ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឡេង កុក អាន​៖ «​សាស្ត្រា​ស្លឹករឹត​ជួយ​ផលិតករ​ភាពយន្ត​ខ្មែរ ឱ្យ​ឈប់​ចម្លង​ស្នាដៃ​ពី​បរទេស​»
14, Jun 2020 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖ លោក ឡេង កុក អាន អ្នកសិក្សា​ស្រាវជ្រាវ​គម្ពីរ​សាស្ត្រា​ស្លឹករឹត​ខ្មែរ មានប្រសាសន៍ថា រឿងបុរាណ​នៅក្នុង​សាស្ត្រា​ស្លឹករឹត​ខ្មែរ មាន​រាប់ពាន់​រឿង ដែល​ផលិតករ​ខ្មែរ គួរ​យកមក​ផលិត​ជា​ភាពយន្ត ដោយ​មិនចាំបាច់​ទៅ​ចម្លង​ស្នាដៃ​ពី​បរទេស​។ ស្របពេល​សាស្ត្រា​ស្លឹករឹត​ខ្មែរ មានតម្លៃ​យ៉ាង​មហាសាល ដែល​កម្ពុជា​ចាំបាច់​ត្រូវតែ​ថែរក្សា លោក ឡេង កុក អាន បាន​មើលឃើញថា ប្រជាជន​ខ្មែរ​ខ្លះ បែរជា​មិនសូវ​អើពើ​ទៅវិញ​។​




​សូម​ឈ្វេងយល់​ពីសា​ស្ត្រា​ស្លឹករឹត​ខ្មែរ បន្ថែមទៀត​តាមរយៈ​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖





 
​ក្នុង​បន្ទប់​មួយ ដែល​រៀបចំ​ជា​លក្ខណៈសាមញ្ញ ទំហំ​តូច​ល្មម ដោយ​អាចដាក់​តុ​អង្គុយ​ធ្វើការ​បាន​២ និង​មាន​ទូ​ដាក់​សាស្ត្រា​ស្លឹករឹត រៀបចំ​ជា​ខ្សែ​មាន​ក្រប​ខ្លះ និង​មិនទាន់​រៀប​ជា​ខ្សែ​ខ្លះ ព្រមទាំង​មាន​ទូ​សម្រាប់​ដាក់​ក្រាំង វាន និង​សៀវភៅ​ច្រើន​ប្រភេទ​ផង នេះ​ជា​ការិយាល័យ​របស់លោក ឡេង កុក អាន ដែល​ធ្វើការ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ ដោយមាន​ទីតាំង​ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម​។​
 
​អង្គុយ​លើ​កៅអី​មាន​ដៃ ពណ៌​ខ្មៅ នៅ​ចំពោះមុខ​តុ​ដែល​ពោរពេញ​ទៅដោយ​ឯកសារ​ជា​សៀវភៅ​ក្បាល​ធំៗ​ខ្លះ តូចៗ​ខ្លះ សាស្ត្រា​ស្លឹករឹត​ខ្លះ ក្រាំង​ខ្លះ វាន​ខ្លះ និង​ជា​សន្លឹក​ឯកសារ​ខ្លះ ពេញ​លើ​តុ លោក ឡេង កុក អាន កំពុង​មើល​ឯកសារ​ស្រាវជ្រាវ​របស់ខ្លួន ក្នុង​ទឹកមុខ​មិន​ស្រ​ស់សោះ​។  


 លោក ឡេង កុក អាន អ្នក​សិក្សា​ស្រាវ​ជ្រាវ​ សាស្រ្ដា​ស្លឹក​រឹត​ខ្មែរ ក្រាំង និង​ វាន

​មាន​សម្បុរ​ស្រអែម លោក កុក អាន បានធ្វើ​ការងារ​លើ​ការស្រាវជ្រាវ សាស្ត្រា​ស្លឹករឹត​ខ្មែរ​តាំងពី​ឆ្នាំ​១៩៩០​មកម្ល៉េះ​។ សាស្ត្រា​ស្លឹករឹត​ខ្មែរ​រាប់ម៉ឺន​ខ្សែ ដែល​លោក ឡេង កុក អាន បាន​មើល​យ៉ាង​លំអិត អស់​រយៈកាល​ជិត​៣​ទសវត្សរ៍​មកនេះ បានបង្ហាញ​ឱ្យ​លោក​ឃើញថា វា​ពិតជា​មានតម្លៃ​យ៉ាង​មហាសាល​។ 
 
