កណ្ដាល៖ នៅពេលវ័យកាន់តែចាស់ កម្លាំងកាយក៏ធ្លាក់ចុះ ម្ដាយឪពុកមួយចំនួននៅស្រុកស្រែចម្ការ ត្រូវរស់នៅដាច់ឆ្ងាយពីកូនចៅ។ ព្រោះកត្តាជីវភាព កូនៗត្រូវបង្ខំចិត្តចំណាកស្រុក។ ការបង្កើតគ្រួសារថ្មី ហើយទៅរស់នៅឆ្ងាយ ក៏ធ្វើឱ្យម្ដាយឪពុកត្រូវរស់ឯកោដែរ។ ក៏មានម្ដាយឪពុកខ្លះ រស់នៅជាមួយកូនរាល់ថ្ងៃ ប៉ុន្តែបែរជាមិនសូវស្និទ្ធស្នាលទៅវិញ។
ដើម្បីជ្រាបច្បាស់ពីអារម្មណ៍របស់ម្ដាយឪពុក នៅពេលមានវ័យកាន់តែចាស់ ហើយមិនមានកូននៅក្បែរ តទៅនេះសូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
កាលនៅតូច កូនៗមានម្ដាយឪពុកជាមិត្តល្អ គ្រូល្អ នៅចាំលួងលោម មើលថែ ថ្នាក់ថ្នម ផ្ដល់នំចំណីល្អ និងសម្លៀកបំពាក់គ្រប់បែបយ៉ាង។ កូនកាន់តែតូច កាន់តែទទួលបានការយកចិត្តទុកដាក់ច្រើន។ ផ្ទុយមកវិញ នៅពេលដែលម្ដាយឪពុកកាន់តែចាស់ បែរជាកាន់តែឯកោទៅវិញ។
ចាស់ៗមួយចំនួន នៅតាមស្រុកស្រែចម្ការ ដែលនៅសេសសល់កម្លាំងកាយបន្តិចបន្ទួច ខំឆ្លៀតធ្វើស្មៅនៅជុំវិញផ្ទះ កាប់ដីដាំបន្លែ ឬអង្គុយដេរប៉ះ ដើម្បីកំដរភាពអផ្សុក។ បើសង្កេតឱ្យមែនទែនទៅ ម្ដាយឪពុកចាស់ៗដែលមានកូននៅក្បែរ ហាក់មិនសូវមានពាក្យពេចន៍ច្រើននិយាយជាមួយកូនៗ ក្រៅពីនិយាយកិច្ចការចាំបាច់ឡើយ។ ម្ដាយឪពុកខ្លះទៀត ត្រូវរស់នៅត្រមង់ត្រមោចតែម្នាក់ឯង មិនមានកូននៅមើលថែ ទាំងដែលខ្លួនមានជំងឺប្រចាំកាយផង។
អ្នកស្រី រស់ ប្រុក អាយុ៦៦ឆ្នាំ រស់នៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែរ ខេត្តកណ្ដាល ត្រូវមើលថែប្ដីដែលមានវ័យកាន់តែចាស់ និងមានជំងឺប្រចាំកាយផងតែម្នាក់ឯង ព្រោះកូនៗបែកគ្រួសារ និងទៅធ្វើការឆ្ងាយពីផ្ទះ។ មានកូន៥នាក់ ស្ត្រីសម្បុរខ្មៅ ពាក់អាវផ្កាពណ៌ខៀវវាលក្លៀករូបនេះ រៀបរាប់ពីអារម្មណ៍របស់គាត់ដូច្នេះ៖«ជាអារម្មណ៍យើងចាស់ហើយ ឈឺថ្កាត់យប់ព្រលប់ មិនដឹងទៅហៅកូននៅឯណា ព្រោះកូនទៅរកស៊ីឆ្ងាយអស់ហើយ។ បើកូននៅក្បែរកក់ក្ដៅ តែបើទុកឱ្យកូននៅ យើងវាអត់ ដូច្នេះឱ្យកូនទៅរកប្រាក់ទៅ។ ពិបាកឬស្រណុក ចេះតែទ្រាំទៅ ព្រោះយើងវាអត់»។
