សង្គមជាតិ
អន្តរជាតិ
SIPRI៖ ឆ្នាំ​២០១៩ អាវុធ​នុយក្លេអ៊ែរ​លើ​ពិភពលោក​ធ្លាក់ចុះ​ជិត​៤៧០​គ្រាប់
15, Jun 2020 , 9:19 pm        
រូបភាព
មីស៊ីលបាលីស្ទិកអន្តរទ្វីប​ YARS RS-24 របស់រុស្ស៊ី ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ។ រូបភាព AFP
មីស៊ីលបាលីស្ទិកអន្តរទ្វីប​ YARS RS-24 របស់រុស្ស៊ី ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ។ រូបភាព AFP
​ចំនួន​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ​២០២០ មាន​តិចជាង​ចំនួន​អាវុធ​នេះ​ក្នុង​ឆ្នាំ​២០១៩ ។ នេះ​បើតាម​របាយការណ៍​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ខុល ដែល​ចេញ​នៅ​ថ្ងៃទី​១៥ ខែមិថុនា​។ អាមេរិក និង​រុស្ស៊ី រួមចំណែក​ច្រើនជាងគេ​ក្នុងការ​កាត់បន្ថយ​បរិមាណ​អាវុធ​ប្រល័យ​លោក​នេះ ប៉ុន្តែ SIPRI ព្រមាន​ថា វិវាទ​រវាង​មហាអំណាច​ទាំងពីរ អាច​នាំទៅរក​ការប្រណាំង​ប្រជែង​អាវុធ​ដូច​ក្នុង​សង្គ្រាមត្រជាក់​។​

 
​មហាអំណាច​បន្ត​នាំគ្នា​ធ្វើ​ទំនើបកម្ម​អាវុធ​នុយក្លេអ៊ែរ ឯ​ខ្លះទៀត​បង្កើន​បរិមាណ​អាវុធ​នេះ​ក្នុង​ឃ្លាំង​របស់​ពួកគេ​។ វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ខុល ហៅ​កាត់​ថា SIPRI បញ្ជាក់​បែបនេះ​ក្នុង​របាយការណ៍​របស់​ខ្លួន​ស្ដីពី​អាវុធ​នុយក្លេអ៊ែរ​។ ទន្ទឹមនឹង​ការអភិវឌ្ឍ​អាវុធ​ប្រល័យ​លោក​នេះ ចំនួន​នុយក្លេអ៊ែរ​ក្នុង​ឃ្លាំង​របស់​មហាអំណាច ក៏បាន​ធ្លាក់ចុះ​ដែរ​។​
 
​ក្នុង​របាយការណ៍​រប​ស់​ខ្លួន SIPRI ប៉ាន់ប្រមាណ​ថា មហាអំណាច​នុយក្លេអ៊ែរ​ទាំង​៩​មាន​អាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស ឥណ្ឌា ប៉ា​គី​ស្ថាន អ៊ីស្រាអែល និង​កូរ៉េខាងជើង មាន​នុយក្លេអ៊ែរ​សរុប​១៣៤០០​គ្រាប់​នៅ​ដើមឆ្នាំ​២០២០ ។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ដើមឆ្នាំ​២០១៩ ដែលមាន​១៣៨៦៥​គ្រាប់ គឺ​ធ្លាក់ចុះ​៤៦៥​គ្រាប់​។ រុស្ស៊ី និង​អាមេរិក ដែលមាន​បរិមាណ​នុយក្លេអ៊ែរ​បូក​បញ្ចូល​គ្នា​ច្រើនជាង​៩០​ភាគរយ​នៃ​ចំនួន​ទាំងអស់ គឺជា​ប្រទេស​ដែល​បាន​កាត់បន្ថយ​ចំនួន​នុយក្លេអ៊ែរ​ច្រើនជាងគេ​ផងដែរ​។​
 
