ICC នឹង​រៀបចំ​កិច្ចប្រជុំ​វិសាមញ្ញ​ពង្រឹង​គោលការណ៍​ផ្ទៃក្នុង ក្រោយ​លោក Trump ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ខ្លួន​
អន្តរជាតិ
ICC នឹង​រៀបចំ​កិច្ចប្រជុំ​វិសាមញ្ញ​ពង្រឹង​គោលការណ៍​ផ្ទៃក្នុង ក្រោយ​លោក Trump ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ខ្លួន​
13, Jun 2020 , 11:29 pm        
រូបភាព
ប្រធានមហាសន្និបាត ICC លោក O-Gon Kwon ។ រូបភាព ICC
ប្រធានមហាសន្និបាត ICC លោក O-Gon Kwon ។ រូបភាព ICC
​ប្រធាន​មហាសន្និបាត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) លោក O-Gon Kwon បាន​សម្តែង​ការខកចិត្ត​ខ្លាំង​ទៅលើ​សេចក្តីសម្រេច​របស់លោក​ប្រធានាធិបតី​អាមេរិក Donald Trump ដែល​បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី និង​បុគ្គលិក​តុលាការ ICC ក៏ដូចជា​ក្រុមគ្រួសារ​របស់​ពួកគេ​។ ប្រមុខ ICC រូបនេះ បាន​ហៅ​ចំណាត់ការ​របស់​រដ្ឋបាល​លោក ត្រាំ ថា ជា​រឿង​ហួសហេតុ​បំផុត ដែល​មិន​ធ្លាប់មាន​ពីមុន​។​

 
​តាមរយៈ​សេចក្តីថ្លែងការណ៍ ដែល​ចុះផ្សាយ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ លោក O-Gon Kwon បាន​លើកឡើងថា ICC គឺជា​តុលាការ​ឯករាជ្យ និង​អ​ព្យា​ក្រឹត្យ​។ រាល់​ការបំពេញ​បេសកកម្មរ​បស់​មន្ត្រី ICC ត្រូវធ្វើឡើង​ដោយមាន​ការប្រុងប្រយ័ត្ន​បំផុត ស្របតាម​លក្ខន្តិកៈ​ក្រុង​រ៉ូម ដែល​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​។​
 
​ប្រមុខ​មហាសន្និបាត ICC បាន​គូសបញ្ជាក់ថា ប្រព័ន្ធ​លក្ខន្តិកៈ​ក្រុង​រ៉ូម បានផ្តល់​អាទិភាព​រួចទៅហើយ​លើ​យុត្តាធិការ​របស់​រដ្ឋ ក្នុងការ​ស៊ើបអង្កេត និង​កាត់ទោស​លើ​បទល្មើស​ឃោរឃៅ ពោលគឺ​កិច្ច​អន្តរាគមន៍​របស់​តុលាការ គឺជា​ដំណោះស្រាយ​ចុងក្រោយ ដើម្បី​បំពេញបន្ថែម​លើ​យុត្តាធិការ​ថ្នាក់ជាតិ​នោះទេ​។​
 
​ជុំវិញ​ចំណាត់ការ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ត្រាំ ដែល​សម្រេច​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​របស់ ICC ដែល​បាន​អនុវត្ត​នីតិវិធី​ស៊ើបអង្កេត​លើ​ទាហាន​អាមេរិក​ពាក់ព័ន្ធ​នឹង​បទល្មើស​នៅក្នុង​ទឹកដី​អា​ហ្កា​ហ្វ​នី​ស្ថាន ប្រមុខ ICC ថា លោក មិនអាច​ទទួលបាន​យកបាន​ឡើយ​។ សម្រាប់​លោក ចំណាត់ការ​នេះ បាន​បំផ្លាញ​គោលដៅ​រួម​ក្នុងការ​ស្វែងរក​យុត្តិធម៌ និង​ការទទួលខុសត្រូវ​លើ​អ្នកប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​។​
 
​ជា​ចំណាត់​ការឆ្លើយតប​ទាន់ពេល​មួយ លោក  O-Gon Kwon បាន​អះអាងថា ICC នឹងមាន​រៀបចំ​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​ដើម្បី​ពិចារណា​លើ​ការប្តេជ្ញាចិត្ត​ថ្មី​មួយ​ដោយ​មិន​មានការ​ងាករេ​លើ​គោលជំហរ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​បេសកកម្ម​របស់ខ្លួន​។ លោក ទទូច​ឲ្យ​ភាគី​សមាជិក​គាំទ្រ​គុណ​តម្លៃ​របស់​តុលាការ ដើម្បី​ជាការ​តបត​ទៅនឹង​ការគំរាមកំហែង​ខាងក្រៅ​មកលើ​តុលាការ មន្ត្រី​តុលាការ និង​ក្រុមគ្រួសារ​របស់​ពួកគេ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៨ តាមរយៈ​លក្ខន្តិកៈ​ក្រុង​រ៉ូម​។ តុលាការអន្តរជាតិ ដែល​បច្ចុប្បន្ន​មាន​ភាគី ១២៣​ប្រទេស​ជា​សមាជិក​មួយ​នេះ មាន​យុត្តាធិការ​លើ​បទល្មើស​បួន​ប្រភេទ​រួមមាន បទល្មើស​ព្រហ្មទណ្ឌ​ប្រល័យពូជសាសន៍​, បទល្មើស​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​មនុស្សជាតិ​, បទល្មើស​ព្រហ្មទណ្ឌ​សង្គ្រាម និង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​ការឈ្លានពាន​៕ 
 
 

Tag:
 ICC
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com