អ្នកស្រី រស់ ប្រុក កំពុងអង្គុយនៅក្រោមផ្ទះរបស់គាត់ សម្លឹងមើលឆ្ងាយ
អង្គុយលើគ្រែរនាបឫស្សីក្រោមផ្ទះប្រក់ស័ង្កសី អ្នកស្រី រស់ ប្រុក ថាគាត់មិនហ៊ានទៅធ្វើការងារឆ្ងាយពីប្ដីយូរឡើយ ព្រោះខ្លាចមានហេតុមិនល្អណាមួយកើតឡើងដោយចៃដន្យទៅលើប្ដី៖«នៅតែ២នាក់តា ហើយតាមានសង្ឃឹមអ្វី គាត់នៅសម្រាន្តស្ដូកហ្នឹង។ រាល់ថ្ងៃនេះនៅតែមើលថែគាត់ហ្នឹង ទឹកក្ដៅទឹកត្រជាក់បាយនំចំណី។ គាត់ឈឺជិត១ឆ្នាំហើយ។ ឈឺតែគាត់ក៏ស្ទះដល់ខ្ញុំដែរ មិនអាចចេញទៅណាកើត។ ទៅធ្វើស្មៅនៅក្រោយផ្ទះ មិនហ៊ាននៅយូរទេ ចេះតែមកអើតមើលគាត់ ព្រោះមនុស្សជំងឺ វាមិនទៀង»។
ងាកមកចាប់អារម្មណ៍លោក ញឹក ច្រើង វ័យ ៧៦ឆ្នាំ ដែលត្រូវជាប្ដីរបស់អ្នកស្រី រស់ ប្រុក វិញ។ ប្រហែលជា១ឆ្នាំមុន លោក ច្រើង បានធ្លាក់ពីលើគ្រែ បណ្ដាលឱ្យពិការជើងដើរលែងរួច ដូច្នេះលោកត្រូវនៅអង្គុយលើគ្រែតែម្នាក់ឯងរហូតដល់សព្វថ្ងៃ។ មានសម្បុរស តែចង់ប្រែទៅជាក្រហមវិញ ទំនងមកពីជំងឺប្រចាំកាយ បុរសវ័យចំណាស់ដែលតែងតែជិះកង់ទៅលេងផ្ទះមិត្តភ័ក្ដិ កាលនៅមានសុខភាពមាំ រូបនេះ កំពុងមានអារម្មណ៍ឯកោ និងឃ្លាតឆ្ងាយពីមិត្តចាស់៖«នឹកមិត្តដែលធ្លាប់ទៅបុណ្យជាមួយគ្នា។ ខ្ញុំទៅណាលែងរួច គាត់ក៏មិនមកជិត មកសួរសុខទុក្ខ។ ពីមុនធ្លាប់ជួបគ្នា សប្បាយក្អាកក្អាយជាមួយគ្នា»។
លោក ញឹក ច្រើង កំពុងអង្គុយនៅជិតប្រពន្ទរបស់គាត់
មិនអាចទៅណារួច មិនមានកូននៅក្បែរ ហើយមិត្តស្និទ្ធក៏មិនសូវមានពេលមកលេងផង ធ្វើឱ្យឪពុកចំណាស់ ដែលមានផ្ទៃមុខជ្រីវជ្រួញ លម្អដោយពុកមាត់និងពុកចង្កាពណ៌សរូបនេះ ហាក់ខកបំណងនឹងមិត្តភាពមិត្តភ័ក្ដិដែលធ្លាប់មានពីមុន ខណៈពេលចង្កៀងជិតអស់ប្រេងទៅហើយនេះ៖«អ្នកដែលមិនសូវស្និទ្ធគេចេះតែមកសួរសុខទុក្ខដែរ តែនេះដំណើរគេមកដល់កន្លែងនេះដែរទេ ទើបគេមកសួរទៅ បើតាមតែការចង់មកសួរផ្ទាល់មិនមាន។ មានអ្នកមកសួរតិចតួច ដល់អ៊ីចឹងទៅអផ្សុកណាស់»។