​បើតាម​វិទ្យាស្ថាន​នេះ អាមេរិក​មាន​ក្បាល​នុយក្លេអ៊ែរ​សរុប​នៅ​ឆ្នាំ​២០២០​ចំនួន​៥៨០០​គ្រាប់ ក្នុងនោះ​១៧៥០​គ្រាប់ ត្រូវបាន​បំពាក់​លើ​នាវា ឬ​ពង្រាយ​នៅតាម​អង្គភាព​ប្រយុទ្ធ ខណៈ​៤០៥០​គ្រាប់​ទុក​ក្នុង​ឃ្លាំង ដោយ​ខ្លះ​ជា​គ្រាប់​បម្រុង ឯ​ខ្លះទៀត​ជា​គ្រាប់​ត្រៀម​បំផ្លាញចោល​។ រុស្ស៊ី​វិញ​មាន​ក្បាល​នុយក្លេអ៊ែរ​ចំនួន​៦៣៧៥ ដោយ​១៥៧០​គ្រាប់ ត្រូវបាន​ពង្រាយ​ក្នុង​លក្ខណៈ​ប្រយុទ្ធ និង​សេសសល់​ប៉ុន្មាន​ទៀត​រក្សាទុក​ក្នុង​ឃ្លាំង ឬ​ត្រៀម​រំសាយ​ដូច​អាមេរិក​ដែរ​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ចិន​មិនមាន​គ្រាប់​នុយក្លេអ៊ែរ​ពង្រាយ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ឡើយ ដោយ SIPRI បញ្ជាក់ថា ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​ចិន​មាន​សព្វថ្ងៃ​ចំនួន​៣២០ ស្ថិតក្នុង​ឃ្លាំង​ទាំងអស់ តែ​កំពុង​បង្កើន​ចំនួន​ក្បាល​គ្រាប់​បន្ថែមទៀត​។ តាមពិតទៅ ចិន​ធ្លាប់​ប្រកាស​ហើយ​ថា អាវុធ​នុយក្លេអ៊ែរ​រប​ស់​ខ្លួន​មិន​ប្រើប្រាស់​ដើម្បី​វាយប្រហារ​ប្រទេស​ណាមួយ​មុន​ឡើយ គឺ​ប្រើ​ក្នុង​គោលដៅ​ការពារ​ខ្លួន​ប៉ុណ្ណោះ​។​
 
​យ៉ាងណាមិញ ស្ថាប័ន​ស្រាវជ្រាវ​ខាងលើ​លើកឡើងថា ចិន​កំពុង​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ដើម្បី​ប្រើប្រាស់​នុយក្លេអ៊ែរ​ទាំងបី​ផ្លូវ​។ ពោល គឺ​ចិន​ពង្រឹងសមត្ថភាព​បាញ់​នុយក្លេអ៊ែរ​ពីលើ​ដី​ផង ដោយ​ផ្លូវអាកាស​មាន​យន្តហោះ​ដឹក​នុយក្លេអ៊ែរ​ផង និង​នាវា​បាញ់​មី​ស៊ី​ល​ពាំ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ផង​។ កន្លងទៅ ចិន​ក៏​បដិសេធ​ចូល​ចរចា​ជាមួយ​អាមេរិក និង​រុស្ស៊ី​លើ​ការកាត់បន្ថយ​ចំនួន​អាវុធ​នេះ​ផងដែរ​។​
 
​អាមេរិក និង​រុស្ស៊ី គ្រោង​ចាប់ផ្ដើម​ការចរចា​លើ​ការបន្ត​សុពលភាព​សន្ធិសញ្ញា​កាត់បន្ថយ​នុយក្លេអ៊ែរ​ថ្មី (New START) ដែល​ចប់​អាណត្តិ​នៅ​ខែកុម្ភៈ ឆ្នាំ​២០២១ ។ ប៉ុន្តែ​លោក Shannon Kile នាយក​ផ្នែក​ការកាត់បន្ថយ​អាវុធ​របស់ SIPRI លើក​ក្ដីបារម្ភ​ថា ការបាត់​ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី​អាច​នាំទៅរក​ការរត់​ប្រណាំង​ផ្នែក​សព្វាវុធ​ឡើងវិញ​៕ 
 

Tag:
 អាមេរិក​
  រុស្ស៊ី​
  SIPRI
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com