COVID-19
អន្តរជាតិ
លោក ត្រាំ​៖ បើ​ចាញ់​ការបោះឆ្នោត​ខែវិច្ឆិកា ខ្ញុំ​ទៅធ្វើ​អ្វី​ផ្សេង​វិញ
13, Jun 2020 , 1:25 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព Xinhua
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព Xinhua
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១២ ខែមិថុនា និយាយថា លោក​នឹង​ទៅធ្វើ​អ្វី​ផ្សេង ប្រសិន​លោក​ចាញ់​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ខែវិច្ឆិកា​ខាងមុខ​។ លោក ត្រាំ និយាយ​បែបនេះ​ជាការ​តប​ទៅនឹង​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោក ចូ បៃ​ឌិន ដែល​បង្ហាញ​ក្ដីបារម្ភ​ថា លោក ត្រាំ នឹងមិន​ចេញពី​សេត​វិមាន​ដោយ​ងាយ​ឡើយ​នៅ​ចាញ់ឆ្នោត​នោះ​។

 
​ក្រុម​ប្រជាធិបតេយ្យ ទំនងជា​អស់​ក្ដីបារម្ភ​លើ​ការ​ក្រាញ​អំណាច​របស់លោក ដូ​ណា​ល់ ត្រាំ បន្ទាប់ពី​ប្រធានាធិបតី​រូបនេះ​ប្រកាសថា នឹង​ចាកចេញ​តាម​សម្រួល​ក្នុងករណី​ចាញ់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​។ លោក ត្រាំ ដែល​តំណាង​បក្ស​សាធារណរដ្ឋ នឹងត្រូវ​តតាំង​ជាមួយ​គូប្រជែង​សំខាន់​មកពី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ឌិន ដែលជា​អតីត​អនុ​ប្រធានាធិបតី​សម័យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ។​
 
​លោក បៃ​ឌិន បាន​រិះគន់​លោក ត្រាំ មិន​ដាច់​ពី​មាត់​លើ​បញ្ហា​ជាច្រើន​រាប់ទាំង​ការឆ្លើយតប​នឹង​ករណី​ស្លាប់​របស់​បុរស​ជនជាតិ​អាមេរិក​-​អាហ្វ្រិក ច​ច ហ្វ្ល​យ ដែល​នាំ​ឲ្យ​មាន​បាតុកម្ម​ពេញ​អាមេរិក​ផងដែរ​។ ក្នុង​កិច្ច​សម្ភាស​មួយ​កាលពី​ពាក់កណ្ដាល​សប្ដាហ៍​នេះ លោក បៃ​ឌិន និយាយថា ក្ដីបារម្ភ​តែមួយគត់​របស់លោក គឺ​ប្រធានាធិបតី ត្រាំ ព្យាយាម​លួច​លទ្ធផល​ការបោះឆ្នោត​។ លោក​ថែមទាំង​លើកឡើងថា បើ​លោក ត្រាំ រឹងរូស នឹងត្រូវ​កងទ័ព​អាមេរិក​អូស​ចេញពី​សេត​វិមាន​ទៀតផង​។​
 
​យ៉ាងណាមិញ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Fox News ដែល​ផ្សាយ​នៅ​យប់​ថ្ងៃទី​១២ ខែមិថុនា លោក ត្រាំ បង្ហើប​ថា លោក​នឹង​ចាក​ចេញពី​សេត​វិមាន​តាម​សម្រួល​។ លោក ត្រាំ បញ្ជាក់​ដូច្នេះ​ថា​៖ «​ច្បាស់​ណាស់ ប្រសិនបើ​ខ្ញុំ​មិន​ឈ្នះ គឺ​ខ្ញុំ​មិន​ឈ្នះ​ហើយ​។ ខ្ញុំ​មានន័យថា នឹង​បន្ត​ទៅមុខ និង​ធ្វើ​អ្វី​ផ្សេង​វិញ​។​» លោក ត្រាំ ថែមទាំង​និយាយថា បរាជ័យ​របស់លោក ជា​រឿង​សោកសៅ​សម្រាប់​អាមេរិក ព្រោះ​បក្ស​ប្រជាធិបតេយ្យ​ចង់​បំបាត់​នាយកដ្ឋាន​ប៉ូលិស ហើយ​មិន​ធ្វើ​អ្វី​ដើម្បី​ដោះស្រាយ​កុបកម្ម​ឡើយ​។​
 
​ក្នុង​ការស្ទង់មតិ​កន្ល​ង​មក លោក បៃ​ឌិន ទទួល​សំឡេង​នាំមុខ​លោក ត្រាំ បន្តិច​។ ប៉ុន្តែ​លោក ត្រាំ នៅតែមាន​ប្រជាប្រិយភាព​ដដែល​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ខែវិច្ឆិកា​។ អ្នកនាំពាក្យ​សេត​វិមាន Kayleigh McEnany និយាយថា លោក ត្រាំ ទន្ទឹង​ចាំ​ខែវិច្ឆិកា និង​ថា បើ​ចាញ់ឆ្នោត​មែន លោក ត្រាំ ក៏​ទទួលយក​លទ្ធផល​ដែរ​។​
 
​ទាក់ទង​ការបោះឆ្នោត​វិញ អ្នកជំនាញ​បានបង្ហាញ​ក្ដីបារម្ភ​ចំពោះ​ការកើនឡើង​ការបោះឆ្នោត​តាម​អ៊ី​ម៉ែ​ល ខណៈ​ជំងឺ COVID-19 មិនទាន់​ទៅណា​។​អ្វីដែល​បារម្ភ​នោះ គឺ​បញ្ហា​បច្ចេកទេស​ដែល​អាច​កើតឡើង​ដូចជា​ការផ្ញើ​លទ្ធផល​មិនទាន់​ពេល​រាប់​សន្លឹកឆ្នោត ឬក៏​ការរាប់​មិន​ត្រឹមត្រូវ ដែល​សុទ្ធតែ​អាច​នាំ​ឲ្យ​មានការ​តតាំង​ផ្លូវច្បាប់​ចំពោះ​លទ្ធផល​បោះឆ្នោត​ទាំងមូល​៕
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com