ថវិកាជាតិ សម្រាប់​ចាយ​២០២១ ដល់ ២០២៣ គ្រោង​កាត់បន្ថយ​ដល់​ទៅ​ជាង​ពាក់កណ្តាល​
COVID-19
ជាតិ
សេដ្ឋកិច្ច
ថវិកាជាតិ សម្រាប់​ចាយ​២០២១ ដល់ ២០២៣ គ្រោង​កាត់បន្ថយ​ដល់​ទៅ​ជាង​ពាក់កណ្តាល​
14, Jun 2020 , 10:29 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលចុះពិនិត្យអគារថ្មីនៃទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ (រូបពី AFP)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលចុះពិនិត្យអគារថ្មីនៃទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ (រូបពី AFP)
ដោយ: ថ្មីៗ
​ប្រមុខ​រដ្ឋាភិបាល បានចេញ​សារាចរ​ណែនាំ ស្តីពី​ផែនការ​យុទ្ធសាស្ត្រ​ថវិកាជាតិ​ឆ្នាំ​២០២១ ឆ្នាំ​២០២២ និង ឆ្នាំ​២០២៣​។ បើ​មើល​សារាចរ​ណែនាំ​នោះ ថវិកាជាតិ ដែល​ត្រូវ​ចំណាយ​ក្នុង​ឆ្នាំ​នីមួយៗ រយៈពេល​៣​ឆ្នាំ​ជាប់​គឺ ឆ្នាំ​២០២១ ឆ្នាំ​២០២២ និង ឆ្នាំ​២០២៣ នឹងត្រូវ​កាត់​បន្ថយ​ដល់​ទៅ​ជាង​ពាក់កណ្តាល​ឯណោះ បើ​ធៀប​នឹង​ថវិកាជាតិ សម្រាប់​ចាយ ក្នុង​ឆ្នាំ​២០២០​។



​យោងតាម​សាចរ​ណែនាំ ចេញ​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ ថវិកា ដែល​ត្រូវ​ចំណាយ​ក្នុង​ឆ្នាំ​២០២១ ឆ្នាំ​២០២២ និង ឆ្នាំ​២០២៣ មាន​ទំហំ​ប្រហាក់ប្រហែលគ្នា គឺ​ប្រមាណ​ជាង​៣,៧​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​នីមួយៗ​។ ថវិកាជាតិ សម្រាប់​ចាយ​ក្នុង​ឆ្នាំ​២០២០ មាន​ដល់​ទៅ​ជាង​៨,២​ពាន់លាន​ដុល្លារ ហើយ​ថវិកាជាតិ សម្រាយ​ចាយ​ក្នុង​ឆ្នាំ​២០១៩ មាន​ជាង​៦,៧​ពាន់​លាន​ដុល្លារ​។ 
 
​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ គឺជា​មូល​ហេតុ​ចម្បង ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​កាត់បន្ថយ​ចំណាយ​ថវិកាជាតិ​យ៉ាងគំហុក​បែបនេះ​។ តាមពិតទៅ ក្នុង​ឆ្នាំ​២០២០​នេះ រដ្ឋាភិបាល​កម្ពុជា មិនបាន​ចាយ​ថវិកាជាតិ​ឲ្យ​អស់ ជាង​៨,២​ពាន់លាន​ដុល្លារ​តាម​ផែនការ​នោះទេ ពោលគឺ រដ្ឋាភិបាល បានចាប់ផ្តើម​កាត់បន្ថយ​ការចំណាយ​ថវិកាជាតិ​ឆ្នាំ​២០២០ ឲ្យ​បាន​ពាក់កណ្តាល​រួចទៅហើយ ចាប់តាំងពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​កើតឡើង ដោយ​មិន​រង់ចាំ​ដល់​ឆ្នាំ​២០២១ ឬ​ឆ្នាំក្រោយៗ ទើប​កាត់បន្ថយ​ការចំណាយ​នោះទេ​។ រដ្ឋាភិបាល បាន​ប្រាប់​គ្រប់​ក្រសួង​-​ស្ថាប័ន ឲ្យ​ត្បិតត្បៀត​ក្នុងការ​ចាយវាយ ហើយ​ប្រឹង​សន្សំសំចៃ​។  

លោក មាស សុខ​សេន​សាន អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​១៣ ខែមិថុនា​ថា រដ្ឋាភិបាល យក​មូលដ្ឋាន​នៃ​ការកាត់បន្ថយ​ចំណាយ​ថវិកាជាតិ​ក្នុង​ឆ្នាំ​២០២០ ទៅ​អនុវត្ត​នៅ​ឆ្នាំ​បន្តបន្ទាប់ គឺ​ចាប់ពី​ឆ្នាំ​២០២១ ដល់ ឆ្នាំ​២០២៣ ដោយសារ ទៅមុខទៀត ចំ​ណូ​ល​កម្ពុជា អាច​នឹង​បន្ត​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ 
 
​បើតាម​លោក​អគ្គលេខាធិការ ការចេញ​សារាច​ណែនាំ​នេះ គឺ​ព្រោះតែ​រដ្ឋាភិបាល មិន​ចង់​ឲ្យ​គ្រប់​ក្រសួង​-​ស្ថាប័ន ដាក់​ផែនការ​ចំណាយ​នៅ​ឆ្នាំក្រោយៗ ឲ្យ​លើស​ខ្លាំងពេក​ទេ​។ យ៉ាងណា លោក អះអាងថា ថវិកា ដែល​ចំណាយ​លើ​វិស័យ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​ការវិនិយោគ​និង​ការស្តារ​សេដ្ឋកិច្ច នឹងមិន​ត្រូវ​កាត់បន្ថយ​ច្រើន​ឡើយ​។ 
 






























 

Tag:
 ថវិកាជាតិ​២០២១-២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com