COVID-19
អន្តរជាតិ
ថៃ នឹងដកបម្រាមគោចរទូទាំងប្រទេស ហើយត្រៀមទទួលជនបរទេសឡើងវិញ ប្រភពរូប៖ Reuters
× ថៃ នឹងដកហូតបម្រាមគោចរទូទាំងប្រទេស និងបន្ធូរបន្ថយការរឹតត្បិតបន្ថែមទៀត នាសប្តាហ៍ក្រោយ។ អ្នកនាំពាក្យក្រុមការងារប្រយុទ្ធប្រឆាំង COVID-19 ថៃ បញ្ជាក់បែបនេះនៅថ្ងៃទី១២ ខែមិថុនា។ ការសម្រេចនេះ ធ្វើឡើងក្រោយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះរាយការណ៍គ្មានករណីចម្លងCOVID-19ក្នុងស្រុក១៨ថ្ងៃជាប់គ្នា។ ថៃ ក៏កំពុងរៀបចំបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញផងដែរ។
«បម្រាមគោចរនឹងត្រូវដកហូតនាថ្ងៃទី១៥ ខែមិថុនា អមជាមួយការបន្ធូរបន្ថយចំណាត់ការរឹតត្បិតផងដែរ»។ អ្នកនាំពាក្យមជ្ឍមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 លោក Taweesin Wisanuyothin និយាយដូច្នេះ ដោយបន្ថែមថា វិធានគម្លាតសុវត្ថិភាពសង្គមតឹងរ៉ឹង នៅតែត្រូវការរក្សាក្នុងសកម្មភាពនានាទាំងអស់នៅទីសាធារណៈ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។
ទន្ទឹមនេះ លោក Taweesin បញ្ជាក់ថា ថៃ ក៏កំពុងរៀបចំបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញដោយបង្កើតអ្វីដែលហៅថា «ពពុះសាប៊ូធ្វើដំណើរ (Travel Bubbles)» ជាមួយបណ្ដាដែលបានទប់ស្កាត់ COVID-19 ដោយជោគជ័យ។ យ៉ាងណាមិញ លោកពុំបានបង្ហើបកាលបរិច្ឆេទជាក់លាក់ឡើយ។ យន្តការនេះ ជាការបើកផ្លូវដល់ការធ្វើដំណើរជាថ្មីរវាងថៃ និងប្រទេសទាំងឡាយដែលមានហានិភ័យទាប។
បើតាមលោក លោក Taweesin ការធ្វើដំណើរអាចបើកឡើងវិញជាមួយប្រទេសដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ និងប្រជាជាតិក្នុងតំបន់មជ្ឈិមបូព៌ាខ្លះ ក៏ដូចជាប្រទេសជិតខាង ដូចជា ឡាវ មីយ៉ាន់មា់ និងកម្ពុជា ។ មន្ត្រីថៃខាងលើ បន្ថែមថា ក្រុមមនុស្សគោលដៅគឺជាអ្នកជំនួញ និងអ្នកដែលចង់ទទួលការព្យាបាលនិងសេវ៉ាកម្មផ្នែកវេជ្ជសាស្ត្រក្នុងប្រទេសថៃ។
បើតាម Reuters លោក Taweesin អះអាងទៀតថា សាលារៀនមានសិស្សតិចជាង១២០នាក់ សាលពិព័រណ៍ ការប្រគុំតន្ត្រី ផលិតកម្មភាពយន្ត ឧទ្យាន ការប្រកួតកីឡាដោយគ្មានអ្នកចូលទស្សនា និងការលក់គ្រៀងស្រវឹងក្នុងភោជនីយដ្ឋាន អាចដំណើរការជាថ្មី ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយតទៅ។ ក៏ប៉ុន្តែ លោកសង្កត់ធ្ងន់ថា កន្លែងច្រៀងការ៉ាអូខេ បារ និងតៀមស្រា នឹងនៅតែបន្តបិទទ្វារដដែល។
រដ្ឋាភិបាលថៃ ពុំទាន់កំណត់ថ្ងៃជាក់លាក់លើការបន្ធូរបន្ថយការរឹតត្បិតការមកដល់របស់ជនបរទេស ដែលនៅតែហាមប្រាមរហូតដល់ចុងខែមិថុនា។ ដោយស្ថានការណ៍ COVID-19 មានភាពធូរស្បើយច្រើន ជាពិសេស គ្មានករណីឆ្លងក្នុងស្រុកច្រើនសប្តាហ៍ជាប់គ្នា ថៃផ្ដើមបន្ធូរបន្ថយការរឹតត្បិតក្នុងការគោលដៅស្រោចស្រង់ដង្ហើមសេដ្ឋកិច្ចឡើងវិញ។
គិតត្រឹមថ្ងៃទី១២ ខែមិថុនា ថៃមានករណីឆ្លងសរុប ៣១២៩ករណី ក្នុងនោះ៤នាក់ថ្មី ។ អ្នកស្លាប់មានករណីឆ្លង៥៨នាក់។ ករណីឆ្លងថ្មីគឺជាជនជាតិថៃទើបត្រលប់មកពីប្រទេសឥណ្ឌា។ ក្នុងចំណោមអ្នកឆ្លងសរុប អ្នកជំងឺ២៩៨៧ បានជាសះស្បើយហើយ៕
Tag:
ថៃ
COVID-19
ទេសចរណ៍
បម្រាមគោចរ
© រក្សាសិទ្ធិដោយ thmeythmey.com