ជាតិ
បទសម្ភាសន៍
លោក ព្រឿង ប្រណីត៖«បើនិពន្ធអ្វីដែលមិនល្អ ទោះស្លាប់ទៅក៏នៅជាប់ឈ្មោះ ជាជនមានកំហុស» លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ
× ភ្នំពេញ៖ បើជាអ្នកនិពន្ធហើយ និពន្ធអ្វីដែលមិនល្អនោះ ទោះស្លាប់ទៅក៏នៅជាប់ឈ្មោះ «ជាជនមានកំហុស»ដែរ។ ដូច្នេះអ្នកនិពន្ធទាំងអស់ ត្រូវសម្រិតសម្រាំងអ្វីដែលល្អ ផ្ដល់ជាគំនិតអប់រំ ឱ្យអ្នកអាន និងស្ដាប់ ដើម្បីផ្ដល់ជាពុទ្ធិសម្រាប់ពួកគេ។ នេះជាការលើកឡើងរបស់លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ។
ប្រធានសមាគមអ្នកនិពន្ធខ្មែររូបនេះ បានបញ្ជាក់ថា បើអ្នកនិពន្ធ យករឿងមិនល្អ ដែលបង្កប់ន័យអសុរោះ គ្មានក្រមសីលធម៌ និងសុជីវធម៌ ផ្សាយចេញទៅហើយនោះ គឺពិបាកកែប្រែវិញណាស់ ព្រោះខ្លឹមសារ និងទស្សនៈទាំងឡាយ បានទៅដល់ផ្នត់គំនិតរបស់មនុស្ស ជាពិសេសក្មេងៗរួចបាត់ទៅហើយ។ ដូច្នេះដើម្បីឱ្យស្នាដៃតែងនិពន្ធមួយទទួលបានការឱ្យតម្លៃពីមនុស្សជាតិ ទាល់តែស្នាដៃទាំងនោះមានតម្លៃអប់រំជាសកល ។
ដើម្បីស្វែងយល់បន្ថែមនោះ សូមស្ដាប់បទសម្ភាសរវាងកញ្ញា ប៉ូ សាគុន អ្នកកាសែតនៃសារព័ត៌មានថ្មី និងលោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ ដូចតទៅ៖
ទោះជាយ៉ាងណា លោកក៏បានលើកឡើងដែរថា រាល់ស្នាដៃទាំងអស់ តែងមានផលប៉ះពាល់តិចឬច្រើន ដោយចៀសមិនផុត។ លោក បញ្ជាក់បន្ថែមដូច្នេះ៖«គេនិយាយថាអ្នកនិពន្ធឥឡូវ ស្នាដៃស្លាប់មុនម្ចាស់។ ភាសានេះអាចត្រូវមួយផ្នែក ប៉ុន្តែយើងមិនដឹងថាស្នាដៃនោះ វាអាចនឹងរស់ឡើងវិញនៅថ្ងៃណាមួយក៏មិនដឹង។ បើវារស់ឡើងវិញមែន វាអាចនឹងផ្ដល់ផលប៉ះពាល់ដល់សង្គម នៅផ្នែកណាមួយ។ អ្វីដែលកើតជាកំហុសហើយ មិនអាចធ្វើរឿងល្អមកកែប្រែបានឡើយ ដូច្នេះអ្នកនិពន្ធត្រូវតែហ៊ានទទួលនូវការរិះគន់»។
លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ
បើនិយាយពីអ្នកនិពន្ធបទចម្រៀងវ័យក្មេងនៅពេលបច្ចុប្បន្ន ប្រធានសមាគមអ្នកនិពន្ធខ្មែររូបនេះ សង្កេតឃើញថា អ្នកនិពន្ធខ្លះបានសម្រិតសម្រាំងស្នាដៃរបស់ខ្លួនបានល្អ ដោយឡែកមានតែអ្នកនិពន្ធមួយចំនួន ប៉ុណ្ណោះ ដែលនិពន្ធដោយមិនបានគិតពិចារណាបានច្បាស់លាស់។
លោក ព្រឿង ប្រណីត ពន្យល់បន្ថែម៖«មានអ្នកនិពន្ធមួយចំនួនតូច ដែលគាត់និពន្ធមិនបានល្អ។ ខ្ញុំគិតថា ប្រហែលជាគាត់ខ្វះអ្នកប្រឹក្សា។ អ្នកខ្លះគាត់មានទេពកោសល្យល្អ ដូច្នេះបើគាត់មានអ្នកប្រឹក្សាល្អ ស្នាដៃរបស់គាត់ប្រាកដជាអាចជួយសង្គមបាន»។
Tag:
សិល្បៈ
តែងនិពន្ធ
អក្សរសិល្ប៍
អក្សរសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com