អន្តរជាតិ
ICC នឹងរៀបចំកិច្ចប្រជុំវិសាមញ្ញពង្រឹងគោលការណ៍ផ្ទៃក្នុង ក្រោយលោក Trump ដាក់ទណ្ឌកម្មលើមន្ត្រីខ្លួន ប្រធានមហាសន្និបាត ICC លោក O-Gon Kwon ។ រូបភាព ICC
× ប្រធានមហាសន្និបាតតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោក O-Gon Kwon បានសម្តែងការខកចិត្តខ្លាំងទៅលើសេចក្តីសម្រេចរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលបានដាក់ទណ្ឌកម្មលើមន្ត្រី និងបុគ្គលិកតុលាការ ICC ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ។ ប្រមុខ ICC រូបនេះ បានហៅចំណាត់ការរបស់រដ្ឋបាលលោក ត្រាំ ថា ជារឿងហួសហេតុបំផុត ដែលមិនធ្លាប់មានពីមុន។
តាមរយៈសេចក្តីថ្លែងការណ៍ ដែលចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ លោក O-Gon Kwon បានលើកឡើងថា ICC គឺជាតុលាការឯករាជ្យ និងអព្យាក្រឹត្យ។ រាល់ការបំពេញបេសកកម្មរបស់មន្ត្រី ICC ត្រូវធ្វើឡើងដោយមានការប្រុងប្រយ័ត្នបំផុត ស្របតាមលក្ខន្តិកៈក្រុងរ៉ូម ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។
ប្រមុខមហាសន្និបាត ICC បានគូសបញ្ជាក់ថា ប្រព័ន្ធលក្ខន្តិកៈក្រុងរ៉ូម បានផ្តល់អាទិភាពរួចទៅហើយលើយុត្តាធិការរបស់រដ្ឋ ក្នុងការស៊ើបអង្កេត និងកាត់ទោសលើបទល្មើសឃោរឃៅ ពោលគឺកិច្ចអន្តរាគមន៍របស់តុលាការ គឺជាដំណោះស្រាយចុងក្រោយ ដើម្បីបំពេញបន្ថែមលើយុត្តាធិការថ្នាក់ជាតិនោះទេ។
ជុំវិញចំណាត់ការរបស់រដ្ឋបាលលោកប្រធានាធិបតីត្រាំ ដែលសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីរបស់ ICC ដែលបានអនុវត្តនីតិវិធីស៊ើបអង្កេតលើទាហានអាមេរិកពាក់ព័ន្ធនឹងបទល្មើសនៅក្នុងទឹកដីអាហ្កាហ្វនីស្ថាន ប្រមុខ ICC ថា លោក មិនអាចទទួលបានយកបានឡើយ។ សម្រាប់លោក ចំណាត់ការនេះ បានបំផ្លាញគោលដៅរួមក្នុងការស្វែងរកយុត្តិធម៌ និងការទទួលខុសត្រូវលើអ្នកប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ។
ជាចំណាត់ការឆ្លើយតបទាន់ពេលមួយ លោក O-Gon Kwon បានអះអាងថា ICC នឹងមានរៀបចំកិច្ចប្រជុំវិសាមញ្ញមួយដើម្បីពិចារណាលើការប្តេជ្ញាចិត្តថ្មីមួយដោយមិនមានការងាករេលើគោលជំហររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងបេសកកម្មរបស់ខ្លួន។ លោក ទទូចឲ្យភាគីសមាជិកគាំទ្រគុណតម្លៃរបស់តុលាការ ដើម្បីជាការតបតទៅនឹងការគំរាមកំហែងខាងក្រៅមកលើតុលាការ មន្ត្រីតុលាការ និងក្រុមគ្រួសាររបស់ពួកគេ។
គួរជម្រាបផងដែរថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ តាមរយៈលក្ខន្តិកៈក្រុងរ៉ូម។ តុលាការអន្តរជាតិ ដែលបច្ចុប្បន្នមានភាគី ១២៣ប្រទេសជាសមាជិកមួយនេះ មានយុត្តាធិការលើបទល្មើសបួនប្រភេទរួមមាន បទល្មើសព្រហ្មទណ្ឌប្រល័យពូជសាសន៍, បទល្មើសព្រហ្មទណ្ឌប្រឆាំងនឹងមនុស្សជាតិ, បទល្មើសព្រហ្មទណ្ឌសង្គ្រាម និងបទល្មើសព្រហ្មទណ្ឌនៃការឈ្លានពាន៕
© រក្សាសិទ្ធិដោយ thmeythmey.com