អាមេរិក បញ្ជាក់​ជាថ្មី​ពី​ការតាំង​ចិត្ត​ការពារ​កូរ៉េខាងត្បូង បន្ទាប់ពី​មានការ​គំរាម​ពី​កូរ៉េខាងជើង​
អន្តរជាតិ
អាមេរិក បញ្ជាក់​ជាថ្មី​ពី​ការតាំង​ចិត្ត​ការពារ​កូរ៉េខាងត្បូង បន្ទាប់ពី​មានការ​គំរាម​ពី​កូរ៉េខាងជើង​
15, Jun 2020 , 1:59 pm        
រូបភាព
មន្ទីរបញ្ចកោណ។ រូបភាពReuters
មន្ទីរបញ្ចកោណ។ រូបភាពReuters
មន្ទីរ​បញ្ច​កោណ​អាមេរិក បានបញ្ជាក់​ជាថ្មី​នូវ​ការ​តាំងចិត្ត​របស់ខ្លួន​ក្នុងការ​រក្សា​ឥរិយាបថ​ដ៏​រឹងមាំ​ក្នុង​ការពារ​រួមគ្នា​ជាមួយ​កូ​រ៉​ខាងត្បូង ដើម្បី​តបត​ទៅនឹង​ស្ថានភាព​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង​។ ការបញ្ជាក់​ជំហរ​ជាថ្មី​របស់​អាមេរិក​នេះ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​គំរាម​ប្រើ​កម្លាំង​កងទ័ព​ប្រឆាំង​កូរ៉េខាងត្បូង​។​



«​យើង បន្ត​តាំ​ា​ង​ចិត្ត​ក្នុង​ការរក្សា​ឥរិយាបថ​ការពារ​រួម​ដ៏​រឹងមាំ​»​។ នេះ​ជាការ​លើកឡើង​របស់ លោក​John Supple អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​អាមេរិក​ឆ្លើយ​នឹង​ស្ថានការណ៍​ដែល​ឡើង​កម្ដៅ​នៅ​ឧបទ្វីប​កូរ៉េ​។ ការលើកឡើង​របស់​ម​ន្ត្រី​អាមេរិក ធ្វើឡើង​បន្ទាប់ពី​ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង លោកស្រី គីម យ៉ូ​ចុង បាន​គំរាម​កាលពី​ថ្ងៃទី​១៣ ខែមិថុនា​ថា កូរ៉េខាងជើង​នឹង​ចេញ​ជំហាន​បន្ទាប់​ក្នុងការ​ប្រឆាំង​កូរ៉េខាងត្បូង និង​បានចេញ​ការណែនាំ​ឲ្យ​កងទ័ព​ចេញ​វិធានការ​ចាំបាច់​ដើម្បី​ពិន័យ​កូរ៉េខាងត្បូង​។ 
 
​ចំណែកឯ​ក្រសួងការបរទេស​អាមេរិក​វិញ បានបង្ហាញ​ពី​ការ​អន់ចិត្ត​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​កូរ៉េខាងជើង​សន្យា​កាត់​ខ្សែ​ទូរ​សព្ទ​បន្ទាន់ និង​មិន​លើក​ទូរ​សព្ទ​នៅ​ការិយាល័យ​យោធា និង​ទំនាក់ទំនង​រួម​នៅឯ​តំបន់ Kaesong ។​
 
​ក្រោយ​ការព្រមាន​របស់​ព្យុងយ៉ាង សេ​អ៊ូ​ល បាន​ទទូច​ឲ្យ​កូរ៉េខាងជើង​អនុវត្តតាម​កិច្ចព្រមព្រៀង​អន្តរ​កូរ៉េ​ដែលមាន​ស្រាប់​។ កន្លងទៅ កូរ៉េខាងជើង ក៏បាន​គំរាម​ដែរ​ថា នឹង​ដើរ​ចេញពី​កិច្ចព្រមព្រៀង​យោធា​ឆ្នាំ​២០១៨ ដែល​បង្កើតឡើង​ដើម្បី​បន្ថយ​ទំនាស់​តាម​ព្រំដែន និង​បង្កើត​ការិយាល័យ​ទំនាក់ទំនង​រួម​។ 
 
​លោក Kim Yeon-Chul រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួម​កូរ៉េ នៅ​ថ្ងៃទី​១៥ ខែមិថុនា​នេះ បាន​លើកឡើងថា សន្តិភាព​អាច​កើតឡើង​បាន លុះត្រា​តែមាន​ការគោរព​រួម និង​ការទទួល​ស្គាល់គ្នា​។ លោក​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​កិច្ចសន្ទនា និង​ការចរចា​ដែល​អាចជួយ​សម្រួល​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២ ផងដែរ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ទំនាក់ទំនង​រវាង​បងប្អូន​គូសត្រូវ​កូរ៉េ​ទាំង​២ ចាប់ផ្តើម​មាន​មាន​សភាព​តានតឹង​តាំងពី​សប្ដាហ៍​មុន បន្ទាប់ពី​កូរ៉េខាងជើង​ក្តៅក្រហាយ​ទៅនឹង​ការ​បង្ហោះ​សារ​ខិត្តប័ណ្ណ​ពី​អ្នក​ផៀសខ្លួន​ពី​កូរ៉េខាងជើង​ដែល​រស់នៅ​កូ​រ៉​ខាងត្បូង និង​បាន​ចោទ​អាជ្ញាធរ​កូរ៉េខាងត្បូង​ថា​បណ្តែតបណ្តោយ​មិន​ចាត់វិធានការ​លើ​រឿងនេះ​៕
 
 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com