COVID-19
អន្តរជាតិ
ប្រធានាធិបតីចិន៖ ហ្វីលីពីន គឺជាប្រទេសអាទិភាពសម្រាប់ចិន នៅពេលរកឃើញវ៉ាក់សាំងការពារ Covid-19 រូបភាព Xinhua
× មេដឹកនាំរដ្ឋាភិបាលកំពូលចិន និងហ្វីលីពីន នៅថ្ងៃ១១ មិថុនាកន្លងទៅ បានអះអាងជាថ្មីពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទេ្វភាគីយ៉ាងមុតមាំ និងមិនប្រែប្រួល ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ ភាគីទាំងពីរ នឹងនៅតែចាត់ទុកគ្នា ជាដៃគូល្អ អ្នកជិតខាងល្អ និងជាដៃគូអាទិភាពជាពិសេសនោះនៅពេលជួបវិបត្តិវីរុសរាតត្បាត Covid-19 តែម្តង ។
នាកិច្ចសន្ទនាខ្លីមួយតាមរយៈទូរសព្ទ លោកប្រធានាធិបតីចិន ស៊ី ជិនភីង និងសមភាគីភាគីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានសន្យាជាមួយគ្នាក្នុងជំរុញកិច្ចប្រឹងប្រែងទ្វេភាគី តំបន់ និងសកលដើម្បីប្រយុទ្ធប្រឆាំងជំងឺ Covid1-19 ដែលភាគីទាំងពីរចាត់ទុកជាផ្នែកមួយបង្ហាញពីសាមគ្គីភាពអន្តរជាតិក្នុងគោលដៅលើកស្ទួយវិស័យសុខភាព និងសេដ្ឋកិច្ច-សង្គម។ នេះបើយោងតាមសារព័ត៌មានហ្វីលីពីន Inquirer net។
តាមប្រភពព័ត៌មានដដែល លោកប្រធានាធិបតី ស៊ី ជិនភីង បានអះអាងថា ចិនមានការប្តេជ្ញាមុតមាំទៅកាន់សហគមន៍អន្តរជាតិក្នុងការផលិត និងអភិវឌ្ឍវ៉ាក់សាំងឲ្យក្លាយជារបស់ប្រើប្រាស់សម្រាប់ប្រជាជនសកលសាធារណៈ។ លោក សន្យានៅពេលដែលវ៉ាក់សាំងផ្លូវការត្រូវបានផលិត ផលិតផលនេះ ត្រូវតែជាផលិតផល ដែលទទួលបានពីគ្រប់ភាគី។
ខណៈចាត់ទុកហ្វីលីពីនជាអ្នកខាងល្អរបស់ខ្លួន ប្រមុខដឹកនាំកំពូលរបស់ចិនរូបនេះ ក៏បានសង្កត់ធ្ងន់ថា នៅពេលដែលវ៉ាក់សាំងផ្លូវការ ត្រូវបានបង្កើត ហ្វីលីពីន គឺជាដៃគូអាទិភាពមួយសម្រាប់ចិន ក្នុងការទទួលបានដើម្បីយកទៅប្រើប្រាស់។ លោក ស៊ី ក៏បានរម្លឹក និងអគុណហ្វីលីពីន ក្នុងការជួយគាំទ្រចិនតាមរយៈអំណោយសុឆន្ទៈ អំឡុងពេលចិនកំពុងជួបវិបត្តិរីករាលខ្លាំងនៃជំងឺ Covid-19 ក្នុងក្រុងវូហាន។
ជាមួយនឹងការប្តេជ្ញាចិត្តលើបញ្ហាជំងឺ Covid-19 តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន ក្នុងកិច្ចសន្ទនា ដែលក្រុងម៉ានីលចាត់ទុកជាកិច្ចសន្ទនាបើកចំហ និងផ្លែផ្កានោះ ប្រមុខដឹកនាំកំពូលហ្វីលីពីន ក៏បាសន្យាធ្វើជាដៃគូមិនប្រែប្រួលរបស់ចិន ហើយនឹងមិនអនុញ្ញាតឲ្យរដ្ឋខាងក្រៅបំពានហ្វីលីពីន ក្នុងផលប្រយោជន៍បង្កើតសកម្មភាពប្រឆាំងនឹងចិនបានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com