សង្គមអន្តរជាតិ​
អន្តរជាតិ
កូរ៉េខាងជើង​ថា ខ្លួន​អស់​ទំនុកចិត្ត​លើ​កូរ៉េខាងត្បូង​ហើយ​
13, Jun 2020 , 9:29 pm        
រូបភាព
មន្ត្រី​ទីក្រុង​ព្យុងយ៉ាង​ដែល​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងត្បូង បាន​និយាយ​នៅ​ថ្ងៃទី​១២ ខែមិថុនា កូរ៉េខាងជើង​អស់​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ហើយ និង​បាន​ព្រមាន​ទីក្រុង​សេ​អ៊ូ​លពី​ផលវិបាក​នៅពេល​ខាងមុខ​ទៀតផង​។ ការព្រមាន​នេះ ជា​សារ​ថ្មី​មួយទៀត​របស់​កូរ៉េខាងជើង​ដែល​បាន​រិះគន់​កូរ៉េខាងត្បូង​ពាក់ព័ន្ធ​ការមិន​ទប់ស្កាត់​ជនភៀសខ្លួន​កូរ៉េខាងជើង​ដែល​បង្ហោះ​ខិ​ត្ត​បណ្ណ​ឆ្លង​ព្រំដែន​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​។

 
​មួយរយៈ​ពេល​ចុង​ក្រោយនេះ កូរ៉េខាងជើង បាន​ប្រើ​ពាក្យសម្ដី​វាយប្រហារ​កូរ៉េខាងត្បូង​លើ​អ្វី​ខ្លួន​ចាត់ទុកជា​ការមិន​អើពើ​នឹង​កិច្ចព្រមព្រៀង​អន្តរ​កូរ៉េ​តាមរយៈ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​ជនភៀសខ្លួន​កូរ៉េខាងជើង​បង្ហោះ​ខិ​ត្ត​បណ្ណ​ដែល​វាយប្រហារ​លោក គីម ជុង​អ៊ុន ចូល​ទឹកដី​កូរ៉េខាងជើង​។ បើទោះជា​រដ្ឋាភិបាល​សេ​អ៊ូ​ល រួមទាំង​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ប្ដេជ្ញា​ទប់ស្កាត់​មិន​មានរឿង​បែបនេះ​កើតឡើង​រហូត​ធ្វើ​ច្បាប់​ហាមឃាត់​ក្ដី ទីក្រុង​ព្យុងយ៉ាង​មិនបាន​ស្ងប់ចិត្ត​ឡើយ​។​
 
​លោក Jang Kum-chol នាយក​រណសិរ្ស​រួបរួម​ដែលជា​នាយកដ្ឋាន​ទទួលបន្ទុក​ទំនាក់ទំនង​អន្តរ​កូរ៉េ​របស់​កូរ៉េខាងជើង ចាត់ទុក​សេចក្ដីថ្លែងការណ៍​របស់​កូរ៉េខាងត្បូង​ជាការ​សុំទោស​ដែល​គួរតែ​ត្រូវបាន​សាទរ​។ ប៉ុន្តែ​លោក​បាន​ហៅ​សេចក្ដីថ្លែងការណ៍​នោះ គ្រាន់តែ​ជាការ​កេងចំណេញ​ស្ថានការណ៍​សព្វថ្ងៃ ព្រោះ​បើ​ប្រៀបធៀប​នឹង​អ្វីដែល​កូរ៉េខាងត្បូង​បានធ្វើ គឺ​មិន​សក្តិសម​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​១២ ខែមិថុនា​។​
 
«​ឧប្បត្តិហេតុ​ថ្មីៗ​នេះ បាន​កម្ទេច​ទៅជា​ចម្រៀកៗ​ទំនុកចិត្ត​លើ​អាជ្ញាធរ​កូរ៉េខាងត្បូង​ដែល​យើង​ប្រឹងប្រែង​ដើម្បី​កសាងឡើង​។​» នេះ​ជាការ​បញ្ជាក់​របស់លោក Jang ដែល​បន្ថែមថា កូរ៉េខាងត្បូង​លែង​ចង់​ចរចា​ទល់មុខ​ជាមួយ​កូរ៉េខាងត្បូង​ទៀតហើយ ព្រោះ​កូរ៉េខាងត្បូង​ធ្វើជា​ចរចា​ដើម្បី​ចង់បាន​លទ្ធផល​ធំដុំ ប៉ុន្តែ​មិនបាន​ធ្វើ​សកម្មភាព​អ្វី​ឡើយ​។ បើតាម​មន្ត្រី​កូរ៉េខាងជើង​រូបនេះ ចាប់ពីពេលនេះ​ទៅ ពេលវេលា​នឹង​ក្លាយជា​ការឈឺចាប់ និង​សោកស្ដាយ​សម្រាប់​កូរ៉េខាងត្បូង​។​
 
​លោក Jang បន្ត​រិះគន់ថា កូរ៉េខាងត្បូង​បានតែ​និយាយ​ប៉ុណ្ណោះ ហើយ​ឌឺដង​ការធ្វើ​ច្បាប់​របស់​សេ​អ៊ូ​ល​ដើម្បី​ទប់ស្កាត់​សកម្មជន​កូរ៉េខាងជើង​បង្ហោះ​ខិ​ត្ត​បណ្ណ​ទៀតផង​។ មន្ត្រី​រូប​និយាយ​ផ្លែផ្កា​ថា បើ​គិតគូរ​ទំនាក់ទំនង​អន្តរ​កូរ៉េ​មែន កូរ៉េខាងត្បូង​គួរតែបង្កើត​ច្បាប់​បាន​ច្រើន​តាំងពី​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ប៉ាន់​មុន​ជុម​នៅ​ឆ្នាំ​២០១៨​មក​។​
 
​កន្លងទៅ មិនមែន​និយាយ​តែ​មាត់​ឡើយ កូរ៉េខាងជើង​ក៏បាន​កាត់ផ្ដាច់​បណ្ដាញ​ទំនាក់ទំនង​ទាំងអស់​រាប់ទាំង​ខ្សែ​ទំនាក់ទំនង​ពិសេស​រវាង​ទីស្នាក់ការ​បក្ស​ពលករ​កូរ៉េ​ដែលជា​ការិយាល័យ​ធ្វើការ​របស់លោក គីម និង​វិមាន​Cheong Wa Dae របស់លោក មូ​ន ផងដែរ​។ កូរ៉េខាងជើង​ក៏​ពន្លះ​អាមេរិក និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដែល​បង្ហាញ​ក្ដីបារម្ភ​ពី​បញ្ហា​នេះ​ទៅទៀត​៕

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com