​លើក​យកតែ​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​ភាពយន្ត​មក​និយាយ លោក ឡេង កុក អាន ប្រាប់​ពី​ផលប្រយោជន៍​ដែល​ផលិតករ​ខ្មែរ អាច​ទាញ​បាន​ពីសា​ស្ត្រា​ស្លឹករឹត ដើម្បី​យកមក​អភិវឌ្ឍន៍​ស្នាដៃ​ភាពយន្ត​របស់ខ្លួន​ឱ្យ​កាន់តែ​ល្អប្រសើរ ទាំង​ទឹកសំឡេង​ហាក់​តានតឹង​អារម្មណ៍​៖«​ពី​ដើម​គេ​ដក​រឿង​ចេញពី​សាស្ត្រា​ស្លឹករឹត យកទៅ​ផលិត​ភាពយន្ត​។ ហេតុ​អី​ខ្សែភាពយន្ត​នៅ​ថៃ​រឿងបុរាណ យើង​ចេះតែ​ទៅ​ចម្លង​ពី​គេ​មក​។ ខ្មែរ​យើង​មាន​សាស្ត្រា​ស្លឹករឹត ដែល​ទាក់ទង​នឹង​ខ្សែភាពយន្ត​ហ្នឹង​ច្រើនណាស់ ដូចជា​រឿង​មរណៈ​មាតា ផ្កា​ថ្កល់ រឿង​មហាមោគ្គល្លាន នាង​បដា​ចា សុទ្ធ​តែមាន​ក្នុង​សាស្ត្រា​ស្លឹករឹត​។ រឿងកុន​ពី​ដើម​គេ​លេង​រួចហើយ នៅ​សង្គមរាស្ត្រនិយម គេ​ដកចេញ​ពីសា​ស្ត្រា​ស្លឹករឹត តែឯង​នេះ​(​បច្ចុប្បន្ននេះ​) លេង​មិនត្រូវ​ផង​ហ្នឹង​។ យើង​លេង​តែ​រឿង​ដដែលៗ​។ ខ្ញុំ​ចង់​ថា​យើង​កុំ​ផលិត​រឿង​ដដែលៗ មាន​រាប់ពាន់​រឿង​ដែល​យើង​ត្រូវ​ផលិត​»​។ 



 គម្ពីរ​សាស្រ្តា​ស្លឹករឹត​ខ្មែរ​​ដែល​មិន​ទាន់​រៀប​ចំរួច

​ទោះជា​យ៉ាងណា បុរស​មាន​ដើមកំណើត​នៅ​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​លេខ​២​រូបនេះ ហាក់​អស់សង្ឃឹម​ចំពោះ​ការព្រងើយកន្ដើយ របស់​ផលិតករ​ភាពយន្ត​ខ្មែរ ទៅលើ​សាស្ត្រា​ស្លឹករឹត​។ ទាំងនេះ​ជាការ​សង្កេតមើល​របស់​លោក ឡេង កុក អាន​៖«​រឿង​នាង​វិមាន​ចន្ទ ព្រះថោង​នាងនាគ មានរឿង​ច្រើន​ទៀត​ដែលមាន​នៅក្នុង​សាស្ត្រា​ស្លឹករឹត តែ​គួរឱ្យ​ស្ដាយ​អ្នក​ផលិត​ភាពយន្ត​មិនមាន​អ្នកណា​នឹកឃើញ​ស្រង់​ចេញមក​។ តែ​ពេល​យើង​ទៅ​មើល គឺ​មើល​រឿង​របស់​ថៃ ដែល​រឿងបុរាណ​ហ្នឹង​ចាស់ៗ គាត់​ចូលចិត្ត​មើល ហើយ​ក្មេងៗ​ក៏ ចូលចិត្ត​មើល​ដែរ​។ យើង​ចាំតែ​ចម្លង​របស់គេ​។ រឿង​របស់​យើង​មាន​មួយ​គំនរ នៅក្នុង​សាស្ត្រាល្បែង ដូចជា​រឿង សុវណ្ណ​ក្ដាម​ស ជួនកាល​មាន​ពាក្យកម្រងកែវ​នៅក្នុង​ហ្នឹង យើង​ដកចេញ​មកវា​លេង​រឿង​ល្អ​»​។​
 
