ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្ដ្រី​កាន់តែច្រើន​កំពុង​ចូលរួម​ក្នុង​ការងារ​អភិរក្ស​ប្រាសាទ​
13, Jun 2020 , 7:29 pm        
រូបភាព
សៀមរាប​៖ ដើមឡើយ កិច្ចការ​អភិរក្ស​សំណង់​ប្រាសាទបុរាណ​ខ្មែរ គឺ​ពឹង​ស្ទើរ​ទាំងស្រុង​លើ​អ្នកជំនាញ​ការបរទេស​ដែលមាន​បទពិសោធន៍​ខ្ពស់​លើ​ការងារ​ទាំងនេះ​។ ឆ្លង​ការ​ការសិក្សា និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស អ្នកជំនាញការ​ជា​ជនជាតិខ្មែរ​បានចាប់ផ្តើម​លេចមុខ​មាត់​ឡើងជា​បន្តបន្ទាប់​។ យ៉ាងណា គេ​សង្កេតឃើញថា រាល់​អ្នកកាន់ការ​ងារ​អភិរក្ស ជួសជុល​នៅតាម​ប្រាសាទ មាន​ច្រើន​ជា​បុរស​។ បរិបទ​នេះ ចាប់ផ្តើម​ផ្លាស់ប្ដូរ​បន្ដិច​ម្ដងៗ ដោយ​ឃើញ​មាន​ស្ដ្រី​កាន់តែច្រើន​កាន់ការ​ងារ​អភិរក្ស ខ្លះ​ជា​ប្រធាន​គម្រោង​ជួសជុល​តាម​ការដ្ឋាន​នីមួយៗ ដែល​នេះ​បង្ហាញ​ពី​សមត្ថភាព​ពិតប្រាកដ​របស់​ស្ដ្រី ក្នុងការ​ចូលរួម​លើ​កិច្ចការ​ទាំងនេះ​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​


 
​សំណង់​ប្រាសាទបុរាណ​ស្ទើរតែ​ទាំងអស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ បាននិងកំពុង​ទទួល​បានការ​ថែទាំ ការអភិរក្ស និង​ជួសជុល​ឡើងវិញ​។ ការងារ​នេះ ជា​កិច្ចការ​ស្នួល​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​
 
​ស្ដ្រី​កាន់តែច្រើន បាន​ប្រឡូក​ក្នុង​ការងារ​តាម​ការដ្ឋាន​ប្រាសាទ ដូចជា​កាន់​ការងារ​ផ្នែក​បុរាណ​វិទូ ស្ថាបត្យករ និង​វិស្វករ ដែល​ពីមុន​ការងារ​ទាំងនេះ​កម្រ​មាន​ស្ដ្រី​ណាស់​។ បរិបទ​នេះ បាន​ផ្លាស់ប្ដូរ​។ ស្ដ្រី​កាន់តែច្រើន​កំពុង​ចូលរួម​ក្នុង​កិច្ចការ​ទាំងនេះ​។​
 
​អ្នកស្រី នេ​ត ស៊ី​មន ជា​បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ បច្ចុប្បន្ន អ្នកស្រី​កំពុងកាន់​ការងារ​ជួសជុល​ខ្លោងទ្វារ​ខាងលិច​ប្រាសាទបន្ទាយក្ដី​។ មុន​កាន់​ការងារ​នេះ បុរាណ​វិទូ​រូបនេះ​កាន់​ការងារ​ភាគច្រើន​នៅ​ការដ្ឋាន​កំណាយ និង​បាន​បទពិសោធន៍​ខ្លះ​ពី​ការងារ​ជួសជុល​នៅ​ប្រាសាទតាព្រហ្ម​។ ជាមួយ​បទពិសោធន៍​កន្លងមក បុរាណ​វិទូ​ជា​ស្ដ្រី​រូបនេះ មាន​សុទិដ្ឋិនិយម​ខ្ពស់​លើ​ការងារ​នៅ​ការដ្ឋាន​ខ្លោងទ្វារ​ប្រាសាទបន្ទាយក្ដី ដែល​ចាប់ផ្តើម​អនុវត្តន៍​នៅ​ដើមឆ្នាំ​២០២០​នេះ​។​
 


