អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ពិចារណា​រក្សា​រណ្ដៅ​កំណាយ​នៅ​ប្រាសាទលលៃ ដើម្បី​ទាក់ទាញ​ទេសចរ​
បទយកការណ៍ / បទសម្ភាសន៍
អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ពិចារណា​រក្សា​រណ្ដៅ​កំណាយ​នៅ​ប្រាសាទលលៃ ដើម្បី​ទាក់ទាញ​ទេសចរ​
15, Jun 2020 , 7:59 am        
រូបភាព
​សៀមរាប​៖ អស់​រយៈពេល​ប្រមាណ​៣​ខែ​មកហើយ ដែល​ក្រុម​បុរាណ​វិទូ​ខ្មែរ កំពុង​ធ្វើ​កំណាយ​ស្រាយ​ជ្រាវ​ជា​លើកដំបូង​នៅ​ប្រាសាទលលៃ​។ នៅ​ការដ្ឋាន​នេះ បុរាណ​វិទូ​បាន​ប្រទះឃើញ​សំណង់​ស្លាកស្នាម​នៃ​រចនាសម្ព័ន្ធ​ជាច្រើន​របស់​ប្រាសាទលលៃ ដែល​កន្លងមក​មាន​ភស្ដុតាង​តិចតួច​បំផុត​។ ការរកឃើញ​នេះ​ជា​អាថ៌កំបាំង​ដ៏​ធំ​មិន​ធ្លាប់មាន ដូចជា កំពែង ខ្លោងទ្វារ និង​កម្រាល​ឥដ្ឋ​ជុំវិញ​ប្រាសាទ ដែល​បង្ហាញ​ពី​រចនាសម្ព័ន្ធ​ធំធេង​នៃ​សំណង់​ប្រាសាទលលៃ​។ បច្ចុប្បន្ន អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ពិចារណា​ក្នុងការ​រក្សា​រណ្ដៅ​កំណាយ សម្រាប់​ឱ្យ​សាធារណជន​បានឃើញ និង​សិក្សា​ស្វែងយល់​ពី​ប្រយោជន៍​ក្នុង​វិស័យ​ទេសចរណ៍​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​សេចក្ដីរាយការណ៍​ដោយផ្ទាល់​របស់​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​នេះ​




 
​ប្រាសាទលលៃ ត្រូវបាន​កសាងឡើង​នៅ​កណ្ដាល​បារាយណ៍​ឥន្ទ្រ​ត​ដាក លើ​កោះ​មួយ​ដែលមាន​ទួល​ថ្មបាយក្រៀម​រាង​៤​ជ្រុង មាន​កម្ពស់​២​ថ្នាក់​។ ប្រាសាទ​នេះ​សង់​ឡើង​នៅ​ចុង​ស​.​វ​ទី​៩ ដោយ​ព្រះបាទ​យ​សោ​វរ្ម័នទី​១ ឧទ្ទិស​ថ្វាយ​ដល់​ដូនតា​ដែលមាន​រូបតំណាង​ដោយ​ព្រះ​ឥសូរ​។ ឆ្លងកាត់​សម័យកាល​ក្រោយមក និង​ដោយមាន​ការផ្លាស់ប្ដូរ​រាជធានី​ពី​ក្រុង​ហរិ​ហ​រា​ល័យ​(​តំបន់​រលួស​) ទៅ​ក្រុង​យ​សោធរ (​តំបន់​អង្គរ​) និង​ប្តូរ​រាជធានី​ពី​ក្រុង​យ​សោធរ ទៅ​ក្រុង​ចតុមុខ ធ្វើឱ្យ​បណ្ដា​ប្រាសាទ​នានា​ក្នុង​រាជធានី​ចាស់ រង​ការខូចខាត និង​មាន​ការចូល​តាំងទី​និង​សាងសង់​សមណង់​ថ្មី​នៅលើ​ប្រាសាទ​ថែមទៀត កាន់តែ​ធ្វើអោយ​រចនាសម្ព័ន្ធ​ប្រាសាទ​មួយចំនួន​រង​ការខូចខាត ។ ប្រាសាទលលៃ ជា​ប្រាសាទ​មួយ​ដែល​មានការ​តាំងទី​ថ្មី​ដោយមាន​ការសង់​ព្រះវិហារ និង​កុដិ​នៅលើ​ខឿន ដែល​ការណ៍​នេះ​ធ្វើឱ្យ​រចនាសម្ព័ន្ធ​មួយផ្នែក​ត្រូវ​បំផ្លាញ និង​ខ្លះទៀត​កប់​ទៅ​ក្រោម​ដី​។​
 