​អង្គុយ​ផ្អែក​ខ្លួន​ទៅក្រោយ​លើ​កៅអី​ពណ៌​ខ្មៅ លោក កុក អាន និយាយ​ក្នុង​ទំនុកចិត្ត​ខ្ពស់​ថា សាស្ត្រា​ស្លឹករឹត​ទាំងអស់​ស្ទើរតែ​ជិត​១,០០០​វត្ត សុទ្ធសឹងតែ​ជា​ស្នាដៃ​ដែល​លោក​បានរៀបចំ​៖«​សាស្ត្រា​ស្លឹករឹត​ខ្ញុំ​រៀប រាប់ម៉ឺន​ខ្សែ នៅ​សារមន្ទីរ​ជាតិ នៅ​បណ្ណាល័យ​ជាតិ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ នៅក្នុង​ព្រះបរមរាជវាំង ហើយ​នៅតាម​បណ្ដា​ខេត្ត សុទ្ធតែជា​ស្នាដៃ​របស់ខ្ញុំ​ទាំងអស់​។ នៅ​ខេត្តកណ្ដាល​មាន​១០​ស្រុក នៅ​រាជធានី​ភ្នំពេញ​៨៨​វត្ត នៅ​កំពុងចាម​ពី​ដើម​មាន​១៦​ស្រុក ឥឡូវ​គេ​បែង​ចែកជា​ត្បូងឃ្មុំ​មួយទៀត ខ្ញុំ​ធ្វើការ​ប្រហែលជា​បាន​៧​ស្រុក​ទៀត​នៅតាម​វត្ត​។ បើ​ខ្ញុំ​ចូល​ប្រហែលជា​មិនតិចជាង​១,០០០​វត្ត​ទេ​»​។



 សៀវ​ភៅ​ដែលស្រង់​ខ្លឹមសារចេញ​​ពី​សាស្ត្រាស្លឹករឹត​ខ្មែរ សម្រាប់​ឱ្យ​សិស្ស​រៀន​

​បើទោះជា​បាន​ប្រឹងប្រែង​អភិរក្ស​សាស្ត្រា ដែលជា​គម្ពីរ​បុរាណ​យ៉ាងណាក៏ដោយ ក៏​បុរស​កូនពៅ​ក្នុងចំណោម​បងប្អូន​៧​នាក់​រូបនេះ ហាក់​អស់​សេចក្ដីសង្ឃឹម​នឹង​តស៊ូ​បន្ត ព្រោះ​លោក​យល់ឃើញថា អ្នក​យល់​តម្លៃ​សាស្ត្រា​ស្លឹករឹត​ខ្មែរ ដោយ​ខំ​ថែរក្សា​ដើម្បី​ទុកជា​សម្បត្តិ​ជាតិ កាន់តែ​ហោចទៅ​៖«​គួរឱ្យ​ស្ដាយ​ដែល​វា​បាត់ទៅ ដែល​យើង​មិនបាន​ទៅធ្វើ​ការ​។ ដូច​ខ្ញុំ​ថា​អ៊ីចឹង ខ្ញុំ​រាយការណ៍​រាល់​តែ​ថ្ងៃ ថា​តែ​២​ទៅ​៣​ឆ្នាំ​ទៀត​អស់ហើយ​សាស្ត្រា​ហ្នឹង​។ សាស្ត្រា​ដែល​ខ្ញុំ​ធ្វើការ​តាម​វត្ត ខ្ញុំ​ទុក​ហើយក៏​នៅតែ​បាត់​។ ចុះ​លោក​មិន​សុំ​គេ​មក​? ខ្មែរ​យើង​មាន​ចរិត​មួយ របស់​ដែល​ស៊ី​មិនកើត តែ​នៅពេលដែល​គេ​ធ្វើឱ្យ​ស៊ី​កើត ឃ្លាន​យកទៅ​វិញ​។ របស់​ហ្នឹង​ផ្អូម​ទេ តែ​យើង​យកទៅ​កែច្នៃ​ឱ្យ​ស៊ី​កើត ឃា្ល​ន​យក​អាហ្នឹង​ទៅវិញ​។ របស់​ហ្នឹង​គេ​យកទៅ​ចោល ដល់​យើង​យកទៅ​ជួសជុល គេ​ថា​របស់​ហ្នឹង​មានតម្លៃ ហើយ​យើង​សុំ​យកទៅ​អភិរក្ស​មិនឱ្យ​ទេ​»​។​
 
