ជាតិ
សិល្បះ
ទង្វើ​៧​យ៉ាង ដែល​អាច​ឲ្យ​អ្នកសិល្បៈ រង​ពិន័យ​
14, Jun 2020 , 11:37 am        
រូបភាព
រូប​ពីហ្វេស​ប៊ុក ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ
រូប​ពីហ្វេស​ប៊ុក ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ដាក់ចេញ​លក្ខខណ្ឌ​៧​ចំណុច ដើម្បី​ឲ្យ​អ្នកសិល្បៈ ចៀសវាង បើ​មិន​ចង់​រង​ពិន័យ​។ ការចេញ​លក្ខខណ្ឌ​នេះ គឺ​ក្រសួង​ធម៌ មាន​គោលបំណង​ទប់ស្កាត់​ផលប៉ះពាល់​លើ​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង អត្តសញ្ញាណ​ជាតិ​។

 
​សេចក្តីសម្រេច​របស់​ក្រសួង​វប្បធម៌ ស្តីពី​ការកំណត់​លក្ខខណ្ឌ​សម្រាប់​វាយតម្លៃ​ដាក់ពិន័យ​និង​លើកសរសើរ​ដល់​អ្នកសិល្បៈ ដែល​ចេញ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ បាន​កំណត់ថា ទាំង​អ្នកសិល្បៈ និង​មហាជន ដែល​កំពុង​ធ្វើ​សកម្មភាព ទាក់ទង​នឹង​វិស័យ​សិល្បៈ​វប្បធម៌ អាច​នឹងត្រូវ​ទទួលរ​ង​ពិន័យ បើ​សកម្មភាព​ឬ​ទង្វើ​របស់​ពួកគេ ស្ថិតក្នុង​លក្ខខណ្ឌ​ណាមួយ ក្នុងចំណោម​លក្ខខណ្ឌ​ទាំង​៧​នេះ​។ 
 
១. ការប្រើប្រាស់​សម្លៀកបំពាក់ ប្រាសចាក​ទំនៀមទម្លាប់​ប្រពៃណីជាតិ ក្នុង​ចេតនា​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ភាព​ស្រើបស្រាល ដើម្បី​គោលបំណង និង​ផលប្រយោជន៍​ណាមួយ​។ 
 
២. ប្រើប្រាស់​សម្លៀកបំពាក់ បន្លិច​កេរ្តិ៍ខ្មាស​ជា​សាធារណៈ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​។ 
 
៣. សម្ដែង​រូបភាព ឬ ឥរិយាបទ មាន​លក្ខណៈ​អសីលធម៌ អគុណ​ធម៌ ដែល​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ទំនៀមទម្លាប់ ប្រពៃណី និង​អត្តសញ្ញាណ​ជាតិ​។ 
 
៤. ប្រើប្រាស់​វោហារ​សព្ទ​ដែលមាន​លក្ខណៈ​បរិហាកេរ្តិ៍ ជេរប្រមាថ អាសអាភាស ញុះញង់ អុជអាល បំបែកបំបាក់ រើសអើង​តាម​គ្រប់​រូបភាព នាំ​ឲ្យ​សង្គម​មានការ​ប្រេះឆា​ឬ​បែកបាក់​។ 
 
៥. បង្កើត​ស្នាដៃ​ដែលមាន​លក្ខណៈ អាសអាភាស ញុះញង់ អុជអាល បំបែកបំបាក់ រើសអើង បណ្ដាល​ឲ្យ​មាន​ព្យសនកម្ម​ដល់​វប្បធម៌ ព្រមទាំង​សុវត្ថិភាព សន្តិសុខ​សង្គម​។ 

៦. [​ការបង្កើត​ស្នាដៃ ការសម្តែង ឬ បទ​ចម្រៀង ជាដើម​] តែង​ទទួលរង​ការរិះគន់ វាយតម្លៃ​ពី​មតិសាធារណៈ ជា​បន្តបន្ទាប់​ថា​បាន​បង្ក ឬ បង្កើត​ឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ​ជាតិ​។ 

៧. សម្ដែង​រូបភាព និង ខ្លឹមសារ​ប៉ះពាល់​អង្គ​ព្រះមហាក្សត្រ ឬ គុណ​តម្លៃ​សាសនា​។​
 
​ទន្ទឹមនឹងនេះ ក្រសួង​វប្បធម៌ បាន​ប្រាប់​អ្នកសិល្បៈ អ្នកបង្កើត​ស្នាដៃ និង អ្នក​សម្តែង ឲ្យ​គោរព​កាតព្វកិច្ច​ផងដែរ​។​
 
​កាតព្វកិច្ច​របស់​អ្នកសិល្បៈ 
 
​អ្នកសិល្បៈ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សាមគ្គីភាព និង រស់នៅក្នុង​ភាពជា​បងប្អូន ដោយ​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​។ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សីលធម៌ គុណធម៌ ទាំង​សំណេរ ទាំង​ការប្រើប្រាស់​ពាក្យពេចន៍ កាយវិការ សកម្មភាព ឥរិយាបទ ការ​ស្លៀកពាក់ ដោយ​រក្សា​ឲ្យ​បាន​នូវ​ភាពថ្លៃថ្នូរ ដើម្បី​រួមចំណែក​លើកកម្ពស់​សីល​ធម៌​សង្គម និង​កិត្យានុភាព​ជាតិ​។ 
 
