកមក​បម្រើការ​សម្រាប់​ជាតិ​ទាំងអស់ បើ​មាន​តម្រូវ​ការដឹក​ប្រជាជន គឺ​ដឹកជញ្ជូន​ប្រជាជន ហើយនឹង​ដឹក​ចល័ត​ទ័ព​ផ្សេងៗ​ទៀត​ជារួម​ក្នុង​យោធពលខេមរភូមិន្ទ​ផង និង​អនុវត្តតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ផង​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​កងទ័ពជើងគោក​។​
 
 
​នៅក្នុង​អំឡុងពេល​ទប់​ស្កាត់​ជំងឺ​កូ​វីដ​-១៩​នេះ ប្រមុខ​រដ្ឋាភិបាល បាន​បង្កើត​មូលនិធិ​មួយ ដោយ​ឱ្យ​សប្បុរសជន​បរិច្ចាគ​ថវិកា​តាម​សទ្ធា ។ តាមរយៈ​ការអំពាវនាវ​របស់​ស​ម្ដេច ហ៊ុន សែន  នោះ ក៏មាន​សប្បុរសជន​ប​រិ​ច្ចាគ​ប្រាក់​ជា​បន្តបន្ទាប់ ដែលមាន​ទឹកប្រាក់​ជាង​១៤​លាន​ដុល្លារ ។ ក្រៅពីនេះ ក៏មាន​មន្ត្រី​រដ្ឋ នៅតាម​ក្រសួង និង​ស្ថាប័ន ចំនួន​៤១ បាន​កាត់​ប្រាក់បៀវត្សរ៍ ចន្លោះ​ពី​១​ខែ ដល់​៧​ខែ ដោយមាន​ទឹកប្រាក់​ជាង​៩,៣​លាន​ដុល្លារ​ទៀតផង​។ នេះ​បើតាម​តួលេខ​ថវិកា ដែល​ក្រសួងសុខាភិបាល បានប្រកាស​នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​៤ ខែឧសភា កន្លងមក​៕
 
 

Tag:
 កងទ័ព​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com