COVID-19
ជាតិ
កម្ពុជា ចូលរួមកិច្ចប្រជុំពិសេសរវាងអាស៊ាននិងរុស្ស៊ី ប្តូរយោបល់គ្នាពីការប្រឆាំងនឹងកូវីដ
15, Jun 2020 , 1:00 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា (រូបពី AFP)
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា (រូបពី AFP)
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា រួមជាមួយរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន នឹងមានកិច្ចប្រជុំពិសេសជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ តាមរយៈការតភ្ជាប់វីដេអូ (Video Conference)។



សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញនៅថ្ងៃទី១៥ ខែមិថុនា សរសេរថា កិច្ចប្រជុំនេះ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីការអនុវត្តដ៏ល្អ និងការរៀនសូត្រ ដែលទទួលបានពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លើសពីនេះ កិច្ចប្រជុំ នឹងពិភាក្សាគ្នាពីវិធីសាស្រ្តនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានផលប្រយោជន៍រួម និងដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាននិងរុស្ស៊ី ជាពិសេសលើវិស័យសុខភាពសាធារណៈ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។

សម្រាប់ក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ ត្រូវបានរៀបចំឡើងក្នុងពេលវេលាដ៏លំបាកនិងមមាញឹក ដោយសារតែប្រឈមនឹងជំងឺកូវីដ-១៩ ដែលទាមទារការប្រយុទ្ធប្រឆាំងរួមគ្នា។ ក្រសួងការបរទេសកម្ពុជា មើលឃើញថា កិច្ចប្រជុំនេះ គឺជាការបោះជំហានទៅមុខបន្ថែមទៀត ក្នុងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាននិងរុស្ស៊ី។

មកដល់ពេលនេះ ជំងឺកូវីដ-១៩ មិនទាន់ស្រាកស្រាន្តនៅឡើយទេ សម្រាប់ពិភពលោកទាំងមូល។ ផ្ទុយមកវិញ អ្នកឆ្លងជំងឺកូវីដ-១៩ ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មានមនុស្សជិត៨លាននាក់ហើយ នៅលើពិភពលោក ដែលឆ្លងជំងឺនេះ ដោយអាមេរិក មានច្រើនជាងគេ បន្ទាប់មក គឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា អង់គ្លេស អេស្ប៉ាញ អ៊ីតាលី....។

គិតមកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០  អាមេរិក មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង២,១លាននាក់ ប្រេស៊ីល មានអ្នកឆ្លងជាង៨,៦សែននាក់ រុស្ស៊ី មានអ្នកឆ្លងជាង៥,២សែននាក់ ឥណ្ឌា មានអ្នកឆ្លងជាង៣,៣សែននាក់ អង់គ្លេស មានឆ្លងជាង២,៩សែនាក់ អេស្ប៉ាញ មានអ្នកឆ្លងជាង២,៩សែននាក់ដូចគ្នា និង អ៊ីតាលី មានអ្នកឆ្លងជាង២,៣សែនាក់។ ( តួលេខពី https://www.worldometers.info/coronavirus/ )

ក្នុងតំបន់អាស៊ាន សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ ហើយឡាវ មានអ្នកឆ្លងតិចជាងគេ។

គិតត្រឹមថ្ងៃទី១៥ ខែមិថុនា សិង្ហបុរី មានអ្នកឆ្លងជាង៤ម៉ឺនាក់ ជាសះស្បើយជាង២,៨ម៉ឺននាក់ ស្លាប់២៦នាក់ ឥណ្ឌូណេស៊ី មានអ្នកឆ្លងជាង៣,៨ម៉ឺនាក់ ជាសះស្បើយជាង១,៤ម៉ឺននាក់ ស្លាប់ជាង២ពាន់នាក់ ហ្វីលីពីន មានអ្នកឆ្លងជាង២,៥ម៉ឺននាក់ ជាសះស្បើយជាង៥,៩ពាន់នាក់ ស្លាប់ជាង១ពាន់នាក់ ម៉ាឡេស៊ី មានអ្នកឆ្លងជាង៨,៤ពាន់នាក់ ជាសះស្បើយជាង៧,៣ពាន់នាក់ ស្លាប់១២១នាក់ ថៃ មានអ្នកឆ្លងជាង៣ពាន់នាក់ ជាសះស្បើយជាង២,៩ពាន់នាក់ ស្លាប់៥៨នាក់ វៀតណាម មានអ្នកឆ្លង៣៣៤នាក់ ជាសះស្បើយ៣២៣នាក់ គ្មានអ្នកស្លាប់ មីយ៉ាន់ម៉ា មានអ្នកឆ្លង២៦១នាក់ ជាសះស្បើយ១៦៧នាក់ ស្លាប់៦នាក់ ព្រុយណេ មានអ្នកឆ្លង១៤១នាក់ ជាសះស្បើយ១៣៨នាក់ ស្លាប់២នាក់ កម្ពុជា មានអ្នកឆ្លង១២៦នាក់ ជាសះស្បើយ១២៥នាក់ គ្មានអ្នកស្លាប់ ឡាវ មានអ្នកឆ្លង១៩នាក់ ជាសះស្បើយទាំង១៩នាក់៕

Tag:
 កម្ពុជា
  អាស៊ាន
  រុស្ស៊ី
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com