 
​កញ្ញា ហាន សុ​ច្ចរី ជា​ស្ថាបត្យករ​នៅ​ការដ្ឋាន​ជួសជុល​ខ្លោងទ្វារ​ខាងលិច​ប្រាសាទបន្ទាយក្ដី​ដែរ​នោះបាន​និយាយថា កន្លងមក​ខ្លួន​កាន់​ការងារ​បច្ចេកទេស និង​ធ្វើការ​ភាគច្រើន​នៅ​ការិយាល័យ​។ សុ​ច្ចរី ធ្លាប់ជួយ​ការងារ​ជួសជុល​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង ប្រាសាទបាគង​ជាដើម​។ សុ​ច្ចរី បាន​ប្រៀបធៀប​ការងារ​ក្នុង​ការិយាល័យ និង​ចុះ​ការដ្ឋាន​ខាងក្រៅ​យ៉ាង​ដូច្នេះ​ថា​៖« ការពិត​ការងារ​ទាំងនេះ​វា​ដើរ​ទន្ទឹមគ្នា នៅ​ការិយាល័យ​ការងារ​ច្រើន​ធ្វើ​ជាមួយ​កុំព្យូទ័រ ពេល​ចុះ​ការដ្ឋាន​យើង​ទទួលបាន​បទពិសោធន៍​ជាក់ស្ដែង ពិសេស​ការគ្រប់គ្រង​ក​ម្មករ មួយទៀត​ការប្រមូល​ទិន្នន័យ​ជាក់ស្ដែង អាច​ថា​ហត់នឿយ​បន្ដិច​តែ​វា​ជា​បទពិសោធន៍​ល្អ​ទៅ​ថ្ងៃមុខ​»​។​
 


 
​ស្ដ្រី​មួយរូប​ទៀត​ដែល​កាន់ការ​ងារ​ជា​វិស្វករ​នៅ​ការដ្ឋាន​ជួសជុល​ខ្លោងទ្វារ​ប្រាសាទបន្ទាយក្ដី គឺ​កញ្ញា ដ​យ ពេជ្រ​ជី​រ៉ា ក៏​យល់ថា​ការងារ​ក្នុង​ការិយាល័យ និង​ក្រៅ​ការិយាល័យ​សុទ្ធសឹង​ប្រហាក់ប្រហែលគ្នា ហើយ​ស្ដ្រី​ក៏​អាច​ធ្វើបាន​ដូច​បុរស​ដែរ​។ ការងារ​ក្នុង​ការិយាល័យ​រៀង​ស្រួល​បន្ដិច តែ​ការងារ​ខាងក្រៅ​រិត​តែ​ធ្វើឱ្យ​យើង​មានបទពិសោធន៍​ច្រើន​ទាំង​ការងារ​គ្រប់គ្រង​មនុស្ស និង​បច្ចេកទេស​ផ្សេងៗ​។​
 


 
​អ្នកស្រី នេ​ត ស៊ី​មន បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ ចាប់អារម្មណ៍​ពេលដែល​កិច្ចការ​អភិរក្ស​ប្រាសាទ​ជាច្រើន​ត្រូវបាន​គ្រប់គ្រង​ដោយ​ស្ដ្រី​ភាគច្រើន​។ ដូច​ការងារ​នៅ​ការដ្ឋាន​ខ្លោងទ្វារ​ប្រាសាទបន្ទាយក្ដី គឺមាន​ស្ដ្រី​រហូតដល់​៣​នាក់ ក្នុងនោះ​មាន​បុរស​ម្នាក់ ដែល​ពួកគេ​កាន់ការ​ងារ​តាម​ផ្នែក​នីមួយៗ មានដូចជា បុរាណ​វិទូ ស្ថាបត្យករ វិស្វករ និង​ផ្នែក​ព័ត៌មានវិទ្យា​។ អ្នកស្រី ស៊ី​មន រីករាយ​ពេល​ឃើញ​មាន​រូបភាព​បែបនេះ និង​បញ្ជាក់​ឱ្យឃើញ​ពី​សមត្ថភាព​ស្ដ្រី​កាន់តែច្រើន​លើ​ការងារ​បេតិកភណ្ឌ​។ បុរាណ​វិទូ​រូបនេះ មិន​ភ្លេច​អរគុណ​ដល់​ថ្នាក់ដឹកនាំ ដែល​ផ្តល់ឱកាស​ការងារ​ធំៗ​ដល់​ស្ដ្រី​។  អ្នកស្រី​បន្ថែម​៖« ស្រីៗ​ឆាប់​យល់ចិត្ត​គ្នា យើង​មាន​បញ្ហា​អ្វី​ពិភាក្សាគ្នា ធ្វើ​អ្វីៗ​សាមគ្គី​គ្នា​»​។​
 


