COVID-19
ជាតិ
ខ្មែរពីរនាក់ ទើបមកពីឥណ្ឌូណេស៊ីម្សិលម៉្ងៃ មានជំងឺកូវីដ-១៩
14, Jun 2020 , 7:36 am        
រូបភាព
អ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
អ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
បុរសខ្មែរ២នាក់ ដែលទើបនឹងវិលត្រឡប់មកពីឥណ្ឌូណេស៊ី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានរកឃើញមានជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយអ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤​ ខែមិថុនា។



អ្នកទាំង២នាក់ ដែលមានជំងឺកូវីដ-១៩នោះ ស្ថិតក្នុងចំណោមអ្នកជិះយន្តហោះជាមួយគ្នាសរុប៤៦នាក់ ដោយក្នុងនោះ មានជនជាតិឥណ្ឌូណេស៊ី២នាក់។ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ បានឲ្យដឹងថា អ្នកទាំង៤៤នាក់ទៀត មិនមានជំងឺកូវីដ-១៩ឡើយ តែត្រូវយកទៅដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ចំណែកអ្នកមានជំងឺកូវីដ-១៩ទាំង២នាក់នោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហើយ។ 

បុរសខ្មែរទាំង២នាក់នោះ មានអាយុ២២ឆ្នាំ និង អាយុ២៩ឆ្នាំ និងមានផ្ទះនៅខេត្តកំពង់ចាម។ សេចក្តីប្រកាសព័ត៌មាន មិនបានបញ្ជាក់ឡើយថា អ្នកទាំង២ ជានិស្សិតឬជាពលករ។ តែស្ថានទូតកម្ពុជាប្រចាំឥណ្ឌូណេស៊ី បានសរសេរលិខិតជូនមកលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសថា នៅថ្ងៃទី១២ ខែមិថុនា ស្ថានទូត បានជួយសម្របសម្រួលឲ្យនិស្សិតខ្មែរ៤២នាក់ បានវិលត្រឡប់មកកម្ពុជាវិញ។ 

អត្ថបទទាក់ទង


គិតមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ឥណ្ឌូណេស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៣,៧ម៉ឺននាក់ ជាសះស្បើយជាង១,៣ម៉ឺននាក់ ស្លាប់ជាង២ពាន់នាក់ ហើយកម្ពុជា មានអ្នកឆ្លង១២៨នាក់ ជាសះស្បើយ១២៥នាក់ ដោយគ្មានអ្នកស្លាប់៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com