ជាតិ
អ្នកប្រើ Window 10 ត្រូវរួសរាន់ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ ព្រោះមានមេរោគចូល
× ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានប្រកាសឲ្យអ្នកប្រើប្រាស់ Window 10 ទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ដោយសារតែមានការរំខានពីការជ្រៀតចូលនៃមេរោគ SMBGhost។
ក្រោយពីនាយកដ្ឋានរក្សាសន្តិសុខសង្គមអាមេរិក ប្រកាសពីការជ្រៀតចូលមេរោគ SMBGhost លើប្រព័ន្ធប្រតិបត្តិការ Window 10 កាលពីសប្ដាហ៍កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃកម្ពុជា បានណែនាំឲ្យអ្នកប្រើប្រព័ន្ធប្រតិបត្តិការ Window 10 ដែលមិនបានធ្វើបច្ចុប្បន្នភាពនៅរយៈពេល៣ខែចុងក្រោយនេះ ត្រូវធ្វើបច្ចុប្បន្នភាពជាប្រញាប់។
តាមរយៈសារលើទំព័រហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ អះអាងថា មេរោគ SMBGhost ត្រូវវាយប្រហារកុំព្យូទ័រនៅពេល ប្រព័ន្ធប្រតិបត្តិការ Window ធ្វើការជាមួយ Printer ឬ File Server។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បន្តថា នៅពេលមេរោគ ចូលក្នុងកំព្យូទ័របានសម្រេច វានឹងបន្ថែមមេរោគផ្សេងទៀតតាមប្រព័ន្ធអ៊ីនធឺណិត ដូចជា Malware និង Ransomware ហើយក្រោយពីមេរោគ ចូលវាយលុកកាន់តែខ្លាំងហើយនោះ វានឹងបង្កចលាចលទៅទូទាំងពិភពលោក។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បន្ថែមថា នៅពេលមានបញ្ហាលើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនក្រុមហ៊ុន Microsoft បានធ្វើបច្ចុប្បន្នភាព និងកែសម្រួលរួចមកហើយកាលពីខែមីនាកន្លងទៅ ហើយកុំព្យូទ័រទាំងអស់ ក៏ត្រូវប្រញាប់ធ្វើបច្ចុប្បន្នភាពរបស់ខ្លួន ដើម្បីការពារកុំព្យូទ័ររបស់អ្នកពីមេរោគ SMBGhost។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា បញ្ហានេះបង្កផលប៉ះពាល់តែចំពោះប្រព័ន្ធប្រតិបត្តិការ Window 10 ប៉ុណ្ណោះ សម្រាប់ Window ជំនាន់ផ្សេងៗទៀតមិនមានបញ្ហាអ្វីនោះទេ៕
Tag:
បច្ចេកវិទ្យា
Window 10
© រក្សាសិទ្ធិដោយ thmeythmey.com