COVID-19
អន្តរជាតិ
លោក ពូ​ទីន ថា រុស្ស៊ី ដោះស្រាយ​វិបត្តិ COVID-19 បាន​ជោគជ័យ​ជាង​អាមេរិក​
15, Jun 2020 , 10:52 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ។ រូបភាព AFP
ដោយ:
​ប្រធាន​ធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​មួយ បានប្រកាស​ដោយ​ឱឡារិក​ថា រុស្ស៊ី​ជោគជ័យ​ជាង​អាមេរិក​ក្នុង​ដោះស្រាយ​វិបត្តិ COVID-19 ដែល​ចម្លង​មនុស្ស​ជិត​៨​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។ ដោយ​ប្រៀបធៀប​ករណី COVID-19 ក្នុងប្រទេស​ទាំងពីរ មេដឹកនាំ​រុស្ស៊ី​រូបនេះ ដោយ​និយាយថា រុស្ស៊ី​ខូចខាត​តិចតួច ។​

 
«​យើង​កំពុង​ចាក​ចេញពី​ស្ថានភាព COVID-19 បណ្ដើរៗ ជាមួយ​ការខាតបង់​តិចតួច​បំផុត ហើយ​ក្នុង​សហរដ្ឋអាមេរិក​វិញ វា​មិន​កំពុង​កើតឡើង​បែបនេះ​ឡើយ​»​។ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និយាយ​ដូច្នេះ​នៅ​ថ្ងៃទី​១៤ ខែមិថុនា ។ 
 
​លោក ពូ​ទីន ប្រាប់​ទូរទស្សន៍​រដ្ឋ​ក្នុង​កិច្ច​សម្ភាស​មួយ​ថា ជំងឺ​រាតត្បាត​សកល COVID-19 បាន​លាតត្រដាង​វិបត្តិ​ផ្ទៃក្នុង​ចាក់​ស្រែះ​ក្នុង​សហរដ្ឋអាមេរិក ដែលមាន​ករណី​ឆ្លង​សរុប​ជាង​២​លាន​ករណី​ហើយ​។ ត្រង់ចំណុច​នេះ លោក​បាន​រិះគន់​កង្វះ​ការដឹកនាំ​ក្នុងការ​ទប់ទល់​ស្ថានការណ៍ COVID-19 ដោយ​អះអាងថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រាប់​រុស្ស៊ី​ឲ្យ​ធ្វើបែបនេះ​បែប​នោះ ក៏ប៉ុន្តែ​ជាក់ស្តែង អភិបាលរដ្ឋ​អាមេរិក​ទៅវិញ​ទេ​ដែលជា​អ្នកបញ្ជា​លោក​។ 
 
«​ខ្ញុំ​គិតថា បញ្ហា​គឺថា ផលប្រយោជន៍​ក្រុម និង​ផលប្រយោជន៍​គណបក្ស គឺ​ត្រូវ​ផ្ដល់​អាទិភាព​ខ្ពស់ជាង ផលប្រយោជន៍​សង្គម​ទាំងមូល និង​ផលប្រយោជន៍​ប្រជាជន​»​។ លោក ពូ​ទីន សង្កត់ធ្ងន់​បែបនេះ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ម្ភៃ​បួន​ម៉ោង​ចុងក្រោយ ប្រទេស រុស្ស៊ី បាន​រាយការណ៍​ករណី COVID-19 ថ្មី ៨៨៣៥​ករណី ដែល​ធ្វើ​ឲ្យ​ករណី​សរុប​ឡើងដល់ ៥២៨ ៩៦៤​ករណី​។ នេះ​គឺជា​តួលេខ​ខ្ពស់បំផុត​លំដាប់​ទី​៣ ក្នុង​ពិភពលោក បន្ទាប់ពី​ប្រេ​ស៊ី​ល និង​សហរដ្ឋអាមេរិក​។ បណ្ដា​តំបន់​ក្នុងប្រទេស​នេះ ផ្ដើម​បន្ធូរបន្ថយ​ការបញ្ជា​បិទ​ប្រ​ទស ហើយ​រដ្ឋធានី​មូ​ស្គូ បាន​បើក​អាជីវកម្ម​ដែល​មិនចាំបាច់​ឡើងវិញ ដូចជា ហាង​កាត់សក់ ជាដើម​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៥ ខែមិថុនា រុស្សី​មាន​ករណី​ស្លាប់​ដោយ​COVID-19​សរុប ៦៩៤៨​នាក់ ដែល​ទាប​ខ្លាំង​បើ​ធៀប​នឹង​សហរដ្ឋអាមេរិក ដែលមាន​សរុប​១១៥ ៤៣៦​នាក់​។ អត្រា​ស្លាប់​នៅ​រុស្ស៊ី​មាននៅ ២,៦​ភាគរយ​ក្នុងចំណោម​អ្នកជំងឺ COVID-19 ៕
 

Tag:
 សហរដ្ឋអាមេរិក​
  រុស្ស៊ី​
  COVID-19
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com