COVID-19
អន្តរជាតិ
វេជ្ជបណ្ឌិត​បែលហ្ស៊ិក​វ័យ​១០៣​ឆ្នាំ ដើរ​ម៉ារ៉ាតុន​រក​ថវិកា​សម្រាប់​ការស្រាវជ្រាវ​វ៉ាក់សាំង COVID-19
14, Jun 2020 , 9:59 am        
រូបភាព
ដោយ: ធីតា
​លោកតា Alfons Leempoels វេជ្ជបណ្ឌិត​បែលហ្ស៊ិក​អាយុ​១០៣​ឆ្នាំ បានសម្រេច​យក​គំរូ​តាម​អតីតយុទ្ធជន​សង្គ្រាមលោក​លើក​ទី​២​អង់គ្លេស​វ័យ​១០០​ម្នាក់ ដោយ​ដើរ​ម៉ារ៉ាតុន​នៅ​ជុំវិញ​សួនច្បារ​របស់ខ្លួន ដើម្បី​រៃអង្គាស​ថវិកា​សប្បុរស​ធម៌ ជួយ​ដល់​ការស្រាវជ្រាវ​វ៉ាក់សាំង COVID-19​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​

 
​លោក Leempoels ជា​វេជ្ជបណ្ឌិត​ចូលនិវត្តន៍​ម្នាក់ ដែល​បានចាប់ផ្តើម​យុទ្ធនា​ការដើរ​ឲ្យ​បាន​ចម្ងាយ​៤២.២​គីឡូម៉ែត្រ នៅក្នុង​សួនច្បារ​របស់ខ្លួន​ក្នុង​ទីក្រុង Rotselaar ភាគ​ឦសាន​នៃ​ក្រុង​ព្រុ​ច​សែ​ល ។ បុរស​បែលហ្ស៊ិក​វ័យ​ដល់​ទៅ​១០៣​ឆ្នាំ​រូបនេះ ផ្តើម​ដើរ​ពីថ្ងៃ​ទី​១ ខែមិថុនា ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែមិថុនា​។​


 
​ជា​រៀងរាល់ថ្ងៃ គាត់​ដើរ​១០​ជុំ​ក្នុង​ចម្ងាយ​១៤៥​ម៉ែត្រ ដោយ​៣​ជុំ​នៅពេល​ព្រឹក ៣​ជុំ​នៅពេល​រសៀល និង​៤​ជុំ​នៅពេល​ល្ងាច​។ ដើម្បី​កុំ​ឲ្យ​ភ្លេច គាត់​តែងតែ​ដាក់​ដុំ​ឈើ​ចំណាំ នៅពេលដែល​សម្រេចបាន​ក្នុង​ជុំ​នីមួយៗ​។​
 
​លោកតា Leempoels បញ្ជាក់ថា គាត់​បាន​យកតាម​គំរូ​របស់លោក Tom Moore អាយុ​១០០​ឆ្នាំ អតីតយុទ្ធជន​សង្គ្រាម​លោក​លើក​ទី​ពីរ​អង់គ្លេស ដែល​បាន​រៃអង្គាស​ថវិកា​បាន​ដល់​ទៅ​ជាង​៤០​លាន​ដុល្លារ​អាមេរិក ជួយ​ដល់​សេវាកម្ម​សុខាភិបាល​រប​ស់​ខ្លួន​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩​។​
 
«​កូនៗ​របស់ខ្ញុំ បាន​លើកឡើងថា ខ្ញុំ​អាច​ដើរ​បាន​ដូច​លោក Tom Moore ហើយ​កាន់តែ​ពិសេស​នោះ គឺ​ខ្ញុំ​មាន​អាយុ​១០៣​ឆ្នាំ​។ ពួកគេ​បានស្នើ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីមួយ ហើយ​ខ្ញុំ​និយាយ​លេងសើច​ទៅ​ចៅស្រី​ខ្ញុំ​ថា ខ្ញុំ​អាច​រត់​ម៉ារ៉ាតុន​បាន​»​។ លោកតា Leempoels បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ប្រាប់​រ៉​យ​ទ័​រ​។​
 



​គោលបំណង​រប​ស់បុរ​ស​បែលហ្ស៊ិក​វ័យ​១០៣​ឆ្នាំ​រូបនេះ គឺ​រៃអង្គាស​ថវិកា​សម្រាប់​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Leuven ដែល​កំពុង​សិក្សា​ស្រាវជ្រាវ​រក​វ៉ាក់សាំង​ការពារ COVID-19​។ គិត​ត្រឹម​ចុង​សប្តាហ៍​នេះ គាត់​រកបាន​ថវិកា​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក​រួចទៅហើយ​។​
 
​គាត់​បាន​អះអាងថា​៖ «​ក្នុងនាម​ជា​វេជ្ជបណ្ឌិត​ម្នាក់ អ្នក​តែងតែមាន​អារម្មណ៍​ឈឺឆ្អាល​ចំពោះ​ស្ថានការណ៍​រាលដាល​ជំងឺឆ្លង ដូច្នេះ​ខ្ញុំ​ពិតជា​រីករាយ​ក្នុង​ការធ្វើសកម្មភាព​ដើម្បី​រួមចំណែក​ប្រយុទ្ធប្រឆាំង​កូ​រ៉ូ​ណាវី​រុស​»៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com