​ចាប់ពី​ដើមឆ្នាំ​២០២០​មក ក្រោយពី​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​ជាតិ​អប្សរា មន្ត្រី​សង្ឃ ក៏ដូចជា​គណៈកម្មការ​វត្ត​លលៃ មានការ​ព្រមព្រៀង​រុះរើ​សំណង់​កុដិ និង​សាលាឆទាន​ជាដើម ចុះមក​សង់​នៅ​ផ្នែក​ខាងក្រោម​វិញ​។ ការងារ​នេះ​បាន​សម្រួល​ដល់​បុរាណ​វិទូ​ធ្វើ​កំណាយ​ស្រាវជ្រាវ​។ កំណាយ​ដែល​ចាប់ពី​ពាក់​កណ្ដាលខែ មីនា រហូតដល់​ខែ មិថុនា ក្រុម​បុរាណ​វិទូ​បាន​ប្រទះឃើញ​ស្លាកស្នាម​ជាច្រើន​នៃ​រចនាសម្ព័ន្ធ​ប្រាសាទ ដែលជា​អាថ៌កំបាំង​មួយ​បន្ថែម​ពី​ការស្រាវជ្រាវ​រកឃើញ​ផ្នែក​ខ្លះ​របស់​អ្នកស្រាវជ្រាវ​បារាំង​កាលពី​ឆ្នាំ​១៩៥១​។​
 
​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធិ បុរាណ​វិទូ និង​ជា​អនុប្រធាន​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និយាយថា ក្រុមការងារ​លោក​បាន​ប្រទះឃើញ​កំពែង​ឥដ្ឋ​២​ជាន់ ខ្លោងទ្វារ ស្នាម​សសរឈើ បន្ទប់​វែង និង​កម្រាល​ឥដ្ឋ​ពេញ​ក្នុង​បរិវេណ​កំពែង ក្នុង​ជម្រៅ​ដី​ប្រហែល​៦០​ស​.​ម​។ លោក​បញ្ជាក់ថា នេះ​ជា​ភស្ដុតាង​ថ្មី ដែល​កន្លងមក​មាន​ភស្ដុតាង​បន្ដិចបន្ដួច​ដែល​អ្នកស្រាវជ្រាវ​បារាំង​ធ្លាប់​បានធ្វើ​កំណាយ​ម្ដង​នៅ​ឆ្នាំ ១៩៥១ នៅ​ជ្រុង​ឦសាន​នៃ​តួ​ប៉ម​ទាំង​បួន ហើយ​បាន​រកឃើញ​កំពែង​ថ្មបាយក្រៀម និង​កម្រាល​ឥដ្ឋ​ខ្លះ​ដែរ​។ ពីមុន​យើង​ស្មានថា​ប្រាសាទលលៃ​មានតែ​តួ​ប៉ម​៤​ទេ តែ​តាមពិត​មាន​រចនាសម្ព័ន្ធ​នៅក្រោម​ដី​ច្រើន​»​។​
 