សម្ដីបង្កប់នូវភាពអស់សង្ឃឹម ជីតា ដែលមានចៅស្រីតូចអាយុប្រមាណ៧ឆ្នាំរស់នៅជាមួយ ញឹក ច្រើង ប្រាប់ពីទម្លាប់ប្រចាំថ្ងៃរបស់គាត់៖«រកនិយាយអ្វីជាមួយអ្នកណាក៏មិនមាន ដូច្នេះចេះតែនិយាយតែម្នាក់ឯង។ ដេកទៅមានតែភាវនាធម៌។ ជួនបើកទូរទស្សន៍មើល ព្រោះអផ្សុកពេក ទៅណាមិនរួច»។
ចេញពីផ្ទះលោក ញឹក ច្រើង ខ្ញុំបានដើរទៅផ្ទះមួយទៀត ដែលរំលង១ផ្ទះ ពីផ្ទះរបស់លោក ញឹក ច្រើង នោះគឺផ្ទះរបស់ដូនចាស់ ស្រី សុខេន វ័យ៧០ឆ្នាំ។ កំពុងអង្គុយនៅលើកង្រឹងក្រោមផ្ទះ ដែលមានកម្ពស់ទាបនិងតូចល្មម រនាបផ្ទះធ្វើពីឫស្សី ដូន សុខេន ក៏មានជំងឺប្រចាំកាយដែរ។
មានសំឡេងថប់ៗដូចជាតឹងទ្រូងខ្លាំងណាស់ ដោយសារប្រតិកម្មចំណីអាហារកាលពីប៉ុន្មានឆ្នាំមុន ស្ត្រីវ័យចំណាស់ដែលមានមាឌធាត់ សម្បុរស្រអែម ពាក់អាវផ្កាវាលក្លៀក ស្រី សុខេន នៅមានកម្លាំងខ្លះៗ ដោយអាចដើរទៅលេងផ្ទះអ្នកជិតខាង គ្រាន់រំឭកពីអនុស្សាវរីយ៍ដែលកន្លង៖«ដើរត្រឹមតែផ្ទះតាច្រើង អត់ទៅណារួចទេ។ ខ្ញុំលើសឈាម ផឹកថ្នាំរាល់ថ្ងៃមិនដែលហ៊ានខានឡើយ។ មានអ្នកមកសួរសុខទុក្ខដែរ ជួនគេឱ្យ២ពាន់រៀល ជួន៥ពាន់រៀល មិនដែលខានទេ ព្រោះពេលគេឈឺខ្ញុំទៅលេងគេដែរ។ ខ្ញុំនិយាយគ្នាលេងជាមួយមិត្តពីមុខរបរដែលយើងធ្វើពីមុន។ តែឥឡូវទៅណាមិនរួច នៅត្រមង់ត្រមោចតែម្នាក់ឯង»។
អ្នកស្រី ស្រី សុខេន កំពុងអង្គុយលើអង្រឹងក្រោមផ្ទះរបស់គាត់
មានសំណាងជាងគ្រួសាររបស់លោក ញឹក ច្រើង ដូន សុខេន មានកូនរស់នៅក្បែរ គ្រាន់បានមើលថែបាយទឹករឭកចំណី។ ទោះជាយ៉ាងណា ភាពស្និទ្ធស្នាលដែលធ្វើឱ្យ អ្នកម្ដាយកូន៣នាក់រូបនេះ សប្បាយរីករាយក្នុងចិត្តនោះ គឺការបន្លែងលេងជាមួយចៅតូចៗ៖«ខ្ញុំមិននិយាយលេងជាមួយកូនឡើយ តែនិយាយលេងជាមួយចៅតូច ហើយយោលឱ្យវាដេក។ កាលខ្ញុំនៅមិនទាន់ឈឺ ខ្ញុំឧស្សាហ៍បានទៅលេងជាមួយមិត្ត ដែលមានផ្ទះនៅត្រើយម្ខាង»។
ដូចគ្នាដែរ អារម្មណ៍របស់លោក ញឹក ច្រើង ក៏បានធូរស្បើយល្ហើយចិត្ត ព្រោះតែចៅតូចៗដែរ៖«កូនមកលេង ចិត្តរបស់ខ្ញុំធម្មតា ប៉ុន្តែសប្បាយចិត្តព្រោះបានបន្លែងចៅតូចៗ»។