​មានគំនិត​អវិជ្ជមាន​ចំពោះ​ប្រជាជន​ខ្មែរ​ខ្លះ ក៏​ព្រោះតែ​អ្នកស្រាវជ្រាវ​វ័យ​៥៥​ឆ្នាំ​រូបនេះ បាន​ពើបប្រទះ​នឹង​បុគ្គល​ដែល​មិនមាន​ទំនួល​ខុសត្រូវ​មួយចំនួន​នោះឯង​៖«​នៅពេលដែល​អ្នក​ចង់ទុក​សាស្ត្រា​នោះ​នៅរស់ គាត់​ថា​របស់​នោះ​អស្ចារ្យ​ណាស់ តែ​ពេល​អត់​ពី​គា​ត់ទៅ​មានអី​ទៀត​។ ដូច្នេះ​មិនមែនជា​កំហុស​គាត់​ទេ គឺជា​កំហុស​ក្មេងជំនាន់ក្រោយ​? ជួនកាល​កំហុស​មកពី​គាត់​ដែរ ពេលខ្លះ​គាត់​ថា​ថែរក្សា តែ​ពេល​ខ្ញុំ​ចូលទៅ​មើល​គាត់​មិនបាន​ថែរក្សា​ឯណា គឺ​គាត់​ទុកចោល តែបើ​ឱ្យ​យើង​គឺ​គាត់​អត់ឱ្យ​ទេ​។ ដូច​ខ្ញុំ​ចុះទៅ​វត្ត​ខ្លះ គួរឱ្យ​ស្ដាយ​ណាស់ ទូ​ខ្លះ​នៅសល់​ពី​បុរាណ ទូ​ដាក់​សាស្ត្រា ទុកចោល​នៅក្នុង​ឃ្លាំង សុទ្ធតែ​ដី​។ ខ្ញុំ​ថា​តើ​ខ្ញុំ​អាច​សុំ​បានទេ មិនមែន​យកមក​ទុល​ខ្លួនឯង​ទេ គឺ​យកទៅ​ឱ្យគេ​ជួសជុល ដើម្បី​យកទៅដាក់​សាស្ត្រា​វិញ ព្រោះ​វា​ស្អាត តែ​គេ​មិនឱ្យ​យក​»​។



 ក្រាំង
​លោក ឡេង កុក អាន បញ្ជាក់បន្ថែម​ទាំង​ទឹក​សំដី ហាក់​បន្ទោស​អ្នក​ដែល​លោក​យល់ថា កំពុងតែ​បំផ្លាញ​គម្ពីរ​បុរាណ​ដែលមាន​តម្លៃ​សម្រាប់​ជាតិ​៖«​គេ​ថា​ជា​គរុភណ្ឌ​របស់​វត្ត​។ ជា​គរុភណ្ឌ​ទាល់តែ​អ្នកឯង​ធ្វើឱ្យ​វា​ស្អាត ឱ្យ​វា​មានតម្លៃ តែ​គរុភណ្ឌ​នេះ​បន្តិចទៀត ទៅជា​ឈើ​ដុតចោល​ហើយ​។ ខ្ញុំ​ឃើញ​នៅសល់​ក្បាច់ ខ្ញុំ​ចង់យក​ទៅឱ្យ​ជាង​ជួសជុល​ដាក់​កញ្ចក់ ទុកដាក់​សាស្ត្រា​វា​ស្អាត តែ​គេ​មិនឱ្យ​។ អ៊ីចឹង​បាន​ថា​ខ្មែរ​យើង គេ​ចង់​ជួយ​ដែរ តែ​ខ្លួន​យើង​មិន​ចង់​ជួយ​ខ្លួនឯង តើ​ឱ្យធ្វើ​ម៉េច​? នេះ​គឺ​ចូល​ដំណាក់កាល​លង់ទឹក​ទាំងអស់គ្នា​ហើយ​។ ខ្ញុំ​ចង់​បំផុសបំផុល​ទាំង​ក្រសួង ទាំង​អី​ទាំងអស់​»​។​
 
