កីឡាអន្តរជាតិ
អន្តរជាតិ
Van Dijk ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Liverpool ទោះ PSG ហ៊ាន​ឲ្យ​១​សប្តាហ៍ ៣៥​ម៉ឺន​ដុល្លារ​
12, Jun 2020 , 5:07 pm        
រូបភាព
​ខ្សែការពារ Virgil van Dijk យល់ព្រម​បន្ត​កិច្ចសន្យា​ជាមួយ Liverpool បន្ថែមទៀត​ដោយ​កើន​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍ ២៤​ម៉ឺន​ផោន (​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក​)​។ បើតាម​ការចុះផ្សាយ​រប​ស់ The Sun ការបន្ត​កិច្ចសន្យា​នេះ កើតឡើង​បន្ទាប់ពី Paris Saint-Germain បាន​ចូល​ចែចូវ​យក​ខ្សែការពារ​ហូ​ឡង់​រូបនេះ​ដោយ​ផ្តល់​ថ្លៃ​ពលកម្ម ២៨​ម៉ឺន​ផោន (​ជាង​៣៥​ម៉ឺន​ដុល្លារ​) ក្នុង​១​សប្តាហ៍ ពោលគឺ​លើស​ប្រាក់​ឈ្នួល​សព្វថ្ងៃ​ជិត​១៣​ម៉ឺន​ដុល្លារ​។​


Van Dijk ដែល​ផ្លាស់​ពី Southampton កាលពី​ឆ្នាំ​២០១៨ ក្នុងតម្លៃ​កំណត់ត្រា​ក្លិប​គ្រោង​នឹង ស្នាក់នៅ Anfield រហូតដល់​ឆ្នាំ ២០២៥ បន្ទាប់ពី​យល់ព្រម​បន្ត​បន្ត​កិច្ចសន្យា​ថ្មី​។ កិច្ចសន្យា​ថ្មី​នឹងធ្វើ​ឲ្យ​ខ្សែការពារ​វ័យ​២៨​ឆ្នាំ​រូបនេះ ក្លាយជា​កីឡាករ ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ច្រើនជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប Liverpool ពោលគឺ​លើស​មិត្ត​រួម​ក្រុម Mohamed Salah ដែល​រកបាន​ចំនួន ២០​ម៉ឺន​ផោន (​ជាង​២៥​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍​។​
 
​ដោយសារ​ភាពលេច​ធ្លោ​ជាមួយ​ក្រុម​ហង្ស​ក្រហម Van Dijk បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម Real Madrid និង​ក្លិប​យក្ស​បារាំង PSG នៅ​រដូវ​កាល​នេះ​។​
​បើ​យោងតាម​កាសែត The Sun ម្ចាស់​ជើងឯក Ligue 1 បារាំង​រដូវ​កាល​នេះ ថែមទាំង​ផ្តល់​កិច្ចសន្យា​ដល់ Van Dijk ដោយ​ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​ដល់​ទៅ​ជាង​៣០​ម៉ឺន​ដុល្លារ មុនពេល​ខ្សែការពារ​អន្តរជាតិ​ហូ​ឡង់​រូបនេះ​សម្រេចចិត្ត​ស្នាក់នៅ​ជាមួយ​ក្រុម​អង់គ្លេស​បន្តទៀត​។​
 
​ការ​ហ៊ាន​ផ្តល់ប្រាក់​ឈ្នួល​ច្រើនសន្ធឹក​ដល់ Van Dijk បែបនេះ​ព្រោះ PSG ត្រូវការ​ខ្សែការពារ​កណ្តាល​ជា​ចាំបាច់​សម្រាប់​រដូវ​កាល​ថ្មី បន្ទាប់ពី​ប្រធាន​ក្រុម Thiago Silva នឹង​ចាក​ចេញពី​ក្លិប​ក្នុងពេល​ឆាប់ៗ​នេះ​។ ក្រៅពី Van Dijk ខ្សែការពារ​ឆ្នើម Kalidou Koulibaly របស់ Napoli ក៏​ជា​គោលដៅ​សំខាន់​សម្រាប់ PSG ផងដែរ​៕

Tag:
 Liverpool
  Virgil van Dijk
  Paris Saint-Germain
© រក្សាសិទ្ធិដោយ thmeythmey.com