អង្គុយបត់ជើងលើគ្រែ ភ្នែករែទៅមើលផ្ទះអ្នកជិតខាង អ្នកស្រី ប្រុក មិនហ៊ានត្អូញត្អែរឡើយ បើទោះបីជាក្នុង១ឆ្នាំ គាត់បានជួបមុខកូនតែ២ដងក៏ដោយចុះ ដ្បិតអីគាត់យល់ពីទុក្ខលំបាករបស់កូនៗ ដែលប្រឹងប្រែងរកប្រាក់ ដើម្បីយកមកផ្គត់ផ្គង់គ្រួសារ និងព្យាបាលជំងឺឪពុក៖«កូនមកលេងតែពេលបុណ្យចូលឆ្នាំនិងភ្ជុំហ្នឹង បើថ្ងៃមិនមានបុណ្យគ្រាន់តែផ្ញើប្រាក់មក និងហៅទូរសព្ទមកលេង។ ម្សិលមិញកូនថាចង់មកលេងដែរ តែថាមិនមានប្រាក់។ នឹកកូនដែរ តែបើឱ្យកូននៅក្បែរ យើងនឹងអត់បាយទាំងអស់គ្នា»។
មានកូន៥នាក់ ដោយបែកគ្រួសារទៅរស់នៅឆ្ងាយ៤នាក់ អ្នកស្រី ប្រុក ដែលមានសក់ខ្មៅត្រឹមក ប្រាប់ថាគាត់មិនហ៊ានចាយវាយប្រាក់ដែលកូនផ្ញើមកជូនខ្ជះខ្ជាយឡើយ។ អ្នកស្រីបញ្ជាក់បន្ថែមដូច្នេះ៖«គេមានគ្រួសារហើយ គេមកផ្គត់ផ្គង់យើង មិនបានច្រើនដូចអ្នកនៅលីវទេ អាល័យគិតយើងខ្លាំងកូនអត់ ព្រោះគ្នាក៏អត់ដែរ។ កូនដែលនៅលីវហ្នឹងមិនបានផ្ដល់ឱ្យរាល់ថ្ងៃទេ ព្រោះគ្នាស៊ីឈ្នួលគេ ទាល់តែដល់ខែទើបបានបើកផ្ញើឱ្យយើង។ ខ្ញុំចេះតែចាយក្បិតក្បៀតទៅ ទម្រាំដល់ខែកូនផ្ញើមកទៀត»។
ផ្ទះរបស់លោក ញឹក ច្រើង និងអ្នកស្រី រស់ ប្រុក
ធ្លាក់ខ្លួនឈឺអស់រយៈពេល៣ឆ្នាំមកនេះ ដូនចាស់ សុខេន តែងមានបំណងចង់ឱ្យញាតិក្នុងភូមិ ឬមិត្តចាស់ ចេញចូលមកលេងញឹកញាប់គ្រាន់ជជែកគ្នាលេង ប៉ុន្តែដូនក៏យល់ថា គេក៏រវល់ការងារដែរ៖«ខ្ញុំចង់ឱ្យមិត្តមកលេងច្រើនដែរ ប៉ុន្តែគេរវល់។ អ្នកខ្លះគេដើរកាត់ គេស្រែកសួរដែរ ថាបានគ្រាន់បើហើយនៅ? ខ្ញុំប្រាប់គេថានៅតែប៉ុណ្ណឹងគ្រាន់តែមិនដេកដួល»។
ស្ទើរតែពេញមួយជីវិតរបស់ម្ដាយឪពុក ប្រឹងប្រែងធ្វើការមិនស្គាល់យប់ មិនស្គាល់ថ្ងៃ និងមិនហ៊ានសម្រាកលំហែកាយ ក៏ដើម្បីតែរកប្រាក់មកផ្គត់ផ្ដង់កូនៗ។ ក៏មានមិនតិចដែរ ម្ដាយឪពុកដែលខំប្រឹងប្រែងដើម្បីចៅៗរបស់ពួកគាត់។
ម្ដាយឪពុកខ្លះត្រូវកូនទុកចោលឱ្យនៅផ្ទះតែឯង ដោយមិនបានយល់ពីគុណរបស់ពួកគាត់។ ចំណែកកូនៗខ្លះ បង្ខំចិត្តបែកពីម្ដាយឪពុក ក៏ដើម្បីរកប្រាក់មកជួយជីវភាពដែរ។ ទោះជាយ៉ាងណាក៏មានម្ដាយឪពុកមួយចំនួនធំ ទទួលបានការយកចិត្តទុកដាក់ លើបាយទឹកនំចំណី ថ្នាំព្យាបាលរោគ និងមើលថែរក្សាយ៉ាងយកចិត្តទុកដាក់ពីកូនៗរបស់ពួកគាត់ផងដែរ៕