ជាតិ
បទសម្ភាសន៍
ការសម្ដែងល្ខោនខោលទ្រង់ទ្រាយធំ នៅតែបន្តធ្វើ ទោះប្រមូលថវិកាមិនបានគ្រប់ចំនួន
× ភ្នំពេញ៖ មូលនិធិ១០០០រៀល ដើម្បីល្ខោនខោលខ្មែរ ដែលផ្ដួចផ្ដើមឡើងដោយសាលាសិល្បៈហ្វូណន តាំងពីដើមឆ្នាំ២០១៩ រហូតមកដល់ខែមិថុនាឆ្នាំ២០២០នេះ ទើបតែប្រមូលបានប្រាក់១៥ភាគរយប៉ុណ្ណោះ គឺប្រមាណជា៦០លានរៀល ក្នុងខ្ទង់ចំណាយដែលគ្រោងរហូតដល់ទៅ១៤០០លានរៀលឯណោះ។ ទោះជាយ៉ាងណា លោក ស៊ុប ស័ក្ខរា នាយកសាលាសិល្បៈហ្វូណន ថា គម្រោងសម្ដែងនៅតែបន្ត បើទោះបីជាប្រាក់មូនិធិមិនគ្រប់ក្ដី។
តាមពិតទៅ ការសម្ដែងល្ខោនខោលដែលមានសិល្បករចូលរួមប្រមាណជា២០០នាក់ គ្រោងនឹងប្រារព្ធឡើងនៅថ្ងៃទី២៨ និង២៩ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ប៉ុន្តែដោយសារជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលខ្មែរដ៏ធំមួយនេះ ត្រូវលើកពេលដោយមិនកំណត់វេលាច្បាស់លាស់។
តទៅនេះសូមលោកអ្នកអញ្ជើញស្ដាប់បទសម្ភាស ដែលមានខ្លឹមសារទាំងស្រុង រវាងកញ្ញា ប៉ូ សាគុន និងលោក ស៊ុប ស័ក្ខរា នាយកសាលាសិល្បៈហ្វូណន ដោយមេត្រីភាព៖
លោក ស៊ុប ស័ក្ខរា នាយកសាលាសិល្បៈហ្វូណន និងជាស្ថាបនិកមូលនិធិ១០០០រៀល ដើម្បីល្ខោនខោលខ្មែរ នៅតែប្រកាន់ជំហររៀបចំការសម្ដែង បើទោះបីជាប្រាក់មូលនិធិប្រមូលមិនបានគ្រប់ចំនួនក៏ដោយ។ ទោះជាយ៉ាងណា ដើម្បីដោះស្រាយការចំណាយផ្សេងៗ ការសម្ដែងអាចកាត់ឈុតមិនសូវសំខាន់ចោលខ្លះ។ បន្ថែមពីនោះ គម្រោងដែលនឹងបើកឱ្យទស្សនិកជន ចូលទស្សនាទស្សនីយភាព ដោយមិនគិតថ្ងៃ អាចប្រែទៅជាលក់សំបុត្រវិញ។
លោក ស៊ុប ស័ក្ខរា បញ្ជាក់បន្ថែម៖«ប្រសិនបើប្រាក់យើងមិនគ្រប់គ្រាន់ ទីតាំងសម្ដែងយើងក៏ត្រូវផ្លាស់ប្ដូរដែរ។ យើងគ្រោងទីតាំងសម្រាប់អ្នកមើលរាប់ម៉ឺននាក់ មកនៅត្រឹមពាន់នាក់វិញ។ ឥឡូវនេះយើងមិនទាន់កំណត់ថ្ងៃសម្ដែងឱ្យបានច្បាស់លាស់ទេ ព្រោះយើងរង់ចាំមើលស្ថានការណ៍កូវីដ១៩សិន»។
ជាក្ដីបំណងទៅថ្ងៃអនាគត ប្រធានសាលាសិល្បៈហ្វូណន លោក ស៊ុប ស័ក្ខរា ចង់រៀបចំការសម្ដែងសិល្បៈបុរាណឱ្យកាន់តែធំជាងនេះជាបន្តបន្ទាប់ទៀត។ បន្ថែមពីនោះ ការបណ្ដុះបណ្ដាលដល់អ្នកជំនាន់ក្រោយ នឹងត្រូវបង្កើនឡើង។ អ្វីដែលសំខាន់ទៀតនោះគឺ វិចិត្រសាលតូចមួយនឹងត្រូវបង្កើតឡើង សម្រាប់តាំងសម្ភារសិល្បៈដែលសម្ដែងល្ខោនខោលដ៏ធំខាងលើនោះ៕
Tag:
ល្ខោនខោល
សិល្បៈ
វប្បធម៌
ស៊ុប ស័ក្ខរា
© រក្សាសិទ្ធិដោយ thmeythmey.com