 
​ទាក់ទង​នឹង​ការងារ​ជួសជុល​វិញ គម្រោង​នៅ​ប្រាសាទបន្ទាយក្ដី​មាន​រយៈពេល​៤​ឆ្នាំ ដោយ​ឆ្នាំ​ដំបូង​នេះ​ក្រុមការងារ​កំពុង​សិក្សា​ការធ្វើ​សម្រង់​ប្លង់ ការធ្វើ​កំណាយ និង​ស្ដាប់​អនុសាសន៍​របស់​ក្រុម​អ្នកជំនាញ​អាយ​ស៊ី​ស៊ី​-​អង្គរ ដែល​បាន​ចុះទៅពិនិត្យ​នៅ​ថ្ងៃទី​៨ ពី​បច្ចេកទេស​ដែល​ត្រូវ​ជួសជុល​ឡើងវិញ​។ អ្នកស្រី ស៊ី​មន ពន្យល់ថា ស្ថានភាព​ខ្លោងទ្វារ​នេះ​មាន​ភាព​ទ្រុឌទ្រោម​ខ្លាំង ថ្ម​រំកិល​ចេញពី​ទីតាំង​ដើម ដែលជា​ចំណុច​ហានិភ័យ​ដែល​ទាមទារ​ការជួសជុល​ឱ្យបាន​ឆាប់រហ័ស​។​
 
 
​ស្ថាបត្យករ កញ្ញា ហាន សុ​ច្ចរី បន្ថែម​៖« ការដួលរលំ​នៃ​ខ្លោងទ្វារ​នេះ​ចែកជា​៥​ចំណុច មាន​កត្ដា​អាយុកាល​របស់​ថ្ម ការ​រំកិល​នៃ​ផ្ទៃ​ខ្លោងទ្វារ និង​ការបំផ្លាញ​ដោយ​ឫស​ឈើ​»​។​
 


 
​កញ្ញា ដ​យ ពេជ្រ​ជី​រ៉ា និយាយ​ពី​វិធីសាស្ដ្រ​២​បែប​ដែល​ក្រុមការងារ​កំពុង​ពិភាក្សា​ដើម្បី​ជួសជុល​ខ្លោងទ្វារ​ប្រាសាទបន្ទាយក្ដី​៖« របៀប​ទី​១ រើ​តាម​ផ្នែក​ខ្លះ ចំណុច​ហានិភ័យ​ខ្ពស់​យើង​ត្រូវ​រើ​ដូច​នៅ​ផ្នែក​ខាងជើង របៀប​មួយទៀត​យើង​ត្រូវ​រើ​ចោល​ទាំងអស់ ដើម្បី​រៀប​ឡើងវិញ​។ វិធី​ទាំង​២​នេះ​មិនមាន​មួយណា​ល្អ​ជាង​ឬ​យ៉ាងណាទេ វា​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​តាម​ប្រាសាទ​មួយៗ​»៕
 
 

Tag:
 បេតិកភណ្ឌ​
  ស្ដ្រី​
  បន្ទាយក្ដី​
© រក្សាសិទ្ធិដោយ thmeythmey.com