​ក្នុង​ទឹកមុខ​មិន​ស្រស់បោះ លោក ឡេង កុក អាន តានតឹង​អារម្មណ៍​ខ្លាំង ចំពោះ​ឧបសគ្គ​មួយចំនួន នៅពេលដែល​លោក​ចុះទៅ​ធ្វើការ​នៅតាម​បណ្ដា​ខេត្ត​នានា ហើយ​លោក​ពន្យល់​បន្ថែម​៖«​មាន​អ្នកខ្លះ​រារាំង​ខ្ញុំ​ទៀត​។ ខ្ញុំ​គ្រាន់តែ​សុំ​លិខិត​បេសកកម្ម​ពី​ក្រសួង​២​ឆ្នាំ​ហើយ មិនទាន់​បានធ្វើ​ផង​។ ពេល​ខ្ញុំ​ចុះ​ធ្វើការ មាន​ផល​លំបាក​សម្រាប់​ការងារ​នៅ​មូលដ្ឋាន ជួនកាល​គេ​សួររក​លិខិត​បេសកកម្ម ហើយ​ខ្ញុំ​និយាយ​តែ​ត្រង់ ថា​ខ្ញុំ​បាន​លិខិត​នោះ​ពី​ណា​មក បើ​គេ​មិន​ចេញ​ឱ្យ​។ ទីបំផុត​ទៅ​តើ​គេ​ឱ្យ​លោក​ធ្វើការ​ទេ​? គេ​ឱ្យ គ្រាន់តែ​ថា​នេះ​គឺជា​ផលវិបាក​សម្រាប់​ខ្ញុំ តើ​ឱ្យ​ខ្ញុំ​ធ្វើ​យ៉ាងម៉េច​? ខ្ញុំ​សុំ​ក្រសួង​២​ឆ្នាំ​ហើយ គេ​ថា​ថ្ងៃនេះ គេ​ថា​ថ្ងៃនោះ បើ​ចាំ​ថ្ងៃនោះ ឯកសារ​ហ្នឹង​វារ​លាយ​តែ​ទាំងអស់​ហ្នឹង​»​។​
 
​លោក បន្ថែម​ទាំង​ជ្រួញ​ចិញ្ចើម​៖«​ព្រះសង្ឃ​ខ្លះ​លោក​យោគយល់ តែ​ព្រះសង្ឃ​ខ្លះ​លោក​មិន​យោគយល់ លោក​ហៅ​ទូរ​សព្ទ​ទៅ​សួរ​អាជ្ញាធរ​ដែនដី ហើយ​គេ​សួររក​លិខិត​បេសកកម្ម នេះហើយ​ជា​ផល​លំបាក​។ ខ្ញុំ​ជា​អ្នកធ្វើការ​ពិតប្រាកដ ខ្ញុំ​មិនមែន​ទៅ​ឆរ​បោក មិនមែន​ទៅយក​វត្ថុ​នោះ​ទៅ​លួច​លក់​ឯណា គឺ​ដើម្បី​តែ​ថែរក្សា​អភិរក្ស​។ តែ​ព្រះសង្ឃ​ខ្លះ​លោក​ធ្លាប់​ស្គាល់ លោ​កថា​មិន​អី​ទេ លោក​ឱ្យ​ធ្វើការ​»​។