 
​ការស្ម័គ្រចិត្ត​រុះរើ​សំណង់​ចុះ​ពីលើ​ប្រាសាទ បាន​សម្រួល​ដល់​កិច្ចការងារ​ជាច្រើន​ដល់​ក្រុម​អ្នកស្រាវជ្រាវ ដែល​រហូត​បាន​ប្រទះឃើញ​ស្លាកស្នាម​ជាច្រើន​ដែល​កប់​ក្រោម​ដី​រាប់ពាន់​ឆ្នាំ​កន្លងមកនេះ​។ លោក អ៊ា ដា​រិ​ទ្ធ ពន្យល់ថា ការធ្វើ​កំណាយ​នៅ​ជ្រុង​ខាងកើត ខាងជើង និង​ជ្រុង​ខាងត្បូង ក្រៅពី​រកឃើញ​កំពែង​ឥដ្ឋ ក្នុងនោះ​បុរាណ​វិទូ​ក៏​ប្រទះឃើញ​អាគារ​រាង​ទ្រវែង​ដែលមាន​គ្រឹះ​ធ្វើ​ពី​ឥដ្ឋ ស្នាមជើង​សសរ​ដែលមាន​អង្កត់ផ្ចិត​ប្រហែល​២៥​ស​.​ម ប្រវែង​ប្រហែល​៣​ម៉ែត្រ​ពីគ្នា​។ លោក​បន្ថែមថា កំណក​ដី​ដែល​លុប​រចនាសម្ព័ន្ធ​ប្រាសាទលលៃ​នេះ​មកពី​ការរួម​ផ្សំ​ទាំង​កត្ដា​ធម្មជាតិ និង​កត្ដា​មនុស្ស​ដែល​ចាក់ដី​ដើម្បី​សង់​សំណង់​ថ្មី​នៅ​សម័យ​ក្រោយនេះ​។​
 
 



​អ្នកស្រាវជ្រាវ​ក៏មាន​បំណង​ឱ្យ​លទ្ធផល​កំណាយ​នេះ​ផ្សព្វផ្សាយ​ដល់​សាធារណជន​បានដឹង​ទូលំទូលាយ​ផងដែរ​។ បច្ចុប្បន្ន ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុងការ​រៀបចំ​បរិវេណ​កំណាយ​ដើម្បី​បើក​ជូន​សាធារណជន ភ្ញៀវទេសចរ​ជាតិ អន្ដរជាតិ​ចូល​ទស្សនា ស្វែងយល់​ពី​អាថ៌កំបាំង​ផ្សេងៗ​ដែល​ប្រទះឃើញ​។ លោក អ៊ា ដា​រិ​ទ្ធិ ពន្យល់ថា​៖«​សហប្រធាន​អាយ​ស៊ី​ស៊ី​-​អង្គរ មន្ត្រី​យូណេស្កូ​ភ្នំពេញ បាន​ចុះទៅ​មើល​កន្លែង​កំណាយ យើង​បាន​សួរនាំ​យោបល់​គាត់ ហើយ​ថា​ប្រសិនបើ​យើង​ចង់​រក្សាទុក​របកគំហើញ​ដែល​រកឃើញ គួរ​គិតគូរ​ពី​បញ្ហា​អភិរក្ស ពិសេស​បញ្ហា​ភ្លៀង បញ្ហា​កម្ដៅ តើ​វា​អាច​ប៉ះពាល់​ដល់​ឥដ្ឋ​ទេ ប្រសិន​យើង​ចង់​បើក​គួរ​គិតពី​បញ្ហា​ការអភិរក្ស​សំណង់​កម្រាល​ឥដ្ឋ និង​កំពែង​ឥដ្ឋ​ដែល​រកឃើញ តែបើ​លុប​វិញ​ថ្ងៃក្រោយ​អាច​បើក​ស្រាវជ្រាវ​ឡើងវិញ​បន្តទៀត​»​។​
 
 



​ជាមួយនឹង​វិសាលភាព​នៃ​ការរកឃើញ​ទី​អាថ៌កំបាំង​ជាច្រើន​នៅ​ប្រាសាទលលៃ​នៅពេលនេះ គឺជា​ផ្នែក​ដ៏​តូច​មួយ​សម្រាប់​ការងារ​ស្រាវជ្រាវ​តែប៉ុណ្ណោះ​។ បុរាណ​វិទូ កំពុង​រង់ចាំ​ការសម្រេច​ពី​ថ្នាក់ដឹកនាំ ថា​តើ​គួរ​បន្ត​ឬ​ផ្អាក ដ្បិតថា​អាថ៌កំបាំង​នៅមាន​ច្រើន​ទៀត​ដែល​គួរ​ត្រូវ​បើក​កំ​កាយ​បន្ត​ដើម្បី​លាតត្រដាង​ចងក្រង​ជា​ឯកសារ​សម្រាប់​សិក្សា​ទៅ​ថ្ងៃក្រោយ​៕
 
 

Tag:
 ប្រាសាទលលៃ​
  កំណាយ​
  បេតិកភណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com