​អ្នកសិល្បៈ ត្រូវគោរព​ស្រឡាញ់​ការងារ ចំណេះ​ជំនាញ ទាំង​តម្លៃពិត​ខាង​ស្មារតី និង​បច្ចេកទេស​។ ត្រូវ​ផ្ទេរ​ចំណេះ​ជំនាញ ដែល​ខ្លួន​មាន​ឲ្យ​បាន​ទៅដល់​អ្នក​បន្តវេន​ជំនាន់​ក្រោយ​។ ត្រូវមាន​មនសិការ​ចូលរួម​អនុវត្ត​ឲ្យ​បានសម្រេច​នូវ​គោលនយោបាយ​ជាតិ​ស្ដីពី​វិស័យ​វប្បធម៌ និង​ការលើកស្ទួយ​កិច្ចការ​សង្គម​។ 
 
​អ្នកសិល្បៈ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​មនសិការ ជា​អ្នក​បន្តវេន​មរតក​វប្បធម៌​ជាតិ និង​ជា​គំរូ​ដ៏​ប្រពៃ​ថ្លៃថ្លា​ដល់​អ្នក​បន្តវេន​ជំនាន់​ក្រោយៗ​ទៀត​។ ត្រូវ​ចៀសវាង​ឲ្យ​បាន​ដាច់ខាត នូវ​គ្រប់​សកម្មភាព និង​ឥរិយាបថ​ទាំងឡាយណា​ដែលមាន​ផលប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី និង​កិត្យានុភាព​ជាតិ​។ ត្រូវ​ចៀសវាង​ឲ្យ​បាន​នូវ​ប្រឌិត​ញាណ ការសម្ដែង​ដែលមាន​លក្ខណៈ​អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ និង​ជំនឿ​សាសនា​។​
 
​កាតព្វកិច្ច​នៃ​អ្នកបង្កើត​ស្នាដៃ​
 
​អ្នកបង្កើត​ស្នាដៃ ត្រូវបង្កើត​ស្នាដៃ​ចេញពី​សមត្ថភាព​នៃ​ប្រឌិត​ញាណ​ផ្ទាល់ខ្លួន​។ ត្រូវ​រក្សា​ឲ្យ​បាន​នូវ​ពណ៌​សម្បុរ និង​អត្តសញ្ញាណ​ជាតិ​។ ត្រូវ​ប្រមូលផ្ដុំ​លើ​ការអប់រំ ស្របតាម​គោលនយោបាយ​ជាតិ​ស្ដីពី​វិស័យ​វប្បធម៌ និង​ត្រូវគោរព​ឲ្យ​បាន​នូវ​គោលការណ៍​សច្ចធម៌ គុណធម៌ និង​សោភ័ណភាព​។ 
 
​អ្នកបង្កើត​ស្នាដៃ ត្រូវ​បង្កប់​គំនិត និង​ទស្សនៈ​ល្អៗ ដែលមាន​គុណប្រយោជន៍ ដល់​ការលើកកម្ពស់​ការអប់រំ​សីលធម៌ គុណធម៌ មនសិការ​ស្នេហា​ជាតិ ស្នេហា​វប្បធម៌ និង​ការអភិវឌ្ឍ​សង្គម​។ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​មនសិការ​ចូលរួម គាំទ្រ​គ្រប់​សកម្មភាព​អប់រំ និង​កិច្ចការ​សង្គម​។ ត្រូវ​ផ្អែកលើ​គោលការណ៍​ឯករាជ្យភាព សុចរិត​ភាព សច្ចភាព និង គុណភាព​។ 
 
​អ្នកបង្កើត​ស្នាដៃ ត្រូវ​ចៀសវាង​ឲ្យ​បាន​នូវ​ការបង្កើត​ស្នាដៃ ដែលមាន​លក្ខណៈ​អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ និង​ជំនឿ​សាសនា​។ ត្រូវ​តម្កល់​ស្នាដៃ​របស់ខ្លួន ទុកជា​កេរដំណែល សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ពិសេស​ចងក្រង​ឯកសារ ដែល​បាន​សិក្សា​ស្រាវជ្រាវ​រកឃើញ​ទុកជា​ក្បួនតម្រា​។​
​កាតព្វកិច្ច​អ្នក​សម្ដែង​
 
