រាជធានីភ្នំពេញ ថ្ងៃទី ១១ មិថុនា ២០២០៖ Grab (ហ្គ្រេប) ដែលជាកម្មវិធីកក់អ្នកដំណើរតាមទូរស័ព្ទដែលឈានមុខគេនៅអាស៊ីអាគ្នេយ៏ បានប្រកាសចាប់បើកដំណើរការយុទ្ធនាការកម្មវីធី Grab protect ដែលជាគោលការណ៍ពង្រឹងសុវត្ថិភាព និងអនាម័យ ក្នុងគោលដៅកាត់បន្ថយហានិភ័យនៃការចម្លងវីរុសកូវីដ-១៩នៅក្នុងកម្មវិធីកក់ដំណើររបស់ខ្លួន។
ជាផ្នែកមួយនៃការបើកដំណើរការកម្មវីធីថ្មីនេះ ហ្គ្រេប បានផ្ដល់សម្ភារៈជំនួយដូចជាអង្ករ ភេសជ្ជៈ និងឧបករណ៍រក្សាអនាម័យ ជូនដល់ដៃគូបើកបររបស់ខ្លួនចំនួន ៥ ពាន់នាក់ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
លោក ពុយ សុធី នាយកផ្នែកប្រតិបត្តិការ ក្រុមហ៊ុន Grab Cambodia បានឲ្យដឹងថា៖ «ប្រជាពលរដ្ឋគ្រប់រូប សុទ្ធតែមានកាតព្វកិច្ចចូលរួមថែរក្សាសុខសុវត្ថិភាពរបស់សង្គមជាតិយើង។ ក្រុមហ៊ុន Grab មានបំណងចង់លើកកម្ពស់ ស្ដង់ដារសុវត្ថិភាព និងអនាម័យឲ្យកាន់តែខ្ពស់សម្រាប់វិស័យកក់ការធ្វើដំណើរនេះ។ ស្ដង់ដារនេះ រួមមានដូចជា ការតម្រូវឲ្យដៃគូបើកបរពាក់ម៉ាស់សុវត្ថិភាព ការផ្ញើសាររំលឹកដល់ដៃគូបើកបរ និងអ្នកដំណើរអំពីស្ថានភាព សុខភាព មុននឹងកក់ការធ្វើដំណើរ ក៏ដូចជាមុខងារជូនដំណឹងមកកាន់ Grab ក្នុងករណីភាគីណាមួយមានអាការៈ មិនស្រួល ខ្លួន។»
វិធានការទាំងនេះរួមមានដូចជា៖
១. មុខងារថ្មីៗសម្រាប់ធានាឲ្យបាននូវស្ដង់ដារដែលកាន់តែខ្ពស់ផ្នែកសុវត្ថិភាព និងអនាម័យ
Grab នឹងបើកដំណើរការមុខងារថ្មីមួយនៅក្នុងកម្មវិធី ជូនដល់ដៃគូបើកបរនិងអ្នកដំណើរ។ មុខងារថ្មីនោះគឺ បែបបទអនឡាញ សម្រាប់បញ្ជាក់អំពីសុខភាពនិងអនាម័យ។ ជាផ្នែកមួយនៃមុខងារថ្មីក្នុងកម្មវិធី Grab Driver ដៃគូបើកបរនឹង ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោមជាមុនសិន មុននឹងអាចបើកបរបាន៖
● មិនមានអាការៈដូចជាអ្នកផ្ទុកវីរុសកូវីដ-១៩
● បានអនុវត្តវិធានការសុវត្ថិភាពនិងអនាម័យដែលចាំបាច់ និង
● មិនបាននៅក្បែរអ្នកជំងឺកូវីដ-១៩ ក្នុងអំឡុងពេល១៤ថ្ងៃកន្លងទៅ
ដើម្បីបញ្ជាក់ថាដៃគូបើកបរបានអនុវត្តតាមស្ដង់ដារសុវត្ថិភាព និងអនាម័យ ពួកគាត់ក៏នឹងតម្រូវឲ្យបញ្ជូនរូបថតSelfieរបស់ពួកគាត់ ដោយមាន ពាក់ម៉ាស់សុវត្ថិភាព មកកាន់Grabផងដែរ។
រូបថត៖ រូបសម្គាល់ពីកម្មវិធី Grab’s Driver។ សម្រាប់ជាគំរូបង្ហាញតែប៉ុណ្ណោះ!
២. ដៃគូបើកបរចាំបាច់ត្រូវពាក់ម៉ាស់សុវត្ថិភាព និងការចែកជូនដៃគូបើកបរ នូវកញ្ចប់សម្ភារៈជំនួយចំនួន៦ពាន់សម្រាប់
បន្ទាប់ពីបានផ្ដល់ជូនសម្ភារៈជំនួយជូនដល់ដៃគូបើកបរកាលពីខែមេសាកន្លងទៅ Grabក៏បានរៀបចំកម្មវិធីចែកសម្ភារៈជំនួយនេះជាលើកទី២ ជូនដល់ដៃគូបើកបរចំនួន៦ពាន់នាក់។ ក្រៅពីសម្ភារៈរក្សាសុវត្ថិភាពនិងម៉ាស់សុវត្ថិភាពទៅ Grabក៏បានផ្ដល់ភេសជ្ជៈនិងអង្ករជូនដល់ដៃគូបើកបរ ដែលសុទ្ធសឹងតែរងផលប៉ះពាល់ផ្នែកប្រាក់ចំណូល ពីការរាតត្បាតនៃវីរុសកូវីដ-១៩នេះ។
Grab ក៏នឹងតម្រូវឲ្យដៃគូបើកបរទាំងអស់ពាក់ម៉ាស់សុវត្ថិភាព រាល់ពេលដែលពួកគាត់ប្រើកម្មវិធីGrabផងដែរ។ រីឯអ្នកដំណើរវិញក៏អាចជូនដំណឹងមកGrabផងដែរ ក្នុងករណីដៃគូបើកបរមានអាការៈមិនស្រួលខ្លួន ឬ មិនពាក់ម៉ាស់សុវត្ថិភាពក្នុងអំឡុងពេលបើកបរ។ Grabតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការជូនដំណឹងនេះ ហើយនឹងចាត់វិធានការដ៏សមស្រប ដើម្បីការពារសុខសុវត្ថិភាពរបស់អ្នកប្រើប្រាស់កម្មវិធី។
លោក សុធី បានឲ្យដឹងបន្ថែមថា៖ «ការរាតត្បាតនៃវីរុសកូវីដ-១៩ បានធ្វើឲ្យយើងយល់ច្បាស់ថា ពិភពលោកយើងនាពេលបច្ចុប្បន្ន មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត។ មនុស្សគ្រប់រូបសុទ្ធតែមានកាតព្វកិច្ចចូលរួមទប់ស្កាត់វីរុសនេះ កុំឲ្យរាតត្បាតជាលើកទីពីរ។ ហើយ Grab នឹងបន្តលើកកម្ពស់ស្ដង់ដារសុវត្ថិភាព និងអនាម័យ ក៏ដូចជាបន្តជួយឲ្យវិស័យដឹកជញ្ជូនសាធារណៈ កាន់តែទទួលបានទុកចិត្តខ្ពស់។»