 វាន (គម្ពីរដូច​សាស្ត្រាដែរ តែ​​មាន​ប្រវែង​ខ្លីជាង ដែល​ចង​ខ្សែពណ៌​ខៀវ)

​ក្នុង​ជីវិត​លើ​វិថី​ស្រាវជ្រាវ​សាស្ត្រា​ស្លឹករឹត​ខ្មែរ ក្រាំង និង​វាន លោក ឡេង កុក អាន មាន​ក្ដី​ប្រាថ្នា​តែ​ម្យ៉ាង​តែប៉ុណ្ណោះ​នៅពេលនេះ ដោយ​លោក​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ដូច្នេះ​៖«​សព្វថ្ងៃ​ខ្ញុំ​មិន​ចង់បាន​អ្វី​ទេ សំខាន់​គឺ​បង្កើត​ក្រុម គឺ​ក្រុម​ស្រាវជ្រាវ​ហ្នឹង​ឱ្យ​ពិតប្រាកដ កុំឱ្យ​បង្កើត​តែ​ក្រុម​តែ​មិនមាន​មនុស្ស​។ មនុស្ស​ជាង​១០​នាក់​ក្នុង​ក្រុម​ស្រាវជ្រាវ​នេះ ហើយ​ធ្វើការ​តែ​ខ្ញុំ​តែ​ម្នាក់ ងាប់​។ គេ​មិន​មក​ធ្វើការ​ជាមួយ​លោក ដោយសារតែ​គេ​ធ្វើ​កន្លែង​ផ្សេង ឬក៏​ដោយសារតែ​លោក ពិបាក​ឱ្យគេ​ធ្វើការ​ជាមួយ​តែម្ដង​? ឬ​យ៉ាងណា​វិញ​? មិនមែន​មកពី​បញ្ហា​ហ្នឹង​ទេ​។ មកពី​បង្កើត​ក្រុម​ហ្នឹង គេ​មិនមែនជា​អ្នកធ្វើការ គេ​ធ្វើការ​រឿង​ផ្សេងៗ​។ គេ​ត្រូវបង្កើត​ក្រុម​ណា ដែល​គេ​មក​ធ្វើការ​រឿង​ហ្នឹង​»​។ 
 
​សាស្ត្រា​ស្លឹករឹត​ខ្មែរ មាន​ចារ​ក្បួនច្បាប់​គ្រប់បែបយ៉ាង តាំងពី​រឿង​តូច​ល្អិត រហូតដល់​ក្បួន​ដឹកនាំ​ប្រទេស ឱ្យបាន​រុងរឿង​រីកចម្រើន​តាំងពី​បុរាណកាល​។ ច្បាប់​ទូន្មាន​នានា​ដល់​ជន​ប្រុស​ស្រី ដល់​មាតាបិតា ដល់​កូនចៅ ច្បាប់​ស្ដីពី​ការដឹងគុណ ច្បាប់​រស់ក្នុង​សង្គម​ប្រកបដោយ​មង្គល និង​មាន​ច្រើន​លើសលុប​ទៀត ដែល​ពិបាក​និង​រៀបរាប់ សុទ្ធសឹងតែ​បាន​កត់ត្រា​ក្នុង​គម្ពីរ​សាស្ត្រា​ស្លឹករឹត​ខ្មែរ ក្រាំង និង​វាន​។ 
 
​នៅ​អត្ថបទ​ក្រោយៗ​ទៀត សារព័ត៌មាន​ថ្មីៗ​នឹង​បង្ហាញ​ពី​គុណ​តម្លៃ​ផ្សេងៗ​ទៀត របស់​សាស្ត្រា​ស្លឹករឹត ដែល​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការកសាង​សង្គម​កម្ពុជា ដែល​មិនអាច​ខ្វះ​បាន តាំងពី​បុរាណកាល​មក​៕

Tag:
 លោក ឡេង កុក អាន​៖ «​សាស្ត្រា​ស្លឹករឹត​ជួយ​ផលិតករ​ភាពយន្ត​ខ្មែរ ឱ្យ​ឈប់​ចម្លង​ស្នាដៃ​ពី​បរទេស​»
© រក្សាសិទ្ធិដោយ thmeythmey.com