​អ្នក​សម្ដែង ត្រូវ​រក្សា​សុជីវធម៌ សីលធម៌ ភាពថ្លៃថ្នូរ ទាំង​កាយវិការ ការ​ស្លៀកពាក់ និង​វោហារ​សព្ទ​។ ត្រូវគោរព​វិន័យ​ឲ្យ​បាន​ត្រឹមត្រូវ ទាំង​ក្នុងពេល​ហាត់​សម មុន​សម្ដែង ពេល​កំពុង​សម្ដែង និង​ក្រោយពេល​សម្ដែង​។ ត្រូវ​ចៀសវាង​ឲ្យ​បាន​នូវ​អំពើ​ទាំងឡាយណា ដែល​ធ្វើ​ឲ្យ​អាប់ឱន​ដល់​វិជ្ជាជីវៈ​អ្នកសិល្បៈ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ ត្រូវ​ចៀសវាង​ឲ្យ​បាន​ដាច់ខាត នូវ​ការប្រើប្រាស់​កាយវិការ និង​ពាក្យពេចន៍​ដែលមាន​លក្ខណៈ អាសអាភាស អសុរោះ ញុះញង់ អុជអាល និង​បំបែកបំបាក់​។ 
 
​អ្នក​សម្តែង មិន​ត្រូវយក​អារម្មណ៍មិនល្អ​ពី​ខាងក្រៅ ទៅប្រើ​ប្រាស់​ក្នុងពេល​សម្ដែង ដែល​នាំ​ឲ្យ​ប៉ះពាល់ ឬ​ខូចខាត​ដល់​គុណភាព​សម្ដែង ដល់​កិត្តិយស​សហការី​រួម​ការងារ​ជាមួយគ្នា​។ ត្រូវ​ផ្ចង់អារម្មណ៍​ដើម្បី​លើក​តម្លៃ ទាំង​បច្ចេកទេស និង​ស្មារតី​ក្នុងការ​សម្ដែង​។ មិនត្រូវ​ធ្វើ​ឲ្យ​បាត់​គុណ​តម្លៃ ក្នុងពេល​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ក្រោម​លក្ខខណ្ឌ​ន​នៃ​កិច្ចសន្យា​ណាមួយ​ឡើយ​។ មិន​ត្រូវយក​ភាពល្បីល្បាញ​របស់ខ្លួន ទៅ​គាបសង្កត់​ធ្វើ​ឲ្យ​ខូចប្រយោជន៍​អ្នកដទៃ ទោះ​ក្នុង​រូបភាព​ណាក៏ដោយ​។ 
 
​ក្រសួង​វប្បធម៌ ក៏បាន​រំលេច​ពី​ការដាក់ពិន័យ​និង​ការលើកសរសើរ​ចំពោះ​អ្នកសិល្បៈ​ផងដែរ​។​

​ការពិន័យ​
 
​អ្នកសិល្បៈ និង​មហាជន​ដែល​កំពុង​ធ្វើ​សកម្មភាព ទាក់ទង​នឹង​វិស័យ​សិល្បៈ វប្បធម៌ ហើយ​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ​នេះ ឬ បណ្ដាល​ឲ្យ​មាន​ព្យសនកម្ម​ដល់​សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណីជាតិ នឹងត្រូវ​ទទួលរង​ពិន័យ ទៅតាម​ស្ថាន​កំហុសឆ្គង​ដែល​បាន​ប្រព្រឹត្ត មាន​ជាអាទិ៍ ណែនាំ ឬ​ស្ដីបន្ទោស​ដោយផ្ទាល់​មាត់ ឬ ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ ផ្អាក​មិន​ឲ្យ​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​វិស័យ​សិល្បៈ​វប្បធម៌ ក្នុង​រយៈពេល​ណាមួយ​ស្របតាម​កំហុសឆ្គង នៃ​អ្នកសិល្បៈ​នោះបាន​ប្រព្រឹត្ត​។​

ការលើកសរសើរ​
 
​អ្នកសិល្បៈ និង​មហាជន​ដែល​បានធ្វើ​សកម្មភាព​ទាក់ទង​នឹង​វិស័យ​សិល្បៈ​វប្បធម៌ ស្របតាម​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ​នេះ ឬ បាន​ចូលរួម​ក្នុង​សកម្មភាព​លើកកម្ពស់​សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណីជាតិ​បានល្អ​ប្រពៃ ស្របតាម​គោលនយោបាយ​ជាតិ​ស្ដីពី​វិស័យ​វប្បធម៌ នឹង​ទទួលបាន​ការសរសើរ​លើកទឹកចិត្ត ដោយ​ការផ្ដល់ជូន​នូវ​មេដាយ ប​ណ្ឌ​សរសើរ ឬ​លិខិត​សរសើរ​។​
 
​ក្រសួង​វប្បធម៌ បញ្ជាក់ថា អ្នកសិល្បៈ​គ្រប់លំដាប់​ថ្នាក់ និង​មហាជន មាន​កាតព្វកិច្ច​ត្រូវគោរព​តាម​ក្រមសីលធម៌ នៃ​អ្នកសិល្បៈ​នេះ​៕
 

Tag:
 សិល្បៈ​
  វប្បធម៌​
  ទំនៀមទម្លាប់​
 ​អត្តសញ្ញាណ​
 
© រក្សាសិទ្ធិដោយ thmeythmey.com