កីឡាជាតិ
ជាតិ
លោក សៅ សុខា​៖ ក្លិប​បាល់ទាត់​នឹង​គ្មាន​និរន្តរភាព​យូរអង្វែង បើ​គ្មាន​ក្រុមយុវជន​
13, Jun 2020 , 2:09 pm        
រូបភាព
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, រូបភាពពី FFC
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, រូបភាពពី FFC
ដោយ:
​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជឿជាក់ថា ក្លិប​បាល់ទាត់​មួយ​នឹង​គ្មាន​និរន្តរភាព​យូរអង្វែង​បើ​គ្មាន​ក្រុមយុវជន​។ លោក ជំរុញ​ឲ្យ​ក្លិប​ទាំងអស់​ខិតខំ​បណ្តុះបណ្តាល​យុវជន​ថ្នាល ព្រោះ​បើ​គ្មាន​យុវជន​ទេ ក្លិប​ក៏​មិន​ទទួលបាន​អាជ្ញា​បណ្ណ​ក្លិប​ពី​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​(FIFA) សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី​(AFC) និង​សហព័ន្ធ​បាល់ទាត់​អាស៊ាន​(AFF)​ដែរ​។

 
​ការបង្កើត​ក្រុមយុវជន​ថ្នាល​វា​ជា​រឿង​ចាំបាច់ និង​ជា​លក្ខខណ្ឌ​តម្រូវ ដែល​ក្លិប​បាល់ទាត់​នីមួយៗ​ត្រូវធ្វើ ព្រោះ​បើ​គ្មាន​យុវជន​ថ្នាល​ទេ ពួកគេ​ក៏​មិន​ទទួលបាន​អាជ្ញា​បណ្ណ ដែល​ទទួលស្គាល់​ដោយ FIFA, AFC និង AFF ដែរ​។ ក្លិប​ទាំងនោះ ក៏​ពុំមាន​សិទ្ធិ​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ ដែល​រៀបចំ​ដោយ​ស្ថាប័ន​បាល់ទាត់​ទាំងនេះ​ផងដែរ បើ​គ្មាន​អាជ្ញា​បណ្ណ​ក្លិប​។ 
 
​ជាមួយ​ការជំរុញ​ឲ្យ​ក្លិប​នីមួយៗ​ខិតខំ​បណ្តុះបណ្តាល និង​បង្កើត​ក្រុមយុវជន​ថ្នាល​បាល់ទាត់ លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ហ៊ាន​វាយតម្លៃថា បើ​ក្លិប​បាល់ទាត់​មួយ​គ្មាន​ក្រុមយុវជន​ថ្នាល​ទេ ក្លិប​នោះ នឹង​ប្រឈម​បញ្ហា​លើ​ការ​ដំណើរការ​ក្លិប​នា​ថ្ងៃ​អនាគត​។ ពោលគឺ​ក្លិប​នឹង​គ្មាន​និរន្តរភាព​យូរអង្វែង​បើ​គ្មាន​ក្រុមយុវជន​។  
 
«​ការអភិវឌ្ឍ​បាល់ទាត់​មិនមែន​ធ្វើតាម​ចិត្ត​យើង​ចង់​នោះទេ ព្រោះ​បាល់ទាត់​មាន​ក្បួនខ្នាត ច្បាប់ និង​រចនាសម្ព័ន្ធ​អង្គការ​ចាត់តាំង​ត្រឹមត្រូវ​តាំងពី FIFA ដែលជា​អង្គការ​កំពូល​នៃ​បាល់ទាត់​ពិភពលោក បន្ទាប់មក​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី និង​អាស៊ាន​រហូតដល់​យើង​(FFC)​។ តាម​លក្ខខណ្ឌ​របស់​ស​ហ​ព័ន្ធ​ទាំងនោះ គឺ​តម្រូវ​ឲ្យ​ក្លិប​នីមួយៗ​ត្រូវមាន​ក្រុមយុវជន ពីព្រោះ​បើ​ក្លិប​បាល់ទាត់​មួយ​គ្មាន​យុវជន គឺ​ក្លិប​នោះ​មិន​ធានា​និរន្តរភាព​យូរអង្វែង​ទេ​»​។ លោក សៅ សុខា លើកឡើង​បែបនេះ ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នា​២០២០​។ 
 
​ប្រធាន​សហព័ន្ធ​រូបនេះ​បាន​បន្ថែមថា​៖«​ក្លិប​ដែល​អាច​ទៅលេង​ក្នុង​ពានរង្វាន់​ដែល​រៀបចំ​ដោយ AFC និង FIFA បាន លុះត្រា​ក្លិប​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុងនោះ​មាន​យុវជន បើ​គ្មាន​យុវជន​ទេ គេ​មិន​ផ្តល់​អាជ្ញា​បណ្ណ​ក្លិប​ឲ្យ​នោះទេ ហើយ​បើ​គ្មាន​អាជ្ញា​បណ្ណទេ គឺ​មិនអាច​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ដែល​រៀបចំ​ដោយ FIFA ឬ AFC បានទេ នេះ​ជា​លក្ខខណ្ឌ​តម្រូវ ហើយ​ត្រូវតែ​ធ្វើ​»​។ 
 
​ដោយ​មើលឃើញ​ពី​សារសំខាន់​បែបនេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានរៀបចំ​គម្រោង​ថវិកា ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ដំណើរការ​អភិវឌ្ឍន៍​យុវជន​ថ្នាល​បាល់ទាត់​តាម​ក្លិប​នីមួយៗ ដែលជា​សមាជិក​។ គម្រោង​នេះ នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២០ នេះ​តទៅ​។ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​រំពឹងថា តាមរយៈ​គម្រោង​នេះ​នឹង​បង្កើន​ធនធាន​បាល់ទាត់​ឲ្យ​កាន់តែច្រើន ដើម្បី​ត្រៀម​ឆ្ពោះទៅ​សម្រេច​គោលដៅ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕  

Tag:
 បាល់ទាត់​
  សៅ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com