COVID-19
កីឡាជាតិ
ជាតិ
លោក នូ ចំរើន រំពឹងការជិះកង់រំលឹកខួបដំណើរឆ្ពោះទៅផ្តួលរំលំរបបប៉ុលពត ជួយបំផុសកីឡាទោចក្រយាន លោក នូ ចំរើន អគ្ឡលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន(អាវខៀវ) និងសកម្មភាពជិះក្នុងព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្ត្រនៅឧត្តរមានជ័យ
× លោក នូ ចំរើន អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាទោចក្រយាន បានបង្ហាញជំនឿចិត្តខ្ពស់ចំពោះព្រឹត្តិការណ៍ជិះកង់ ដើម្បីអបអរខួបលើកទី៤៣នៃទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងការជួយផ្សព្វផ្សាយពីកីឡាទោចក្រយាន។ ព្រឹត្តិការណ៍នេះ ត្រូវចេញដំណើរពីវិមានឈ្នះឈ្នះទៅបញ្ចប់នៅខេត្តត្បូងឃ្មុំតាមបណ្តោយផ្លូវដែលសម្តេច ហ៊ុន សែន ធ្វើដំណើរទៅសុំជំនួយពីវៀតណាម ដើម្បីផ្តួលរំលំរបបប៉ុលពត។
សហព័ន្ធខ្មែរកីឡាទោចក្រយានក្រោមកិច្ចសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងរៀបចំព្រឹត្តិការណ៍ជិះកង់មួយនៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០២០ ដើម្បីអបអរសាទរខួបលើកទី៤៣នៃទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រក្នុងខេត្តត្បូងឃ្មុំ ក៏ស្ថិតក្នុងគោលបំណងនៃកម្មវិធីនេះដែរ។
បើតាមលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានព្រឹត្តិការណ៍ជិះកង់លក្ខណៈមហាជននេះត្រូវចេញដំណើរនៅវិមានឈ្នះឈ្នះក្នុងរាជធានីភ្នំពេញរួចទៅបញ្ចប់នៅខេត្តត្បួង។ ទោះបីយ៉ាងនេះក្តី កីឡាករមិនមែនជិះកង់ពីភ្នំពេញរហូតដល់ខេត្តត្បូងឃ្មុំនោះទេ ដោយបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទី១ធ្វើឡើងលើចម្ងាយផ្លូវជាង២០គីឡូម៉ែត្រដោយចេញពីវិមានឈ្នះឈ្នះទៅបញ្ចប់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថត្រើយស្លាស្មាច់កណ្តាល។
បន្ទាប់កីឡាករទាំងអស់ត្រូវបន្តដំណើរដោយរថយន្តក្រុងឆ្ពោះទៅស្រុកមេមត់ខេត្តត្បូងឃ្មុំ។ ក្រោយទទួលទានអាហារថ្ងៃត្រង់រួចកីឡាករទាំងអស់ត្រូវចេញពីរង្វង់ក្នុងស្រុកមេមត់ឆ្ពោះទៅភូមិកោះថ្ម តាមបណ្តោយផ្លូវដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សៃន ធ្វើដំណើរទៅវៀតណាម ដើម្បីរកជំនួយមកផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ។
ទោះបីការជិះកង់នេះមិនមានការប្រកួតប្រជែងដណ្តើមយកចំណាត់ថ្នាក់ក៏ដោយ លោក នូ ចំរើន រំពឹងថា ព្រឹត្តិការណ៍នេះនឹងជួយបំផុសចលនាកីឡាទោចក្រយានឲ្យមហាជន និងយុវជនចូលរួមលេងកាន់តែច្រើន។ លោកក៏សង្ឃឹងដែរថា ការជិះកង់នេះនឹងជួយស្តារប្រជាប្រិយភាពកីឡាទោចក្រយានឲ្យមានភាពល្អប្រសើរឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩។
«យើងរៀបចំកម្មវិធីនេះឡើង គឺដើម្បីរំលឹកខួបលើកទី៤៣នៃដំណើរឆ្ពោះទៅផ្តួលរំលំរបស់ប៉ុលពត ព្រោះផ្លូវដែលយើងត្រូវជិះជាផ្លូវដែលសម្តេចនាយករដ្ឋមន្ត្រីធ្វើដំណើរទៅវៀតណាម ដើម្បីរកជំនួយមកផ្តួលរំលំរបបប៉ុលពត។ ម្យ៉ាងទៀត ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងផ្សព្វផ្សាយពីកីឡាទោចក្រយាន ក្រោយស្ថានភាពការឆ្លងជំងឺកូវីដ-១៩ មានភាពធូរស្បើយ»។ នេះជាការលើកឡើងរបស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន។ នេះជាការលើកឡើងរបស់លោក នូ ចំរើន។
សម្រាប់ការចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍នេះ គ្មានការបង់ប្រាក់នោះទេ ហើយអ្នកចង់ចូលរួមអាចចុះឈ្មោះជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលមានទីតាំងស្ថិតនៅជាន់ទី២ក្នុងអគារស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ការចុះឈ្មោះធ្វើឡើងរហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។ ព្រឹត្តិការណ៍នេះអនុញ្ញាតឲ្យមានអ្នកចូលរួមតែ១២០នាក់តែប៉ុណ្ណោះ ព្រោះសហព័ន្ធចង់អនុវត្តវិធានការការពារការឆ្លងជំងឺកូវីដ-១៩របស់ក្រសួងសុខាភិបាលឲ្យមានប្រសិទ្ធិភាព៕
Tag:
ត្បូងឃ្មុំ
ទោចក្រយាន
នូ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com