COVID-19
អន្តរជាតិ
ផ្នែក​ខ្លះ​របស់​ប៉េកាំង​ត្រូវ​បិទ ក្រោយ​រកឃើញ​ករណី​ឆ្លង COVID-19 ថ្មី​បន្តបន្ទាប់​
13, Jun 2020 , 4:19 pm        
រូបភាព
ប៉ូលិសចិនឈរយាមផ្លូវចូលផ្សារ Xinfadi ដែលត្រូវបិទ។ រូបភាព AFP
ប៉ូលិសចិនឈរយាមផ្លូវចូលផ្សារ Xinfadi ដែលត្រូវបិទ។ រូបភាព AFP
​ផ្នែក​ខ្លះ​នៃ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការ​រឹតត្បិត​នៅ​ថ្ងៃទី​១៣ ខែមិថុនា​នេះ បន្ទាប់ពី​ករណី​ឆ្លង​ជំងឺ COVID-19 ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​។ ផ្សារ​លក់ដុំ​ទំនិញ​កសិកម្ម​មួយកន្លែង​ក៏ត្រូវ​បាន​បិទ​ដែរ ដោយ​អាជ្ញាធរ​សង្ស័យថា អាចជា​កន្លែង​ចម្លងជំងឺ​ផ្លូវដង្ហើម​មួយ​នេះ​។ អាជ្ញាធរ​ក្រុង​ប៉េកាំង ក៏បាន​ពន្យារពេល​ចូលរៀន​ដែល​គ្រោង​ចាប់ផ្ដើម​នៅ​ដើម​សប្ដាហ៍​ក្រោយ​ផងដែរ​។​

 
​ប្រជាជន​ចិន​តំបន់​លំនៅដ្ឋាន​ចំនួន​១១ ក្នុង​ខណ្ឌ Fengtai ភាគខាងត្បូង​ទីក្រុង​ប៉េកាំង ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចេញពីផ្ទះ​របស់​ពួកគេ បន្ទាប់​ការផ្ទុះ​ឡើង​ករណី​ឆ្លង​ជំងឺ COVID-19 ដែល​ត្រូវបាន​ជឿថា ឆ្លង​ចេញពី​ទីផ្សារ​មួយកន្លែង​ឈ្មោះ Xinfadi ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ទីក្រុង​ប៉េកាំង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៣ ខែមិថុនា​។​
 
​ទីក្រុង​ប៉េកាំង ប្រកាស​ពី​ករណី​ឆ្លង COVID-19 ថ្មី​ក្នុងពេល​ជាច្រើន​សប្ដាហ៍​កាលពី​ថ្ងៃទី​១១ ខែមិថុនា​។ អ្នកជំងឺ ធ្លាប់ធ្វើ​ដំណើរ​ទៅកាន់​ផ្សារ Xinfadi ហើយ​មិន​ធ្លាប់​ចេញទៅ​ក្រៅ​ប៉េកាំង​ឡើយនា​រយៈពេល​ចុងក្រោយ​។ ករណី​ឆ្លង​ចំនួន​៦​ទៀត ក៏​ត្រូវបាន​រាយការណ៍​នៅ​ថ្ងៃទី​១៣ ខែមិថុនា ក្នុងនោះ​បីនាក់​ជា​កម្មករ​ក្នុង​ផ្សារ ម្នាក់​ជា​អ្នកដើរ​ផ្សារ និង​ពីរ​នាក់​ទៀត​ជា​បុគ្គលិក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សាច់សត្វ​ដែល​នៅ​ចម្ងាយ​៧​គីឡូម៉ែត្រ​ពី​ផ្សារ ប៉ុន្តែ​បុគ្គលិក​ធ្លាប់​ទៅ​ផ្សារ Xinfadi កាលពី​សប្ដាហ៍​មុន​។​
 
​ក្រោយ​ការរកឃើញ​ករណី​ឆ្លង​នេះ អាជ្ញាធរ​ទីក្រុង​ប៉េកាំង ក៏​សម្រេចចិត្ត​បិទ​ផ្សារ​នេះ និង​ផ្សារ​គ្រឿង​សមុទ្រ​មួយកន្លែង​ទៀត​ដែល​អ្នកជំងឺ​ធ្លាប់​ទៅ ដើម្បី​បាញ់សម្លាប់​មេរោគ និង​ប្រមូល​សំណាក​ដើម្បី​ធ្វើតេស្ត​។ សាលារៀន​ចំនួន​៩​ដែល​នៅក្បែរនោះ ក៏ត្រូវ​បាន​បិទ ហើយ​ការចូល​រៀន​របស់​សាលា​បឋម​ទូទាំង​ប៉េកាំង ត្រូវបាន​លើក​ពេល ព្រម​គ្នា​នឹង​សកម្មភាព​កីឡា និង​ដំណើរ​កម្សាន្ត​លក្ខណៈ​ជា​ក្រុម​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ជាមួយគ្នា​នោះ អាជ្ញាធរ ក៏​បើក​យុទ្ធនាការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​ដើម្បី​កំណត់​ករណី​ឆ្លង​។ លទ្ធផល​បង្ហាញ កម្មករ​ផ្សារ​ចំនួន​៤៦​មាន​លទ្ធផល​វិជ្ជមាន​ក្រោយ​ការធ្វើ​តេស្ត​សំណាក​យក​ពី​បំពង់ក​។ មន្ត្រី​ចិន​អះអាងថា ករណី​៤៦​នាក់ មិនបាន​បញ្ចេញ​រោគសញ្ញា​ឡើយ ហើយ​ពេលនេះ​កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ​សុខាភិបាល​៕

Tag:
 ចិន​
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com